តើជ្រលងមួយលើភពពុធ (Mercury) បានដាក់ឈ្មោះ «ប្រាសាទអង្គរវត្ត» របស់ខ្មែរតាំងពីពេលណា? (មានវីដេអូ)
(បរទេស)៖ តាមពិតទៅនេះមិនមែនជារឿងទើបនឹងកើតឡើងនោះទេ តែដោយសារមានប្រិយមិត្តសាកសួររកការពិត ទើប Cambo Space ធ្វើការបកស្រាយពេលនេះ (ម្យ៉ាងខ្ញុំក៏សូមអធ្យាស្រ័យផងដែរ ដែលមិនធ្លាប់បានផ្សាយរឿងនេះសោះ)។ បងប្អូនពិតជាបានឃើញហើយ ចំពោះការចាប់អារម្មណ៍លើឈ្មោះប្រាសាទអង្គរវត្ត (Angkor) របស់ខ្មែរយើង ដែលត្រូវបានយកទៅដាក់ឲ្យជ្រលងមួយនៅលើភពពុធ (Mercury) នោះ, តើនេះជាការពិតឬទេ? តើហេតុអ្វីបានជាបរទេស សម្រេចចិត្តដាក់ឈ្មោះបែបនោះ? សូមតាមដានការបកស្រាយទាំងអស់គ្នា!
ចម្លើយយ៉ាងខ្លីគឺ «ការដាក់ឈ្មោះអង្គរវត្តក្នុងជ្រលងមួយលើភពពុធជាការពិត» ហើយវាត្រូវបានធ្វើឡើងជាផ្លូវការ ដោយសហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union ឬ IAU) ដោយជ្រើសរើសយកឈ្មោះថា «Angkor Vallis» នេះពីឈ្មោះផ្សេងៗជាច្រើនទៀត ដែលក្រុមការងាររបស់ខ្លួនធ្វើការសម្រិតសម្រាំងដាក់ឲ្យតំបន់ពិសេសៗលើភពពុធ កាលពីអំលុងខែមេសា ឆ្នាំ២០១៣មកម្ល៉េះ ដូច្នេះនេះមិនមែនជារឿងដែលត្រូវ overreact នោះទេ។

ទិដ្ឋភាពពិសេសៗលើភពពុធ រួមទាំងជ្រលងអង្គរ (Angkir Vallis) (ពាក្យ Vallis គឺជាភាសាឡាទីន ដែលចង់សម្តៅលើ Valley ជាភាសាអង់គ្លេស ឬប្រែជាខ្មែរយើងថាជ្រលងនោះឯង) ត្រូវបានថតយកដោយបេសកកម្មផ្កាយរណប MESSENGER របស់អង្គការ NASA ដែលត្រូវបានបាញ់បញ្ជូនចេញពីផែនដីកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៤, ទៅដល់ភពពុធនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ និងទម្លាក់ខ្លួនដើម្បីកម្ទេចចោលលើផ្ទៃភពពុធតែម្តង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ក្រោយការបំពេញបេសកកម្មជុំវិញភពទី១នៃប្រព័ន្ធព្រះអាទិត្យយើងនោះអស់រយៈពេល ៤ឆ្នាំ។

យោងតាមវែបសាយអង្គការ NASA មូលហេតុដែលបាននាំឲ្យ IAU ជ្រើសរើសយកឈ្មោះ Angkor Vallis ដាក់ឲ្យតំបន់ពិសេសមួយលើភពពុធនោះ គឺដើម្បីឲ្យស្របតាមប្រធានបទនៃ «ទីក្រុងដែលត្រូវបានគេបោះបង់ចោល» តាំងពីសម័យបុរាណ។ ការដាក់ឈ្មោះបែបនោះក៏ដើម្បីឲ្យស្របទៅនឹងភាពអស្ចារ្យនៃទីក្រុងអង្គរស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលកាលពីសម័យអធិរាជាណាចក្រខ្មែរ (Khmer Empire) អង្គរធ្លាប់ជាទីក្រុងដ៏ធំបំផុតមួយក្នុងតំបន់ និងលើពិភពលោក ហើយ IAU គិតថាឈ្មោះនេះស័ក្តិសមបំផុតសម្រាប់ដាក់ឲ្យជ្រលងលើភពពុធ។

សម្រាប់ទីតាំងជាក់លាក់តែម្តងលើផ្ទៃភពពុធ គឺ Angkor Vallis ស្ថិតនៅរយៈទទឹងកណ្តាល 57.28°N (ជើង) និងបណ្តោយកណ្តាល 114.04°E (ខាងលិច) ដោយមានអង្កត់ផ្ចិតជាមធ្យមចាប់ពី ២០-៣០km។ រចនាសម្ព័ន្ធដូចជា «ជ្រលងអង្គរ» មួយនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA អះអាងថា បានកកើតឡើងដោយសារតែលំហូរនៃកម្អែលភ្លើង កាលពីអតីតរាប់ពាន់លានឆ្នាំមុនលើភពពុធ។

គួរបញ្ជាក់ថា ការដាក់ឈ្មោះឲ្យតំបន់នានា (ភ្នំ, ជ្រលង, ក្រហូង) លើផ្ទៃព្រះចន្ទ ភពអង្គារ និងភពពុធជាដើម គឺសុទ្ធសឹងតែត្រូវបានគិតគូរ និងសម្រេចយកតាមមតិភាគច្រើន ឬគោលគំនិតដើមនៃបេសកកម្មអវកាសទាំងនោះ។ យើងនិយាយតែចំពោះភពពុធបានហើយ នោះគឺតំបន់សំខាន់ៗដូចជា ជ្រលង, ក្រហូង, ប្រជុំភ្នំ និងភ្នំជាដើម សុទ្ធសឹងតែត្រូវបានដាក់ទៅតាមការសម្រេចដោយមនុស្សលើផែនដី ដោយខ្លះយកឈ្មោះតាមបុគ្គលល្បីៗក្នុងប្រវត្តិសាស្ត្រ, ទីតាំងល្បីៗនៃប្រទេសនានា និងតំបន់ខ្លះដែលមិនទាន់មានឈ្មោះនោះ ពួកគេត្រឹមដាក់លេខ ឬអក្សរកាត់ដើម្បីសម្គាល់សិន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA via IAU (ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥)
