យុវជនស្នើសុំឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែម លើការលុបបំបាត់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី
(ភ្នំពេញ)៖ ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះប្រសិនបើកុមារ និងយុវជនលង់ខ្លួនប្រើប្រាស់ផលិតផលទាំងនេះ នោះពួកគេនឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សា និងអនាគត។ រីឯ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមក៏ធ្លាក់ចុះផងដែរ។ នេះជាការលើកឡើងរបស់បេក្ខជន ចូលរួមប្រកួតវោហារស័ព្ទ ប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម។
បេក្ខជនដែលចូលរួមប្រកួតក៏បានលើកឡើងផងដែរ អំពីករណីសិក្សាជាក់ស្ដែងនៃគ្រោះថ្នាក់ ផលវិបាកដែលជនរងគ្រោះបានទទួលដោយសារការលង់ខ្លួនប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។ ទន្ទឹមគ្នានេះ បេក្ខជនក៏បានលើកឡើងពីបញ្ហាប្រឈមដែលមិនធ្វើឱ្យកម្ពុជាមិនទាន់អាចលុបបំបាត់បារីអេឡិចត្រូនិកបានទាំងស្រុងដូចជា ការគ្រប់គ្រងការលក់ និងផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមនៅមានកម្រិត និងការបន្តឱ្យមានការហូរចូលនូវផលិតផលខុសច្បាប់ទាំងនេះ ក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយ។
ក្នុងន័យចូលរួមដោះស្រាយលើបញ្ហានេះបេក្ខជនបានធ្វើការស្នើសុំឱ្យមានការពង្រឹងអំណាចលិខិតគតិយុត្តដែលមានស្រាប់ដូចជាការដាក់ឱ្យមានទោសទណ្ឌជាដើម ចាត់វិធានលុបបំបាត់ការលើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកលើបណ្ដាញទំនាក់ទំនងសង្គម បន្តអនុវត្តការងារចុះបង្ក្រាបការប្រើប្រាស់និងចែកចាយ និងបិទមិនឱ្យមានបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ចូលក្នុងផ្ទៃប្រទេស និងស្នើសុំឱ្យមានការអប់រំផ្សព្វផ្សាយអំពីលិខិតគតិយុត្ត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ឱ្យបានកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ និងយុវជន។
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថាបារីអេឡិចត្រូនិកផ្ទុកសាធាតុបង្ករគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កអោយមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំអោយមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះ អោយឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំអោយអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត៕