អង្គការ AHF ប្រារព្ធទិវាសុខភាពពេលមករដូវ នៅចុងខែឧសភានេះ ក្រោមប្រធានបទ «បញ្ឈប់ការរើសអើង»

110

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំទិវាសុខភាពពេលមករដូវ (MHD 2023) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «បញ្ឈប់ការរើសអើង» ជាមួយនឹងការចែកនូវសំឡីអនាម័យចំនួន ៣២,០០០ប្រអប់ ដោយឥតគិតថ្លៃទៅដល់កុមារី និងស្ត្រីនៅតាមបណ្ដាសាលារៀន មណ្ឌលកុមារកំព្រា អតិថិជនជាច្រើនទៀត។

បើតាមការបញ្ជាក់ពីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ទិវាសុខភាពពេលមករដូវ ប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ ទិវានេះបានចាប់ផ្តើមឡើងដំបូងនៅក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងទទួលស្គាល់ឱ្យមានតម្រូវការកើនឡើងបន្ថែមទៀត នៃការអប់រំសុខភាពពេលមករដូវ និងធនធាន។

អ្នកស្រី Guillermina Alaniz នាយកផ្នែកតស៊ូមតិ និងគោលនយោបាយសកលនៃអង្គការ AHF បានឱ្យដឹងថា គ្មានអ្វីដែលអាចរារាំងយើងមិនឱ្យមករដូវបាននោះទេ ប៉ុន្តែការមាក់ងាយ និងការរើសអើងដ៏អាក្រក់ បូករួមនឹងកង្វះខាតនៃការទទួលបានផលិតផល និងសម្ភារៈប្រើប្រាស់សម្រាប់សុខភាពពេលមករដូវ មានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការបញ្ឈប់យើងទាំងអស់គ្នាពីការរីកចម្រើនលូតលាស់ និងការរស់នៅប្រកបដោយសុខភាពល្អ។

លោកស្រីបានបន្តទៀតថា សុខភាពពេលមករដូវ ត្រូវតែចាត់ទុកជាអាទិភាពចម្បង នៅទូទាំងពិភពលោកជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ព្រោះអ្នកមករដូវនៅប្រទេសទាំងនេះភាគច្រើន ប្រឈមមុខនឹងហានិភ័យក្នុងការទុកចោលមិនអើពើ ដោយសារកង្វះខាតផ្នែកសុខភាព និងសុវត្ថិភាពអំឡុងពេលមករដូវរបស់ខ្លួន។ ដូច្នេះគឺដល់ពេលហើយដើម្បីបញ្ឈប់ការរើសអើង លើការមករដូវ ព្រមទាំងធានាបានថា ផលិតផលនិងសម្ភារ:សុវត្ថិភាពសម្រាប់ប្រើប្រាស់ពេលមករដូវ អាចងាយស្រួលរកបានសម្រាប់មនុស្សគ្រប់គ្នា ដោយមិនមានភាពខ្មាសអៀន ឬការរើសអើងឡើយ។

អង្គការ AHF ប្រារព្ធទិវាសុខភាពពេលមករដូវ នៅចុងខែឧសភានេះ ក្រោមប្រធានបទ «បញ្ឈប់ការរើសអើង»

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធ្វើការលើជំងឺអេដស៍កម្រិតពិភពលោកដ៏ធំបំផុត។ បច្ចុប្បន្នអង្គការនេះបានផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬសេវាកម្មដល់អតិថិជនជាង ១.៧ លាននាក់នៅក្នុង ៤៥ ប្រទេសទូទាំងពិភពលោកដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org ឬស្វែងរកពួកយើងនៅលើ Facebook៖ www.facebook.com/aidshealth, Twitter៖ @aidshealthcare និង Instagram៖ @aidshealthcare ៕

480×240 Banner