មើលរឿង «The Martian» ទើបដឹងថា ការទៅរស់នៅភពអង្គារ គឺវេទនារកលេខដាក់គ្មាន ប៉ុន្តែមូលហេតុនៅត្រង់នេះ…
(បរទេស)៖ ខ្សែភាពយន្តដ៏ល្បីគួរសមគឺ The Martian ឆ្នាំ២០១៥ ពិតជាបានបំពេញចិត្តអ្នកគាំទ្រវិស័យវិទ្យាសាស្ត្រ និងអវកាសមិនតិចនោះទេ ព្រោះមិនយូរឆ្នាំទៀតទេ រឿងនេះនឹងអាចក្លាយជាការពិតមួយ តាមរយៈការប្រឹងអភិវឌ្ឍបច្ចេកវិទ្យា ទៅតាមសម័យកាល និងការបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សអាចទៅរស់នៅលើភពអង្គារបាន ទោះបីជាវាត្រូវផ្សងព្រេងគ្រោះថ្នាក់ និងហាក់ក្លាយជាទុក្ខវេទនាក្នុងតំណាក់កាលដំបូងក្តី។

ជាការពិតអ្នកវិទ្យាសាស្ត្រមួយចំនួន ធ្លាប់បានលើកឡើងថា «មនុស្សមានគំនិតបញ្ញា និងសមត្ថភាពអាចគិតឃើញពីគំនិត ឬវិធីល្អៗ សម្រាប់ការស្រាវជ្រាវទីអវកាស និងស្វែងរករបកគំហើញថ្មីៗសម្រាប់អនាគតនៃការស្រាវជ្រាវ ទៅតំបន់កាន់តែឆ្ងាយៗ និងមានប្រយោជន៍ ប៉ុន្តែទោះបីជាគំនិតនោះ ត្រូវបានគូសវាស និងរៀបចំជាផែនទីការមកហើយក្តី បើសិនជាគ្មានហិរញ្ញវត្ថុគ្រប់គ្រាន់ ឬការអនុញ្ញាតពីមេធំទេនោះ អ្វីៗគឺត្រឹមតែជាការស្រមៃលើក្រដាសប៉ុណ្ណោះ»។

ជាក់ស្តែងរឿង «The Martian» ដែលបកប្រែថា «ប្រជាជននៃភពអង្គារ» បានបង្ហាញអំពីវិធី ធ្វើដំណើរ, ទំនាក់ទំនងរវាងផែនដី និងភពអង្គារ, ការធ្វើការងារជាក្រុម និងការព្យាយាមរស់នៅតែឯង ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់បំផុត, ការដាំដុះ និងការរក្សាធនធានដែលខ្សត់ខ្សោយ, ជាពិសេសគឺតម្លៃនៃរបបគំហើញ ដែលមនុស្សនៅលើភពអង្គារសម្រេចបាន នឹងធ្វើឲ្យប្រជាជននៅផែនដីស្វាគមន៍ ព្រមទាំងផ្តល់តម្លៃយ៉ាងខ្លាំង។

សរុបសេចក្តីមក គឺភាពយន្ត The Martian មានគុណតម្លៃ ចំពោះការព្យាយាមពង្រីកឥទ្ធិពលរបស់មនុស្ស ទៅលើតំបន់ផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ទៅតាមភាពប្រាកដនិយម និងការជឿជាក់ក្នុងចិត្តថា មនុស្សពិតជាមានលទ្ធភាព ធ្វើអ្វីៗបានធំធេង ដោយសារតែការចេះធ្វើការងាររួមគ្នា និងការជួយជ្រោមជ្រែងយ៉ាងអស់ពីចិត្ត ពីសំណាក់រដ្ឋាភិបាលរបស់ពួកគេ ព្រមទាំងប្រទេសជាដៃគូផងដែរ។

សូមទស្សនាសាច់រឿងទាំងមូល ដែលងាយៗយល់ប៉ុណ្ណោះ បើទោះបីជាលោកអ្នក មិនមានជំនាញខ្ពស់ខាងភាសាអង់គ្លេសក៏ដោយ ក៏អាចនឹងយល់ដឹងបានច្រើន តាមរយៈសកម្មភាពនានា ក្នុងខ្សែភាពយន្តនោះដែរ៕
