BREAKING៖ រកឃើញភពចំនួន «២» គោចរជុំវិញផ្កាយក្បែរប្រព័ន្ធយើង ហើយស្ថិតក្នុង Habitable Zone ទៀត! (មានវីដេអូ)
(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិបានរកឃើញភពថ្មីៗចំនួន ២ ដែលសុទ្ធសឹងតែជាប្រភេទ super-Earth ឬយើងតែងស្គាល់ថា «ផែនដីយក្ស» (ជាជំពូកភពមានទំហំធំជាងផែនដី តែតូចជាងភពណិបទូន) ដោយពួកវាគោចរជុំវិញតារាមួយដួង ស្ថិតនៅក្បែរប្រព័ន្ធព្រះអាទិត្យយើងដែរ ហើយក៏សុទ្ធតែស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ថែមទៀត។

ភព exoplanet ថ្មីៗទាំង ២ នេះត្រូវបានរកឃើញដោយ តេឡេស្កូបអវកាស TESS របស់អង្គការ NASA ដោយពួកវាគោចរជុំវិញផ្កាយមួយដួងឈ្មោះ TOI-2095 ស្ថិតនៅចម្ងាយ ១៣៧ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈចម្ងាយកម្រិតនេះអាចត្រូវបានចាត់ទុកថា កៀកនឹងប្រព័ន្ធព្រះអាទិត្យយើងបាន ដោយយោងទៅលើភាពធំធេងឥតគណនានៃចក្រវាលមួយនេះ។

តេឡេស្កូបអវកាស TESS ថែមទាំងបានអង្កេតដឹងអំពី បុគ្គលិកលក្ខណៈមួយចំនួនរបស់ភពទាំង ២ ដែលមួយមានឈ្មោះ TOI-2095 b និងមួយទៀតឈ្មោះ TOI-2095 c នោះផងដែរ។ សម្រាប់ផ្កាយ TOI-2095 វិញ គឺស្ថិតក្នុងជំពូកតារាក្រហមទំហំតូច (Red Dwarf) ជាប្រភេទផ្កាយសំបូរជាងគេបំផុត នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ។
ទោះបីជា Red Dwarf សំបូរពិតមែន តែក៏ត្រូវបានចាត់ទុកថា ជាផ្កាយកញ្ជ្រោលខ្លាំង ដែលឧស្សាហ៍ជះចេញនូវអណ្តាតភ្លើង (flare) ពីផ្ទៃរបស់ពួកវាផងដែរ។ ប្រការនេះហើយបាននាំឲ្យក្រុមតារាវិទូ គិតគូរសាជាថ្មីឡើងវិញ អំពីលទ្ធភាពទ្រទ្រង់ជីវិត នៃបណ្តាភព exoplanet ដែលស្ថិតក្នុង Habitable Zone នៃពពួកផ្កាយទាំងនោះ ព្រោះការជះចេញនូវ flare ដែលខ្លាំងជាងព្រះអាទិត្យ និងរលកវិទ្យុសកម្មដ៏សាហាវទាំងនោះ ពិតជាសត្រូវធំបំផុតសម្រាប់ជីវិតលើភពមួយ ឬសូម្បីតែលទ្ធភាពអាចទ្រទ្រង់បរិយាកាសនៃភពនោះ។

សម្រាប់ភពទី ១ គឺ TOI-2095 b មានគម្លាតពីផ្កាយមេវាស្មើនឹង ១/១០ នៃគម្លាតរវាងផែនដី និងព្រះអាទិត្យ (១៥០លានគីឡូម៉ែត្រ/១០ = ១៥លានគីឡូម៉ែត្រ) ជាមួយនិងសីតុណ្ហភាពជាមធ្យមលើផ្ទៃរបស់វាគឺ ៧៣អង្សាសេ ខណៈម៉ាស់របស់វាវិញ គឺស្មើនឹង ៤.១ដងនៃម៉ាស់ផែនដី ហើយទំហំរបស់វាក៏ធំជាងផែនដី ១.៣៩ដងផងដែរ និងត្រូវការពេលតែ ១៧.៧ថ្ងៃ នៃពេលវេលាលើផែនដីយើងប៉ុណ្ណោះ ដើម្បីគោចរជុំវិញផ្កាយមេវា១ជុំ (ស្មើនឹង ១ឆ្នាំរបស់ភព TOI-2095 b នោះ)។
សម្រាប់ភពទី ២ ឈ្មោះ TOI-2095 c នោះមានគន្លងគោចររាងឆ្ងាយជាងភពទី ១ បន្តិច ដោយប្រើប្រាស់ពេល ២៨.២ថ្ងៃ នៃពេលវេលាលើផែនដី ដើម្បីគោចរជុំវិញផ្កាយមេវាមួយជុំ ខណៈទំហំរបស់វាវិញគឺស្មើនឹង ១.៣៣ដង នៃទំហំផែនដី ជាមួយនឹងម៉ាស់ ៧.៥ដង នៃម៉ាស់ភពផែនដីយើង។ សីតុណ្ហភាពលើផ្ទៃភព TOI-2095 c គឺស្ថិតនៅចន្លោះពី ២៤ – ៧៤ អង្សាសេ ដែលអាចត្រូវបានចាត់ទុកថា ប្រហាក់ប្រហែលនឹងផែនដីយើងដែរ ឬក្តៅជាងតែបន្តិចប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់លទ្ធភាពដែលភពទាំង ២ ខាងលើនេះ អាចទ្រទ្រង់ជីវិតដល់កម្រិតណា ឬមួយក៏ផ្កាយមេរបស់វា មានលក្ខណៈកញ្ជ្រោលខ្លាំងដែរឬមួយក៏អត់នោះ នៅតែកំពុងស្ថិតនៅក្នុងការសិក្សាដោយក្រុមតារាវិទូអន្តរជាតិនៅឡើយ។ ក្រៅពីភពផ្លូវការចំនួនខ្ទង់ ៥,៣០០ភព ដែលត្រូវបានរកឃើញ និងកត់ចូលក្នុងបញ្ជី បេក្ខភាពភពចំនួនជាង ៦,៤០០ភពទៀត កំពុងស្ថិតក្នុងការបញ្ជាក់វត្តមានជាផ្លូវការ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣)
