ចិនរកឃើញភស្តុតាងនៃ «អតីតមហាសមុទ្រ» នៅលើភពព្រះអង្គារ (មានវីដេអូ)

934

(ប៉េកាំង)៖ ក្រុមការងារសិក្សាអន្តរជាតិដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រកំពូលៗរបស់ចិន បានបង្កើតរបកគំហើញថ្មីទៀតហើយ នៅក្នុងការសិក្សាស្រាវជ្រាវអំពីភពព្រះអង្គារ (Mars) តាមរយៈបេសកកម្មស្រាវជ្រាវ ធាវិន ១ (Tianmen-1) ដែលមានទាំងផ្កាយរណបកំពុងគោចរជុំវិញភពក្រហមនោះផង បូករួមទាំងគ្រឿងយន្តចល័ត (Rover) នៅលើផ្ទៃភពនោះថែមទៀត។

តាមរយៈការវិភាគលើរូបភាពលម្អិតនៃផ្ទៃភពអង្គារ ដែលត្រូវបានថតដោយបណ្តុំកាមេរ៉ា នៅលើគ្រឿងយន្តចល័ត ជូយ៉ុង (Zhurong) ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ «ភស្តុតាងជាដុំថ្មនានា» ដែលអាចកកើតឡើងទៅបាន ដោយសារតែមានវត្តមានទឹក និងខ្យល់បក់បោក។ ប្រការនេះនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ធ្វើការសន្និដ្ឋានក្នុងដំណាក់កាលដំបូងថា នៅតំបន់អឌ្ឍគោលខាងជើងនៃភពអង្គារ ធ្លាប់មានវត្តមាន «មហាសមុទ្រ (ocean) មួយ»

តំបន់ Utopia Planitia អឌ្ឍគោលខាងជើងភពអង្គារ (Mars) ដែលចិនកំពុងស្រាវជ្រាវ អាចជាអតីតមហាសមុទ្រ (រូបភាពពីបរទេស)

លទ្ធផលសិក្សាថ្មីខាងលើនេះ ពិតជាការបើកឱកាសរបស់ចិន ក្នុងការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងយល់អំពីអតីតកាលរបស់ភពអង្គារ និងជាពិសេសថាតើនៅក្នុងមហាសមុទ្រលើភពក្រហមនោះ ធ្លាប់មានជីវិតកកើតឡើង ដែរឬមួយក៏យ៉ាងណា។

ការវិភាគដុំថ្មនៃតំបន់ Utopia Planitia ថតដោយយាន Zhurong (រូបភាពពី CNSA)

បេសកកម្មសិក្សាស្រាវជ្រាវនេះ ត្រូវបានដាក់ឈ្មោះថា «Evidence of Oceanic Sedimentary Rocks in Utopia Planitia»«ភស្តុនៃវត្តមានថ្មក្នុងមហាសមុទ្រ នៅតំបន់យូថូភា ផ្លេនីធា» ជាតំបន់ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ ដែលបេសកកម្ម Tianwen-1 របស់ចិន ជ្រើសរើសដើម្បីចុះចតយាន Zhurong កាលពីឆ្នាំ២០២១។ បេសកកម្មទាំងមូល ត្រូវបានដឹកនាំដោយសាស្ត្រាចារ្យ ឡុង ហ្សាវ (Long Xiao) មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រភូមិសាស្ត្រ និងការសិក្សាវិទ្យាសាស្ត្រភពផែនដីរបស់ចិន។

គ្រឿងយន្តចិន Zhurong និង​ Lander នៃ Tianwen-1 (រូបភាពពី CNSA)

គួរបញ្ជាក់ថា ភពអង្គារបច្ចុប្បន្ននេះ ត្រឹមតែជាទីឋានត្រជាក់ និងស្ងួត ដែលគ្មានវត្តមានទឹកនៅលើផ្ទៃទៀតនោះឡើយ។ យ៉ាងណាក៏ដោយ ភស្តុតាងដែលត្រូវបានរកឃើញ នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេស គឺនៅក្រោយពេលគ្រឿងយន្តជាបន្តបន្ទាប់អង្គការ NASA នៃសហរដ្ឋអាមេរិកដូចជា Curiosity (ឆ្នាំ២០១២) និង Perseverance (ឆ្នាំ២០២១) បានចុះទៅដល់ទីនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់បាននូវភស្តុតាងជាច្រើនដែលគួរឲ្យជឿទុកចិត្ត។

ចិនរកឃើញភស្តុតាងនៃ «អតីតមហាសមុទ្រ» នៅលើភពព្រះអង្គារ
ការសន្និដ្ឋានអំពីភពអង្គារ (Mars) កាលពីរាប់ពាន់លានឆ្នាំមុន (រូបភាពពី NASA)

ភពអង្គារយ៉ាងហោចណាស់កាលពី ៣ពាន់លានឆ្នាំមុន ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ក៏ធ្លាប់មានសមុទ្រ ទន្លេ ស្ទឹង និងបឹងបួរ មិនខុសពីនៅលើផ្ទៃផែនដីយើងបច្ចុប្បន្ននេះឡើយ ហើយក៏អាចធ្លាប់មានជីវិតនៅក្នុងនោះដែរ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គ្រាប់ពូជនៃជីវិតដំបូងនៅលើភពផែនដី ក៏ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យទៀតថា មានប្រភពដើមចេញពីភពអង្គារ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ សារព័ត៌មានរដ្ឋចិន Global Times (ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner