Breaking៖ រកឃើញភពថ្មី១ចម្ងាយ ៣១ឆ្នាំពន្លឺ និងមានទំហំប៉ុនផែនដី, វាទំនងជាអាចទ្រទ្រង់ជីវិត (មានវីដេអូ)

2,086

(បរទេស)៖ នៅក្នុងការសិក្សាថ្មីមួយដោយក្រុមតារាវិទូ ដែលមានសមាជិកសរុប ៥០នាក់ បានឈានទៅរកឃើញភព exoplanet ថ្មីមួយមានឈ្មោះថា Wolf 1069 b គោចរជុំវិញមួយដួងឈ្មោះ Wolf 1069 ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានចម្ងាយតែ ៣១ឆ្នាំពន្លឺពីភពផែនដីប៉ុណ្ណោះ ខណៈចម្ងាយកម្រិតនេះត្រូវបានចាត់ទុកថា កៀកនឹងប្រព័ន្ធព្រះអាទិត្យយើងបាន។ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

អ្វីដែលធ្វើឲ្យការរកឃើញភព Wolf 1069 b មួយនេះពិសេសបន្ថែមទៀតនោះ ព្រោះតែវាអាចជាភពថ្ម (rocky world) ដូចភពផែនដី និងមានម៉ាសស្មើនឹង ១.២៦ដង នៃម៉ាសផែនដី ខណៈមាឌរបស់វាវិញនោះ គឺធំជាងផែនដីតែ ១.០៨ដងប៉ុណ្ណោះ។ ដូច្នេះយើងអាចចាត់ទុកថា វាមានទំហំប៉ុនភពផែនដីយើងបាន។

រូបតំណាងនៃប្រព័ន្ធផ្កាយ Wolf 1069 (រូបភាពពីបរទេស)

សម្រាប់ចំណុចដែលកាន់តែពិសេស និងផ្តល់ក្តីសង្ឃឹមទៅដល់ការស្រាវជ្រាវ ភពថ្មីមួយនេះបន្តទៅមុខទៀត នោះគឺវាស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) ជុំវិញផ្កាយមេរបស់វា ដែលស្ថិតនៅក្នុងលំដាប់ជាតារាក្រហមទំហំតូច (red dwarf)។ ជាធម្មតាភពស្ថិតនៅក្នុងតំបន់នេះ អាចមានទឹកលើផ្ទៃស្រទាប់លើរបស់វា និងការកកើតបរិយាកាសផងដែរ ដែលសុទ្ធសឹងជាលទ្ធភាពដែលអាចទ្រទ្រង់ជីវិត។

ជុំវិញលទ្ធផលខាងលើនេះ លោកស្រី Diana Kossakowski អ្នកដឹកនាំក្រុមតារាវិទូមកពីវិទ្យាស្ថាន Max Planck ប្រទេសអាល្លឺម៉ង់បានលើកឡើងថា «នៅពេលយើងវិភាគទិន្នន័យរបស់ផ្កាយ Wolf 1069 យើងបានរកឃើញនូវសញ្ញាដ៏ច្បាស់លាស់នៃភពមួយ មានទំហំប្រហាក់ប្រហែលនឹងភពផែនដី គោរជុំវិញផ្កាយនោះ។ វាគោចរជុំវិញផ្កាយនោះមួយជុំប្រើពេល ១៥.៦ថ្ងៃ នៃពេលវេលាលើផែនដី និងមានគម្លាតយ៉ាងកៀកស្មើនឹង ១/១៥ នៃគម្លាតរវាងផែនដីយើង និងព្រះអាទិត្យ»។

Breaking៖ រកឃើញភពថ្មី១ចម្ងាយ ៣១ឆ្នាំពន្លឺ និងមានទំហំប៉ុនផែនដី ហើយទំនងជាអាចទ្រទ្រង់ជីវិត!
រូបតំណាងនៃភព Wolf 1069 b ដែលអាចទៅរួច (រូបភាពពី NASA)

ជាការប្រៀបធៀប ភពពុធ (Mercury) ស្ថិតនៅកៀកព្រះអាទិត្យយើងជាងគេ ប៉ុន្តែការគោចរគឺត្រូវប្រើប្រាស់ពេល ៨៨ថ្ងៃនៃពេលវេលាលើផែនដី ទើបបានមួយជុំព្រះអាទិត្យ ហើយសីតុណ្ហភាពលើផ្ទៃភពពុធគឺ ៤៣០អង្សាសេ ជាអតិបរមា។ តែយ៉ាងណា ស្ថានភាពបែបនេះមិនអាចយកមកវិភាគទៅលើភព Wolf 1069 b នោះឡើយ។ ទោះបីជា Wolf 1069 b គោចរជុំវិញផ្កាយមេវាមួយជុំតែ ១៥.៦ថ្ងៃ តែវាស្ថិតនៅក្នុងតំបន់ habitable zone ព្រោះផ្កាយ Wolf 1069 នោះ ជាប្រភេទផ្កាយក្រហមទំហំតូច ដែលមានពន្លឺស្រទន់ និងម៉ាសតូចជាងព្រះអាទិត្យយើង។

ហេតុដូច្នេះក្រុមតារាវិទូបានគណនាថា ភព Wolf 1069 b ទទួលបានពន្លឺតែ ៦៥% ប៉ុណ្ណោះពីផ្កាយមេរបស់វា បើធៀបនឹងកម្រិតពន្លឺដែលផែនដី ទទួលបានពីព្រះអាទិត្យ។ សីតុណ្ហភាពលើផ្ទៃភព Wolf 1069 b ក៏ត្រូវបានគេគណនាផងដែរថា អាចស្ថិតក្នុងរង្វង់ – ៩៥.១៥អង្សាសេ (ទាបបំផុត) ទៅ – ១២.៨៥អង្សាសេ (ខ្ពស់បំផុត) ហើយ – ៤០.១៤អង្សាសេ គឺជាកម្រិតមធ្យម។

ប្រភេទនៃតំបន់ Habitable Zone (រូបភាពពី NASA)

តែយ៉ាងណា លក្ខណៈពិសេសមួយទៀតរបស់ Wolf 1069 b នោះគឺវាជាភពស្ថិតនៅក្នុងគន្លងគោចរបិទ (locked orbit) ដោយផ្នែកម្ខាងបែរមុខទៅរកផ្កាយវារហូត និងម្ខាងទៀតងងឹតរហូត ហើយស្ថានភាពបែបនេះ តែងតែកើតឡើងលើភព habitable ភាគច្រើនបំផុត ដែលគោចរជុំវិញផ្កាយប្រភេទដូច Wolf 1069 នោះ។ ទោះជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រនៅតែជឿជាក់ថា ស្ថានភាពប្រភេទនេះក៏អាចទ្រទ្រង់ជីវិតបានដែរ

គួរបញ្ជាក់ថា ការរកឃើញភព Wolf 1069 b ទៅរួច គឺយើងត្រូវអរគុណទៅដល់ ឧបករណ៍ CARMENES (Calar Alto High-Resolution Search for M Dwarfs with Exoearths with Near-infrared and Optical Échelle Spectographs) ដែលស្ថិតនៅលើតេឡេស្កូបមួយមានមុខកាត់ ៣.៥ម៉ែត្រ នៅក្នុងមន្ទីរអង្កេតតារា Calar Alto នៃប្រទេសអេស្ប៉ាញ។ ដោយឡែកសម្រាប់ការអង្កេតរកមើលធាតុផ្សំ នៃបរិយាកាសរបស់ Wolf 1069 b នោះ មានតែពឹងលើតេឡេស្កូបអវកាស James Webb នៅថ្ងៃអនាគតប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner