តើត្រូវធ្វើដូចម្តេច? យានអវកាស Dawn មិនទម្លាក់ខ្លួនលើភពតូច Ceres ឡើយ ពេលបញ្ចប់បេសកកម្ម នាពេលខាងមុខ…
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា ខ្លួនបានសម្រេចបន្ថែមរយៈពេលប្រតិបត្តិការជាលើកទី ០២ ឲ្យយានបេសកកម្ម Dawn ដែលកំពុងសិក្សាលើ Ceres ជាវត្ថុដ៏ធំជាងគេបង្អស់ ក្នុងខ្សែក្រវាត់អាចម៍ផ្កាយ នៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

បច្ចុប្បន្នក្រុមការងារនៃបេសកកម្ម Dawn កំពុងធ្វើការរៀបចំកែសម្រួលគម្រោងរបស់ខ្លួន សម្រាប់ដំណាក់កាលបន្ទាប់ និងចុងក្រោយនេះ។ ដោយសារតែ អ្នកវិទ្យាសាស្រ្តបានប្តេជ្ញាការពារ Ceres ដែលជាភពមិនពេញលក្ខណៈ (Dawrf Planet) ពីការបំពុលដោយពពួកមីក្រុបមកពីផែនដី យានអវកាស Dawn នឹងមិនចុះចត ឬមួយក៏ទម្លាក់ខ្លួនទៅបុកនឹង Ceres ឡើយដោយផ្ទុយទៅវិញ វានឹងបន្តស្ថិតនៅក្នុងគន្លងថេរមួយជារៀងរហូត បន្ទាប់ពីប្រេងរបស់វា ត្រូវបានប្រើប្រាស់អស់។

យានអវកាស Dawn ត្រូវគេរំពឹងថា នឹងបន្តប្រតិបត្តិការរហូតដល់ឆមាសទី០២ នៃឆ្នាំ២០១៨ ខណៈចាប់តាំងតែពីត្រូវបានគេបាញ់បង្ហោះ កាលពី១០ឆ្នាំមុនមក យានអវកាសរបស់ NASA មួយនេះ បានធ្វើដំណើរក្រឡឹងជុំវិញវត្ថុអវកាសធំៗមហិមាចំនួនពីរ នៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយចន្លោះ Mars និង Jupiter គឺអាចម៍ផ្កាយយក្ស Vesta និងភពមិនពេញលក្ខណៈ Ceres នេះឯង។

គួរបញ្ជាក់ថា Ceres ដែលមានមុខកាត់ជាមធ្យមប្រវែង ៩៥០គីឡូម៉ែត្រ គឺជាវត្ថុដ៏ធំបំផុត នៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយចន្លោះ Mars និង Jupiter ហើយ Vesta គឺជាវត្ថុដ៏ធំទី០២ នៅទីនោះ ជាមួយនិងមុខកាត់ប្រវែង ៥២៥គីឡូម៉ែត្រ។ Ceres បានក្លាយជាចំណីអារម្មណ៍ដ៏ចម្បងមួយ របស់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្រ្ត ដោយសារតែពួកគេជឿជាក់ថា ភពមិនពេញលក្ខណៈមួយនេះ ប្រហែលជាឃ្លាំងស្តុកទឹកដ៏ធំមួយ នៅតំបន់ផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យក្រៅពីផែនដី។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត មិនទាន់ដឹងច្បាស់នៅឡើយទេថា តើទឹកក្នុងកម្រិតប៉ុន្មាននៅលើ Ceres ដែលអាចជាទឹករាវ៕
