អង្គការ NASA «ទម្លាយរូបភាពថ្មី នៃខ្សែក្រវាត់ភពសៅរ៍ និងព្រះច័ន្ទ Pandora» ដែលត្រូវបានថតដោយយាន…
(អាមេរិក)៖ ទោះបីយានអវកាស Cassini បានរលាយសាបសូន្យ កាលពីខែកញ្ញាក៏ដោយ ក៏រូបភាពជាច្រើនដែលវាបានថត នៅមិនទាន់បញ្ចេញអស់នៅឡើយទេ ដោយថ្ងៃនេះអង្គការ NASA ទើបតែបានទម្លាយរូបភាពថ្មីៗបន្ថែមទៀត ជាពណ៌ស-ខ្មៅ ឲ្យឃើញពីខ្សែក្រវាត់ (កងដុំថ្ម-ធូលីព័ទ្ធជុំវិញភព) និងព្រះច័ន្ទមិនពេញលក្ខណៈមួយឈ្មោះ Pandora ប៉ុន្តែកុំច្រឡំណា ព្រោះវាមិនមែន Pandora ក្នុងខ្សែភាពយន្ត Avatar នោះទេ។ នេះបើតាមការដកស្រង់ពីវែបសាយ News Week នារសៀលថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។

រូបភាពស-ខ្មៅនេះជារឿងធម្មតាទៅហើយ សម្រាប់វិស័យអវកាស ព្រោះមិនដែលមានយានណាអាចថតពណ៌ធម្មជាតិ ហើយផ្ញើមកកាន់ផែនដីបាននោះឡើយ ក៏ព្រោះតែទំហំរូបភាព និងសមត្ថភាពរបស់កាមេរ៉ា ហេតុដូច្នេះរាល់រូបភាពដែលត្រូវបានថតយកមក តម្រូវឲ្យក្រុមជំនាញធ្វើការបំលែងតាមកម្មវិធីកុំព្យូទ័រ ទៅជាពណ៌ធម្មជាតិ ប៉ុន្តែមានភាពប្រាកដនិយមខ្លាំង។ រូបភាពថ្មីនេះ គឺយើងឃើញមានខ្សែក្រវាត់ភពសៅរ៍ដូចសព្វដង និងព្រះច័ន្ទ Pandora របស់វា ដែលមានទំហំប្រហែល ៨០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ កំពុងគោចរជុំវិញដោយប្រើថេរវេលា ១៩ម៉ោង/ជុំ។

គួរបញ្ជាក់ថា រូបភាពនេះត្រូវបានថតដោយយាន Cassini កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ មុនមួយខែនៃការបំបែកខ្លួនរបស់យាន ទៅក្នុងផ្ទៃភពសៅរ៍។ ភពសៅរ៍ គឺត្រូវបានចាត់ទុកជាភពដ៏ស្រសល់ស្អាត និងវិសេសជាងគេ ដោយក្នុងនោះព្រះច័ន្ទធំៗចំនួនពីររបស់វា នឹងក្លាយជាសក្កដានុពលធំ សម្រាប់ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ នៅថ្ងៃអនាគតដូចជា ព្រះច័ន្ទ ទីតាន (Titan) ដែលមានទំហំស្ទើរប៉ុនភពអង្គារ និងព្រះច័ន្ទ អាន់សែឡាដឺស (Enceladus) ដែលមានទឹកសមុទ្រនៅក្នុងផ្ទៃក្រោមទឹកកកជាដើម៕



