ថ្ងៃទី១១ ខែកុម្ភៈ (ស្អែកនេះ) អង្គការ AHF នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ

199

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុត នៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះនឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «សុវត្ថិភាព គឺស៊ិចស៊ី»

ទិវានេះនឹងមានរៀបចំនៅតាមបណ្តាញសង្គម និងរៀបចំដោយផ្ទាល់នៅទីលានសម្តេចតេជោ ខេត្តព្រះសីហនុ ។ ការស្វែងរកការគាំទ្រសម្រាប់ស្រោមអនាម័យគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយសារតែរៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង ១លានករណី នៅទូទាំងសកលលោក ហើយគោលដៅក្នុងការបង្ការ ការឆ្លងមេរោគអេដស៍ នៅឆ្នាំ២០២១របស់ពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង ។

ប៉ុន្តែនៅតែខិតខំបង្វែរស្ថានការដ៏លំបាកនេះ ដើម្បីធានាថាមនុស្សទូទាំងពិភពលោកអាចទទួលបានស្រោមអនាម័យ គ្រប់ទីកន្លែងដែលពួកគេរស់នៅព្រោះស្រោមអនាម័យនៅតែជាមធ្យោបាយដែលប្រសើរបំផុត ក្នុងការការពារមេរោគអេដស៍ ជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

សម្រាប់ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ២០២៣ ស្អែកនេះ នៅវេលាម៉ោង ៣៖០០ រសៀលដល់ ម៉ោង៤៖០០ រសៀល ការដើរដង្ហែរក្បួន និងរាំតាមមាត់សមុទ្រ។ ម៉ោង ៤៖០០ រសៀល ដល់ម៉ោង ៦៖០០ល្ងាច ពិធីសំណេះសំណាលជាមួយអ្នកចូលរួមជាង ២០០នាក់។ ម៉ោង ៦៖០០ ល្ងាចដល់ម៉ោង ៩៖០០ល្ងាច ការប្រគុំតន្ត្រី និងការធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃ។

AHF នឹងរៀបចំកម្មវិធីផ្ទាល់ និងតាមបណ្តាញឌីជីថល ដើម្បីរំលឹកខួបកម្មវិធី «សុវត្ថិភាព គឺ សិចស៊ី» ក្នុងកម្មវិធី នៅទូទាំង៤៥ក្រុមការងារ នៅតាមបណ្តាប្រទេសផ្សេងៗ ដើម្បីបង្ហាញពីសារៈសំខាន់នៃស្រោមអនាម័យ និងជួយមនុស្សឱ្យចេះគ្រប់គ្រងសុខភាពរបស់ពួកគេ តាមរយៈការទទួលបានការអប់រំអំពីការរួមភេទដោយសុវត្ថិភាព ជាមួយការផ្តល់ស្រោមអនាម័យដែលមាន តម្លៃសមរម្យ ឬ ឥតគិតថ្លៃ៕

480×240 Banner