Great! ក្រុមតារាវិទូរកឃើញព្រះចន្ទថ្មីៗ «៦២» ជុំវិញភពសៅរ៍ (Saturn)! ភពនេះគ្រងលេខ១ជាថ្មី (មានវីដេអូ)
(បរទេស)៖ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមតារាវិទូបានប្រកាសពីការរកឃើញ ព្រះចន្ទថ្មីៗចំនួន ១២ បន្ថែមទៀតនៅជុំវិញភពព្រហស្បតិ៍ (Jupiter) (ចំនួនសរុបកើនដល់ ៩២) ហើយក៏នាំឲ្យភពឧស្ម័នយក្សលេខ ១ ប្រចាំក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះដណ្តើមលេខ ១ យកពីភពសៅរ៍ (Saturn) ក្នុងនាមជាភពមានព្រះចន្ទ (Moon) ច្រើនជាងគេបំផុតផងដែរ។
ប៉ុន្តែឈានចូលមកដល់ខែឧសភា ឆ្នាំដដែលនេះ ក្រុមតារាវិទូបានប្រកាសអំពីការរកឃើញ ព្រះចន្ទថ្មីៗរហូតដល់ទៅចំនួន ៦២ ទៀតឯណោះនៅជុំវិញភពសៅរ៍ ដែលជាភពមានទំហំធំជាងគេបំផុតលំដាប់លេខ ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ បូកសរុបចំនួនព្រះចន្ទដែលមានស្រាប់ចំនួន ៨៣ ដែលត្រូវបានទទួលស្គាល់ដោយ សហភាពតារាសាស្ត្រអន្តរជាតិ IAU នោះ បាននាំឲ្យចំនួនព្រះចន្ទសរុបជុំវិញភពសៅរ៍នេះ កើនឡើងរហូតដល់ទៅ ១៤៥។

មិនត្រឹមតែជាប់លេខ ១ ក្នុងនាមជាភពមានព្រះចន្ទច្រើនជាងគេប៉ុណ្ណោះទេ តែភពសៅរ៍ក៏បានក្លាយជាវត្ថុអវកាសដំបូងគេ នៅក្នុងទីអវកាសដែលយើងអាចអង្កេតឃើញ ដែលមានព្រះចន្ទសរុបលើសពី ១០០ គោចរជុំវិញខ្លួនវាផងដែរ។ សម្រាប់ព្រះចន្ទថ្មីៗ និងតូចៗខាងលើនេះ គឺត្រូវបានរកឃើញនៅក្នុងបន្ទះខ្សែក្រវាត់ (Rings) ដ៏ស្រស់សោភា ដែលនៅព័ទ្ធជុំវិញភពសៅរ៍ជាច្រើនស្រទាប់នោះ។

លទ្ធផលនៃការអង្កេត និងសិក្សាថ្មីខាងលើនេះ ត្រូវបានដឹកនាំដោយបណ្ឌិត Edward Ashton មកពីវិទ្យាស្ថានតារាសាស្ត្រ និងរូបសាស្ត្រ Sinica ដើម្បីស្វែងរកព្រះចន្ទតូចៗ ដែលពិបាកអង្កេតបំផុត គោចរនៅជាមួយបណ្តុំ Rings ជុំវិញភពសៅរ៍។ បេសកកម្មសិក្សានេះត្រូវបានគេហៅថា «shift and stack» ដែលជាការប្រឹងវែករកមើលវត្តមានព្រះចន្ទទាំងនោះ បើទោះបីជាពួកវាបញ្ចេញពន្លឺស្រអាប់ខ្លាំង ដែលពិបាកក្នុងការអង្កេតក៏ដោយ។

គួរបញ្ជាក់ថា ការសិក្សារកឃើញនេះ គឺមានជំនួយពីទិន្នន័យដែលត្រូវបានប្រមូលទុក កាលពីអំលុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ តាមរយៈតេឡេស្កូបបារាំង និងកាណាដានៅលើកោះ Hawaii សហរដ្ឋអាមេរិក ហៅកាត់ថា CFHT (Canada-France-Hawaii Telescope)។ តេឡេស្កូប CFHT បានអនុញ្ញាតឲ្យក្រុមតារាវិទូរកឃើញព្រះចន្ទតូចៗ និងថ្មីៗជុំវិញភពសៅរ៍ ដែលមានមុខកាត់ប្រមាណពី ១.៦ – ២.៤ គីឡូម៉ែត្រប៉ុណ្ណោះ។

ទោះបីជាត្រូវបានហៅថា «ព្រះចន្ទ» តែរូបរាងរបស់ពួកវាទាំងនោះ ប្រៀបដីដូចជាដុំអាចម៍ផ្កាយប៉ុណ្ណោះ។ សម្រាប់ព្រះចន្ទធំៗ និងល្បីៗរបស់ភពសៅរ៍ មានតែមួយចំនួនតូចប៉ុណ្ណោះ ក្នុងនោះធំជាងគេមានឈ្មោះថា ទីតាន (Titan) មានអង្កត់ផ្ចិត ៥,១៤៩.៥គីឡូម៉ែត្រ, រាហ៍ (Rhea) ១,៥២៧.៦គីឡូម៉ែត្រ, ឡាផេធឹស (Lapetus) ១,៤៦៩គីឡូម៉ែត្រ, ឌីយ៉ន (Dione) ១,១២២.៨ គីឡូម៉ែត្រ និង អ៊ែនសេឡាដឹស (Enceladus) ៥០៤.២គីឡូម៉ែត្រ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣)
