លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដឹកនាំក្រុមការងារ ជិះកង់ ដើម្បីអបអរទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣

126

(ភ្នំពេញ)៖ លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ ជិះកង់ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តកំពង់ធំ ដែលមានសមាជិកអ្នកជិះកង់ ៨០នាក់ រួមគ្នាជិះកង់ ដេីម្បីចូលរួមអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ យើងត្រូវការអាហារ មិនមែនថ្នាំជក់

ការជិះកង់នេះធ្វើឡើងដើម្បីអបអរទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ ២០២៣ ក៏ដូចជាការគាំទ្រទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអំឡុងឆ្នាំ២០២០ថា កម្ពុជាមានមហិច្ឆតាប្រែក្លាយជា ប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា ប្រទេស New Zealand បានអនុវត្តផែនការសកម្មភាពប្រទេសគ្មានផ្សែងបារី (Smoke-Free Aotearoa 2025 Action Plan) ដែលមានចក្ខុវិស័យលុបបំបាត់ផលិតផលថ្នាំជក់ ដែលបង្កគ្រោះថ្នាក់ដល់សហគមន៍ និងប្រែក្លាយប្រទេស New Zealand ទៅជាប្រទេសគ្មានផ្សែងនៅឆ្នាំ 2025។

វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តផ្សេងទៀត ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានបង្ហាញថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាវិធីសាស្រ្តឈ្នះៗ ដោយរដ្ឋទទួលបានប្រាក់ចំណូលពន្ធកើន ហើយអត្រាអ្នកជក់បារីថយចុះ។

ប្រជាជនកម្ពុជាប្រមាណ ១៥,០០០នាក់ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែជំងឺដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលក្នុងមួយថ្ងៃៗមានប្រមាណជាង ៤០នាក់ត្រូវស្លាប់ ដែលជំងឺទាំងនោះមានដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ នេះបើយោងតាមករណីសិក្សាថ្មីមួយ ដែលធ្វើឡើងដោយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nation Development Program) អង្គការសុខភាពពិភពលោក (World Health Organization)៕
 
ប្រភព៖ https://www.health.govt.nz/our-work/preventative-health-wellness/tobacco-control ៕

លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដឹកនាំក្រុមការងារ ជិះកង់ ដើម្បីអបអរទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣
480×240 Banner