សារអេលៀន «ប្រឌិត» នឹងត្រូវបញ្ជូនពីភពអង្គារមកផែនដី ដើម្បីជាការតេស្តសមត្ថភាព

387

(អឺរ៉ុប)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ផ្កាយរណប TGO (Trace Gas Orbiter) របស់បេសកកម្ម ExoMars នៃអង្គការអវកាសអឺរ៉ុប ESA នឹងធ្វើតេស្តដ៏ពិសេសមួយក្នុងការបញ្ជូនសារសិប្បនិមិត្ត ដែលគេសន្មត់ថា មកពីជីវិតភពផ្សេង (Alien Message) ពីភពអង្គារ (Mars) មកកាន់ភពផែនដី។ ការធ្វើតេស្តខាងលើនេះ ស្ថិតនៅក្នុងគោលដៅសាកល្បងសមត្ថភាព នៃបណ្តាញតេឡេស្កូបចាប់រលកវិទ្យុនៅជុំវិញភពផែនដី ថាអាចចាប់យករលកសញ្ញា ជះចេញពីភពអង្គារនោះដែរឬមួយក៏អត់។

បណ្តាញតេឡេស្កូប Allen នៅសហរដ្ឋអាមេរិក (រូបភាពពីបរទេស)

បើតាមអង្គការ ESA រលកសញ្ញាអេលៀនសិប្បនិមិត្តខាងលើនេះ នឹងត្រូវបាញ់ចេញពីភពអង្គារតាមរយៈផ្កាយរណប TGO នៅវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃពុធ ទី២៥ ខែឧសភា (ត្រូវនឹងម៉ោង ២៖០០នាទីយប់ថ្ងៃព្រហស្បតិ៍នៅកម្ពុជា)។ ក្រុមការងារអន្តរជាតិសម្រាប់ ការសិក្សាស្រាវជ្រាវរកជីវិតឆ្លាតវៃ SETI (The search for extraterrestrial intelligence) បានត្រៀមតេឡេស្កូបចាប់រលកសញ្ញាវិទ្យុធំៗចំនួន ដើម្បីចាប់រលកសញ្ញាវិទ្យុនោះ ដែលអាចមកដល់ផែនដីនៅរយៈពេល ៥-២០នាទី ក្រោយការបាញ់ចេញពីភពអង្គារ នៅក្នុងរយៈចម្ងាយជាង ៣០០លានគីឡូម៉ែត្រ

សារអេលៀន «ប្រឌិត» នឹងត្រូវបញ្ជូនពីភពអង្គារមកផែនដី ដើម្បីជាការតេស្ត…
ផ្កាយរណប TGO នៅភពអង្គារ (រូបភាពពី ESA)

តេឡេស្កូបដែលនឹងត្រូវប្រើប្រាស់ ដើម្បីចាប់រលកសញ្ញាអេលៀនសិប្បនិមិត្ត ខាងលើនេះមានដូចជា តេឡេស្កូប ATA (The Allen Telescope Array) នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, តេឡេស្កូប GBT (Robert C. Byrd at the Green Bank Observatory) នៅរដ្ឋ វែសត៍ វើជីនៀ សហរដ្ឋអាមេរិក និងតេឡេស្កូប MRAS (Medicina Radio Astronomical Station) នៅប្រទេសអ៊ីតាលី។ នេះការធ្វើតេស្តដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ត្រៀមខ្លួនប្រសិនមានសារមែនទែនណាមួយ ត្រូវបានបញ្ជូនពីជីវិតភពផ្សេង មកកាន់ភពផែនដីយើង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SETI (ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner