រូបភាពថ្មីពី James Webb! ពន្លឺរបស់កាឡាក់ស៊ីនេះ ភ្លឺខ្លាំងជាងព្រះអាទិត្យយើង «១ទ្រីលានដង»
(បរទេស)៖ ការប៉ះទង្គិចគ្នា (Collision) រវាងកាឡាក់ស៊ីរាងគូទខ្យង (spiral galaxy) ចំនួនពីរបានចាប់ផ្ដើមកាលពី ៧០០ លានឆ្នាំមុន ហើយវាបានជំរុញឱ្យមានតំបន់កកើតផ្កាយថ្មីៗ លេចឡើងយ៉ាងកម្រោល។ កញ្ចុំផ្កាយ (star cluster) ធំៗប្រហែល ២០០កញ្ចុំ ត្រូវបានក្រុមតារាវិទូប្រទះឃើញ ស្ថិតនៅជាបណ្តុំតែ ១ ជាមួយនឹងអង្កត់ផ្ចិតប្រមាណ ៥,០០០ឆ្នាំពន្លឺឯណោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
កាឡាក់ស៊ីទាំង ២ ដែលបានរួបរួមគ្នាខាងលើនេះ ត្រូវបានដាក់ឈ្មោះរួមថា «Arp 220» ស្ថិតនៅចម្ងាយ ២៥០លានឆ្នាំពន្លឺពីផែនដី ហើយវាពិតជាបញ្ចេញពន្លឺខ្លាំងបំផុត នៅក្នុងរូបភាពបែបពន្លឺក្រហមអាំងហ្វ្រា ថតយកដោយឧបករណ៍នៅលើខ្លួន James Webb។ បើតាមការប្រៀបធៀបកម្រិតនៃពន្លឺវិញ Arp 220 នោះភ្លឺខ្លាំងជាងព្រះអាទិត្យយើងមួយទ្រីលានដង ខណៈកាឡាក់ស៊ី Milky Way មានពន្លឺភ្លឺខ្លាំងជាងព្រះអាទិត្យប្រមាណតែ ១០ពាន់លានដងប៉ុណ្ណោះ។
គួរបញ្ជាក់ថា James Webb បានផ្តិតរូបភាព Arp 220 ដោយប្រើប្រាស់ឧបករណ៍ NIRCam និង MIRI រួមបញ្ចូលគ្នា ទើបរកឃើញទិន្នន័យបន្ថែម នៃតំបន់កកើតផ្កាយថ្មីៗក្នុងរង្វង់ ៥,០០០ឆ្នាំពន្លឺដូចខាងលើ។ ដោយឡែកនៅក្នុងទិន្នន័យរបស់តេឡេស្កូបរលកវិទ្យុមួយ គេបានរកឃើញសំណល់ពីស៊ូពើណូវ៉ា (Supernova Remnant) ចំនួន ១០០ នៅក្នុងតំបន់មួយដែលមានវិសាលភាពជាង ៥០០ឆ្នាំពន្លឺរបស់ Arp 220។ ដោយឡែកតេឡេស្កូបអវកាស Hubble វិញបានរកឃើញថា ស្នូលនៃកាឡាក់ស៊ីទាំង ២ នោះមានគម្លាតតែ ១,២០០ឆ្នាំពន្លឺពីគ្នាប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣)