កម្ពុជានឹងមិនឱ្យមានថ្នាំជក់ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការពិធីបើកនិងបិទនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានឱ្យដឹងថា កម្ពុជានឹងអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់យ៉ាងតឹងរ៉ឹងបំផុត ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
កម្ពុជានិងហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់ ឧបត្ថម្ភ ចែកចាយ ផ្សព្វផ្សាយផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហោ សារុន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«កីឡាគ្មានថ្នាំជក់» នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះនៅទីស្តីការក្រសួងទេសចរណ៍
។
ពិធីនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំគ ង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត យ៉ិល ដារាវុធ តំណាងអង្គការសុខភាពពិភព រួមទាំងមានអ្នកសារព័ត៌មានជាច្រើនរូបទៀត។
លោក ហោ សារុន បានបន្ថែមទៀតថា ក្រសួងទេសចរណ៍ ក៏បានរៀបចំការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការត្រៀមបដា និងមានក្រុមយុវជនស្ម័គ្រចិត្តជួយអប់រំផ្សព្វផ្សាយពីបញ្ហានេះ ទាំងមុន និងក្នុងព្រឹត្តិការកីឡានេះចាប់ផ្តើម ហើយបើក្រុមហ៊ុន ឬបុគ្គលណាមិនអនុវត្តបំរាមនេះ ក្រុមការងារនឹងធ្វើការអប់រំនឹងអនុវត្តន៍វិធានរដ្ឋបាលយ៉ាងតឹងរឹង។ លោកអះអាងដែរថា បើសិនជាកម្ពុជាអនុវត្តន៍ផែនការនេះបាន គឺពិតជាល្អប្រសើរ ព្រមទាំងបានលើកមុខមាត់ប្រទេសជាតិក្នុងឆាកអន្តរជាតិ ព្រោះនេះជាព្រឹត្តិការណ៍សំខាន់។
លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងដែរថា បើកីឡាគ្មានថ្នាំជក់ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្ដង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យផងដែរ។
លោក ហោ សារុន បានឱ្យដឹងទៀតថា ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវគោលការណ៍ជាច្រើន ក្នុងហាមឃាត់ការប្រើប្រាស់ ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ដោយ មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប)៕