BREAKING៖ អង្គការ NASA ប្រទះឃើញ «ការឲ្យសញ្ញាដំបូង» នៃបាតុភូតរលកកម្តៅ «El Niño» នៅលើមហាសមុទ្រប៉ាស៊ីហ្វិក! (មានវីដេអូ)
(បរទេស)៖ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយការចេញសារព្រមាន ពីសំណាក់ក្រុមជំនាញនៃ អង្គការឧតុនិយមពិភពលោក (WMO) អំពីឱកាសនៃការកើតមានបាតុភូតរលកកម្តៅដ៏អាក្រក់ អ៊ែល នីញ៉ូ (El Niño) នៅក្នុងឆ្នាំ ២០២៣ នេះ និងផលអាក្រក់ដែលនឹងជះនៅឆ្នាំ ២០២៤ ប្រសិនបើវាកើតឡើងដូចការព្រួយបារម្ភនោះ អង្គការ NASA នៃសហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍របស់ខ្លួន អំពីការប្រទះឃើញ «សញ្ញាដំបូង» នៃឱកាសដែលអាចកើតមានបាតុភូតនេះ នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific)។
ផ្កាយរណបអាម៉េរិក-អឺរ៉ុប Sentinel-6 Michael Freilich បានអង្កេតឃើញបណ្តុំនៃរលកទឹកក្តៅ (warm water) ដែលគេដាក់ឈ្មោះសម្គាល់ថា បណ្តុំរលក កែលវិន (Kelvin Waves) ចល័តឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ទៅរកតំបន់ភាគខាងកើត ដែលជាប់នឹងទ្វីបអាមេរិកខាងត្បូង (South America)។ ប្រសិនបើរលកនៃកម្តៅទាំងនោះ ប្រមូលផ្តុំគ្នាកាន់តែច្រើន ហើយក្លាយជាបាតុភូត El Niño ដ៏ធំមួយនោះ យើងនឹងមើលឃើញភពផែនដីនេះ បង្កើតកំណត់ត្រាថ្មីមួយទៀត នៃសីតុណ្ហភាពអាកាសធាតុដ៏ក្តៅបំផុតជាក់ជាមិនខាន។

ការប្រទះឃើញរបស់អង្គការ NASA ខាងលើនេះ បានកើតមានឡើងនៅក្នុងការអង្កេត ដោយប្រព័ន្ធផ្កាយរណបនៅចន្លោះខែមីនា និងមេសា ឆ្នាំ២០២៣ នេះ។ ផ្កាយរណប Sentinel-6 Michael Freilich ដែលមានតួនាទីអង្កេតនៅនីវ៉ូទឹកសមុទ្រ បានបង្ហាញនូវបណ្តុំរលក Kelvin ឆ្លងកាន់ផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយរលកទាំងនោះមានកម្ពស់តែ ៥ ទៅ ១០សង់ទីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែវាមានវិសាលភាពលើផ្ទៃទឹក រហូតដល់ទៅខ្ទង់រាប់រយគីឡូម៉ែត្រឯណោះ។
យោងតាមក្រុមជំនាញផ្នែកអាកាសធាតុរបស់ NASA បណ្តុំរលកខាងលើនេះ គឺជា «ការឲ្យសញ្ញាដំបូង (Precursor)» នៃឱកាសដែលអាចលើមានបាតុភូត El Niño នៅពេលដែលពួកវាកកើតឡើងនៅតំបន់ខ្សែអេក្វាទ័រផែនដី ហើយផ្ទៃស្រទាប់លើនៃទឹកសមុទ្រដែលក្តៅ ត្រូវបំលាស់ទៅកាន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក។

ជុំវិញព្រឹត្តិការណ៍ខាងលើនេះ លោក Josh Willis អ្នកវិទ្យាសាស្ត្រតាមដានទិន្នន័យពី ផ្កាយរណប Sentinel-6 Michael Freilich នៃមន្ទីរពិសោធន៍យាន (JPL) របស់អង្គការ NASA បានអះអាងថា «យើងនឹងបន្តសម្លឹងមើល El Niño នេះ (តាមរយៈផ្កាយរណប) ឲ្យដូចជាសត្វស្ទាំងមួយក្បាល… ប្រសិនបើវាក្លាយជាព្រឹត្តិការណ៍ (El Niño) ដ៏ធំមួយនោះ ពិភពលោកនេះនឹងមើលឃើញកំណត់ត្រាថ្មី នៃការកើនឡើងកម្តៅមិនខាន»។

គួរបញ្ជាក់តាម អង្គការឧតុនិយមពិភពលោក (WMO ឬ World Meteorological Organization) ដែលចំណុះឲ្យអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីដើមខែឧសភា ឆ្នាំ២០២៣ នេះថា ពួកគេបានប៉ាន់ប្រមាណឃើញមានឱកាសរហូតដល់ទៅ ៦០% ដែលបាតុភូតរលកកម្តៅដ៏អាក្រក់ ឬយើងតែងស្គាល់ថា អ៊ែលនីញ៉ូ (El Niño) នឹងកើតឡើងនៅចុងខែកក្កដា ឆ្នាំ២០២៣ និង ៨០% សម្រាប់ឱកាសដែលវានឹងកកើត នៅដំណាច់ខែកញ្ញា ឆ្នាំដដែល ហើយនៅឆ្នាំ ២០២៤ ផលអាក្រក់នឹងបង្ហាញចេញយ៉ាងច្បាស់ ប្រសិនបើវាកើតមានឡើងនៅឆ្នាំ២០២៣ នេះមែន៕
ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ដឹងបន្ថែមអំពីការព្រមានរបស់ WMO និងអត្ថន័យនៃព្រឹត្តិការណ៍ El Niño៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣)
