ផ្នែកតារាសាស្ត្រព្រមាន៖ «អាចម៍ផ្កាយ 2012 TC4 ទំហំមុខកាត់៣០ម៉ែត្រ អាចនឹងបុកផែនដីនៅឆ្នាំ២០៧៩»
(អាមេរិក)៖ អាចម៍ផ្កាយទំហំមុខកាត់ប៉ុនរថយន្តក្រុងមួយដុំ ទើបបានហោះឆាបភពរបស់យើង នាសប្តាហ៍នេះ ក៏ប៉ុន្តែកុំទាន់អាលអរពីព្រោះក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភថា ដុំថ្មអវកាសដដែលនេះ នឹងវិលត្រឡប់ថយក្រោយវិញ ហើយមកបុកចំផែនដីតែម្តង នៅក្នុងឆ្នាំ២០៧។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

អាចម៍ផ្កាយ 2012 TC4 ដែលត្រូវបានគេប្រមាណថា ប្រហែលជាមានមុខកាត់ចន្លោះពី ១៥ម៉ែត្រ ទៅ ៣០ម៉ែត្រនោះ បានធ្វើដំណើរមកនៅត្រឹមចម្ងាយ ៤៤,០០០គីឡូម៉ែត្រប៉ុណ្ណោះ ពីភពរបស់យើង កាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាចម្ងាយកៀកខ្លាំងមែនទែន។ បើតាមការប្រៀបធៀបវិញ ព្រះច័ន្ទគឺពុំដែលនៅជិតផែនដីជាង ៥៨៤,២០០គីឡូម៉ែត្រឡើយ ហើយផ្កាយរណបដែលកំពុងដំណើរការ ឆ្ងាយជាងគេបំផុតរបស់យើង គឺ Interstellar Boundary Explorer នោះកំពុងស្ថិតនៅចម្ងាយ ៦២,០០០គីឡូម៉ែត្រពីផែនដី។

ទាក់ទិននឹងគន្លងធ្វើដំណើររបស់អាចម៍ផ្កាយនេះ ក្រុមតារាវិទូបានអះអាងថា ការហោះកៀកបន្ទាប់របស់វានៅឆ្នាំ២០៥០ នឹងមិនអាចមកប៉ះផែនដីទេ តែនៅឆ្នាំ២០៧៩វិញ ប្រហែលជាអាចទៅរួច។ យ៉ាងណាមិញ វានៅតែមិនមែនជារឿង ដែលនឹងកើតឡើង ១០០ភាគរយឡើយ ដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានដាក់ប្រូបាបនៃការប៉ះទង្គិចគ្នាក្នុងចំនួន ០១ ភាគ ៧៥។

គួរបញ្ជាក់ថា នៅក្នុងករណីដែល 2012 TC4 ធ្លាក់មកចំផែនដីមែននោះ វាអាចនឹងមានឥទ្ធិពលស្រដៀងទៅនឹងអាចម៍ផ្កាយ Chelyabinsk ដែលបានផ្ទុះនៅលើប្រទេសរុស្ស៊ី ហើយបង្កការខូតខាតគិតជាទឹកប្រាក់ ៣៣លានដុល្លារ និងបណ្តាលឲ្យមនុស្ស ១,៥០០នាក់របួស ប៉ុន្តែមិនបានផ្តាច់ជីវិតនរណាម្នាក់ឡើយ ដោយសម្អាងថា អាចម៍ផ្កាយទាំងពីរនេះ មានមុខកាត់ប្រហាក់ប្រហែលគ្នា។

ដូច្នេះមានន័យថា វានឹងមិនមែនជាចុងបញ្ចប់សម្រាប់ផែនដី ក៏ដូចជាមនុស្សលោកយើងឡើយ។ យ៉ាងណាមិញ ប្រសិនបើវាវាយប្រហារចំលើតំបន់មនុស្សម្នាច្រើនវិញនោះ វាអាចបង្កការរំខានក៏ដូចជាបំផ្លិចបំផ្លាញគួរសម៕
