សម្ពោធដាក់ឱ្យប្រើប្រាស់ គ្លីនិកផ្តល់សេវាពិនិត្យព្យាបាលអ្នកជំងឺអេដស៍, មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំ «៣ចំណុច» សំដៅពង្រឹងការផ្តល់សេវា

276

(ភ្នំពេញ)៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត (NCHADS-AHF Clinic 3) ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសុខាភិបាល និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ទុកសម្រាប់ឆ្លើយតបទៅនឹងការបន្តផ្តល់សេវាពិនិត្យព្យាបាលអ្នកជំងឺអេដស៍ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំបន្ថែម ៣ចំណុច សំដៅធ្វើយ៉ាងណាឱ្យគ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្តនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានទំនុកចិត្តពីអ្នកជំងឺ។

ពិធីនេះបានធ្វើឡើងដោយមានកាចូលរួមពីលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ, លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធានការិយាល័យអង្គការ អេ អេក អេស(AHF) ប្រចាំតំបន់អាស៊ី និងមានលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ (UNAIDS, WHO, US-CDC, USAID, FHI360, CRS, HACC, AUA, CPN+ ជាច្រើនរូបទៀត)។

លើកឡើងនាឱកាសតំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសនោះលោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី បានដាក់ចេញនូវការណែនាំ ៣ចំណុចដូចជា៖

ទី១៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ៖ បន្តគាំទ្រផ្តល់ជំនួយបច្ចេកទេសដល់ គ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត (NCHADS-AHF Clinic 3) សម្រាប់ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា ព្រមទាំងវិធីសាស្ត្រនានាក្នុងការផ្តល់សេវាកម្មឱ្យកាន់តែប្រសើរឡើង។

ទី២៖ គ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត (NCHADS-AHF Clinic 3)៖ ពង្រឹងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ជាទីទំនុកចិត្តរបស់អ្នកជំងឹ និងប្រជាជនគោលដៅ។

ទី៣៖ អង្គការដៃគូដែលកំពុងអនុវត្តសកម្មភាព និងម្ចាស់ជំនួយ បន្តការគាំទ្រ និងកិច្ចសហការ ដើម្បីឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅបានដោយរលូន និងចាត់ចែងកិច្ចការអនុវត្ត ស្របតាមនិយាមបែបបទ និងវិធីសាស្ត្រនានា ដែលបានអនុម័ត និងបន្តការគាំទ្រនិងអនុវត្តសកម្មភាពបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ដោយសហការយ៉ាងជិតស្និទ្ធិជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដើម្បីបង្កើនការរុករកករណីថ្មី បង្កើនការលេបថ្នាំឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ព្រមទាំងបន្តស្ថិតនៅក្នុងសេវាមួយជីវិត ឈានទៅសម្រេចគោលដៅ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥។

បន្ថែមពីនេះលោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី ក៏បានកោតសរសើរដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី អង្គការ AHF ដែលបាននិងកំពុងផ្តល់ការគាំទ្រទាំងផ្នែកគោលនយោបាយ ថវិកា និងបច្ចេកទេសក្នុងការបង្កើត រៀបចំឱ្យកើតចេញនូវគ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត(NCHADS-AHF Clinic 3) សម្រាប់ផ្តល់ការបង្ការ ថែទាំ និងព្យាបាលបន្ត ដែលឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រសម្រាប់ការបង្ការ ថែទាំនិងព្យាបាលជំងឺអេដស៍ ក្នុងវិស័យសុខាភិបាលឆ្នាំ ២០២១-២០២៥។

លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី បានឱ្យដឹងដែរថា ការរួមសហការគ្នាយ៉ាងជិតស្និតក្នុងការស្វែងរកករណីថ្មីនៃមេរោគអេដស៍ ផ្សាភ្ជាប់ជាមួយការផ្តល់សេវាថែទាំ និងព្យាបាល និងគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យស្ថិតក្នុងសេវាជាប់រហូតដល់ពេលទទួលលទ្ធផលតេស្តបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្រ្កាប (Viral Load Suppressed)។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងដែរថា ប្រទេសកម្ពុជាទទួលបាននូវជោគជ័យក្នុងការរុករកករណីនៃអ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅទូទាំងប្រទេស ប្រកបដោយជោគជ័យ។ ការសម្រេចបាននូវសមិទ្ធផលនៃទិសដៅនៃអង្គការ UNAIDS ៩០-៩០-៩០ ក្នុងការធ្វើតេស្តឈាមរកមេរោគអេដស៍ ការទទួលបានសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងក្នុងចំណោមអ្នកជំងឺដែលទទួលការព្យាបាល មានលទ្ធផលបង្ក្រាបមេរោគអេដស៍ បាននាំឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំពីរដែលបានសម្រេចគោលដៅនេះ មុនឆ្នាំ២០២០។

សូមបញ្ជាក់ដែរថា គ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត(NCHADS-AHF Clinic 3) គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសុខាភិបាល នាដើមឆ្នាំ២០២៣នេះ ការបង្កើតទីតាំងផ្តល់សេវាសុខាភិបាលនេះគឺជាទីតាំងដ៏សាកសមសម្រាប់សហគមន៍ ក្រុមប្រជាជនគោលដៅ និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់សេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព សក្ត័សិទ្ធិភាព និរន្តភាព ដើម្បីកាត់បន្ថយពេលវេលា ថវិកាលើមធ្យោបាយធ្វើដំណើរ ជាពិសេសគឺការកាត់បន្ថយអត្រាបោះបង់សេវារបស់អ្នកជំងឺដោយសារកតា្តប្រឈមទាំងអស់នេះផងដែរ៕

480×240 Banner