កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើថ្នាំជក់ ទាបជាងគេនៅអាស៊ាន

186

(ភ្នំពេញ)៖ តាមការសិក្សាមួយរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលបានចុះផ្សាយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញថាតំលៃបារីជាមធ្យមមិនមានការប្រែប្រួលទេក្នុងរយៈពេល៧ឆ្នាំ កន្លងមកនេះ ខណៈពេលដែលតំលៃទំនិញមួយចំនួនធំ បានឡើងថ្លៃជាលំដាប់ពីមួយឆ្នាំទៅ១ឆ្នាំ។ នេះបណ្តាលមកពីកម្ពុជាខកខានមិនបានដំឡើងពន្ធថ្នាំជក់រយៈពេល៧ឆ្នាំមកហើយ បើទោះបីកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ក៏ដោយ។ កត្តានេះ ធ្វើអោយកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានពន្ធលើថ្នាំជក់តិចជាងគេ នៅតំបន់អាស៊ាន។

អង្គការសុខភាពពិភពលោក តម្រូវឱ្យរដ្ឋជាភាគី ដំឡើងពន្ធថ្នាំជក់ ឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីឱ្យអត្រាពន្ធថ្នាំជក់ឡើងដល់៧៥% នៃតំលៃលក់រាយ។ ប៉ុន្តែកម្ពុជាមានអត្រាពន្ធលើថ្នាំជក់តែ២៥%នៃតំលៃលក់រាយចំពោះបារីផលិតផលក្នុងស្រុក និង៣១%ចំពោះបារីនាំចូល ខណៈបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ មានអត្រាពន្ធថ្នាំជក់ខ្ពស់រហូតដល់៧៥%ឬប្រហាក់ប្រហែល។

កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើថ្នាំជក់ ទាបជាងគេនៅអាស៊ាន

អង្គការសុខភាពពិភពលោកបញ្ជាក់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យរដ្ឋាភិបាលទទួលបានចំណូលពន្ធយ៉ាងច្រើន និងកាត់បន្ថយចំនួនអ្នកស្លាប់ ឈឺ និងពិការ ដោយសារថ្នាំជក់។ ស្របគ្នានេះ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានបង្ហាញលទ្ធផលនៃការវិភាគមួយដោយបញ្ជាក់ថា ដោយសារខកខានមិនបានដំឡើងពន្ធថ្នាំជក់ តាមផែនទីបង្ហាញផ្លូវរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៨ កម្ពុជាខាតបង់ចំណូលពន្ធប្រមាណ១៣០លានដុល្លាអាមេរិក ស្មើនឹង ០,៥%នៃGDPរបស់កម្ពុជានៅឆ្នាំ២០២០។

តាមការសិក្សាមួយទៀតរបស់សាកលវិទ្យាជាតិមានជ័យ ដែលបានចុះផ្សាយកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់របស់ដល់៩៤% ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធថ្នាំជក់ឱ្យបានខ្ពស់ដូចប្រទេសជិតខាងយើងដែរ ប៉ុន្តែឧស្សាហកម្មថ្នាំជក់ និងអ្នកពាក់ព័ន្ធនឹងផលប្រយោជន៍នៃជំនួញថ្នាំជក់ តែងតែរិះរកគ្រប់មធ្យោបាយដើម្បីរារាំងការដំឡើងពន្ធថ្នាំជក់ ដោយលើកជាមតិបំភាន់ខុសពីការពិតថា ការដំឡើងពន្ធថ្នាំជក់ នឹងនាំឱ្យរដ្ឋខាត់បង់ចំណូលពន្ធ ឬនាំឱ្យមានការគេចពន្ធបារីជាដើម បើតាមការបោះពុម្ភផ្សាយរបស់អង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការជក់បារីបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ១៥ ០០០នាក់ស្លាប់ ដោយសារជំងឺនាំមុខទាំង៥ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់៕

480×240 Banner