ទិវាសុខភាពពេលមករដូវ! លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានបន្តអំពាវនាវឱ្យបញ្ឈប់ការរើសអើងការមករដូវ

222

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានអំពាវនាវដល់មនុស្សគ្រប់រូបទូទាំងពិភពលោក បញ្ឈប់ការរើសអើងទៅលើអ្នកដែលមានការមករដូវ1.8ពាន់លាននាក់ និងលើកអាទិភាពចម្បងលើការបញ្ចប់ភាពក្រីក្រពេលមករដូវនៅគ្រប់ប្រទេសទាំងអស់ក្នុងទិវាសុខភាពពេលមករដូវ (MH Day)ក្នុងឆ្នាំនេះ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្ថែមថា ការអប់រំអំពីការមករដូវពិតជាអាចផ្លាស់ប្តូរអ្វីៗបានគ្រប់យ៉ាង វាគឺជារឿងមិនអាចទទួលយកបានទេប្រសិនបើមនុស្សទទួលរងការមើលងាយ មិនរាប់រក និងរើសអើងដោយគ្រាន់តែពួកគេមានការមករដូវដែលជាមុខងារនៃរាងកាយពីធម្មជាតិតែប៉ុណ្ណោះ។ ប្រហែលមួយភាគបួននៃចំនួនប្រជាជនពិភពលោកគឺមានការមករដូវ ប៉ុន្តែប្រជាជនចំនួន ៥០០លាននាក់នឹងអាចប្រឈមមុខនឹងកង្វះលទ្ធភាពក្នុងការទទួលបាននូវផលិតផលសុខភាព និងសម្ភារ:សុវត្ថិភាពប្រកបដោយអនាម័យពេលមករដូវ ក៏ដូចជាការទទួលស្គាល់ពីសហគមន៍។

លោកបានបន្ថែមទៀតថា ឧបសគ្គទាំងនេះហើយដែលជាមូលហេតុនាំឱ្យពួកគេមានសុខភាពទ្រុឌទ្រោម រួចបោះបង់ចោលសាលារៀន ឬការងាររហូតដល់ 20% និងមានផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្តទៀតផង។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវីធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) បានលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតីរៀបចំទិវាសុខភាពពេលមករដូវ ដែលបានរៀបចំឡើងនៅគ្លីនិក បង្ការ ព្យាបាល និងថែទាំបន្ត NCHADS-AHF ដែរថា សុខភាពពេលមករដូវ ត្រូវតែចាត់ទុកជាអាទិភាពចម្បងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានបន្ថែមថា អ្នកមករដូវនៅប្រទេសទាំងនេះភាគច្រើនប្រឈមមុខនឹងហានិភ័យក្នុងការទុកចោលមិនអើពើដោយសារ កង្វះខាតផ្នែកសុខភាព និងសុវត្ថិភាពអំឡុង ពេលមករដូវរបស់ខ្លួន។ ដូច្នេះគឺដល់ពេលហើយដើម្បី បញ្ឈប់ការរើសអើងលើការមករដូវ ព្រមទាំងធានាបានថា ផលិតផលនិងសម្ភារ:សុវត្ថិភាពសម្រាប់ប្រើប្រាស់ពេលមករដូវ អាចងាយស្រួលរកបានសម្រាប់មនុស្សគ្រប់គ្នា ដោយមិនមានភាពខ្មាសអៀន ឬការរើសអើងឡើយ។

សូមបញ្ជាក់ផងដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំពិធីអបអរទិវានេះរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ក្រោមធានបទ «បញ្ឈប់ការរើសអើង» ដែលបានរៀបចំឡើងនៅទីតាំង ផ្សេងៗ និង គ្លីនិក បង្ការ ព្យាបាល និងថែទាំបន្ត NCHADS-AHF  ខណ្ឌទួលគោក ជាមួយនឹងការចែកជូននូវសំឡីអនាម័យចំនួន ៣ ២០០កញ្ចប់ ដើម្បីជាការអបអរដល់ទិវាសុខភាពពេលមករដូវជាសកល ដែលប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ ទិវានេះបានចាប់ផ្តើមឡើងដំបូងនៅក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងទទួលស្គាល់ឱ្យមានតម្រូវការកើនឡើងបន្ថែមទៀតនៃការអប់រំសុខភាពពេលមករដូវ និងធនធាន។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធ្វើការលើជំងឺអេដស៍កម្រិតពិភពលោកដ៏ធំបំផុត។ បច្ចុប្បន្នអង្គការនេះបានផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬសេវាកម្មដល់អតិថិជនជាង១.៧ លាននាក់នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប៕

480×240 Banner