បទវិភាគអវកាស៖ តើស្ថានីយអវកាសចិន នឹងជួយបំពេញមហិច្ឆតាចិនដូចម្តេច?

305

(បរទេស)៖ ប្រទេសចិនគ្រោងនឹងបង្កើនប្រតិបត្តិការរបស់ខ្លួន នៅក្នុងលំហអវកាសបន្ថែមទៀត ខណៈដែលស្ថានីយអវកាសរបស់ខ្លួន បានបើកដំណើរការទាំងស្រុងចាប់តាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ។ បេសកកម្មដោយអវកាសយានិកចុងក្រោយបំផុតទៅកាន់ ស្ថានីយអវកាសដែលមានឈ្មោះថា «ធានហ្កុង ឬ វិមាននៃឋានសួគ៌ (Tiangong)» កាលពីចុងខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញពីការបញ្ជូនអវកាសយានិក ទ្រង់ទ្រាយធំជាលើកទី ទៅកាន់ទីអវកាស។

ស្របពេលដែលពិភពលោកកំពុងមើលឃើញយ៉ាងច្បាស់ថា ចិនកំពុងរុលទៅមុខយ៉ាងលឿន ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងអវកាសរបស់ខ្លួន ដែលកាន់តែក្លាយជាគូប្រជែងខ្លាំងឡើងៗ ជាមួយនឹងសហរដ្ឋអាមេរិកនោះ គ្រប់គ្នាហាក់ចង់យល់បន្ថែមទៀតថា នៅអនាគតដ៏ខ្លីខាងមុខ តើស្ថានីយអវកាសចិន «Tiangong» នឹងជួយបំពេញមហិច្ឆតា នៃមហាយក្សអាស៊ីនេះដូចម្តេច? ខាងក្រោមនេះជាចំណុចធំៗ «៤» ដែលលោកអ្នកគួរពិចារណា៖

១៖ មហាអំណាចថ្មីនៃវិស័យអវកាស

ស្ថានីយអវកាសដែលមានឈ្មោះជាភាសាចិនថា ធានហ្កុង (Tiangong ) ឬវិមាននៃឋានសួគ៌ ត្រូវបានផ្គុំឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមជាមួយនឹងបន្ទប់ (module) ស្នូល នៅខែមេសា ឆ្នាំ ២០២១។ ការបញ្ចប់បេសកកម្មដំឡើងរបស់ស្ថានីយនេះ ត្រូវបានមើលឃើញ តាមរយៈការតភ្ជាប់នៃបន្ទប់ module ទី ៣ និងចុងក្រោយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដែលបង្កើតបានជារចនាសម្ព័ន្ធសំណង់អវកាសរាងជាអក្សរ T (T-shape) អាចគោចរក្នុងរយៈកម្ពស់ចាប់ពី ៣៤០ – ៤៥០គីឡូម៉ែត្រពីផ្ទៃផែនដី។

ប្រតិបត្តិការរយៈពេលវែងកំពុងដំណើរការ នៅឯស្ថានីយអវកាស ដែលពេលនេះកំពុងស្ថិតក្នុងដំណើរជាអចិន្ត្រៃយ៍ ជាមួយនឹងការប្រសិទ្ធនាមថា ថៃកូណាត់ (taikonaut) ជំនួសឲ្យភាសាអង់គ្លេស astronaut ដល់អវកាសយានិកទាំង ៣ រូបដែលទើបបានឡើងដល់ស្ថានីយអវកាសចិនកាលពីចុងខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្ត្រ តំហែទាំទូទៅ និងការតេស្តឧបករណ៍ពិសោធន៍នានា។

ស្ថានីយអវកាស Tiangong ត្រូវបានសាងសង់ និងគ្រប់គ្រង ដោយប្រទេសចិនទាំងស្រុងតែម្តង ដូច្នេះស្ថានភាព គឺមិនដូចស្ថានីយអវកាសអន្តរជាតិ (ISS) ដែលជាកិច្ចសហការរួមគ្នារវាងទីភ្នាក់ងារអវកាសរបស់ សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និងអឺរ៉ុបនោះឡើយ។ ម្យ៉ាងវិញទៀត ISS មានភាពចាស់ទ្រុឌទ្រោមទៅហើយ និងត្រូវបានកំណត់ឱ្យចូលនិវត្តន៍នៅឆ្នាំ ២០៣១។

សម្រាប់ការដឹកអវកាសយានិក ទៅកាន់ស្ថានីយអវកាស Tiangong ប្រទេសចិនប្រើប្រាស់យានអវកាសឈ្មោះ ហ្សិនចូវ (Shenzhou) ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ យាន Shenzhou-15 បានដឹក taikonaut ចិនចំនួន ៣ រូបទៅកាន់ Tiangong និងស្នាក់នៅទីអវកាសរយៈពេល ៦ខែ ទើបត្រឡប់មកកាន់ផែនដីវិញ ខណៈយាន Shenzhou-16 បានដឹកមនុស្ស ៣រូប ក្នុងនោះ ២រូបជាអវកាសយានិកជំនាញ និង ១រូបទៀតជាជនស៊ីវិលចិនលើកដំបូង (មិនមែនអវកាសយានិកជំនាញ) ទៅកាន់ស្ថានីយអវកាស Tiangong នៅខែឧសភា ឆ្នាំ២០២៣។

ស្ថានីយអវកាសចិន Tiangong (រូបភាពពីបរទេស)

២៖ គោលបំណងដែលចិនសាងសង់ស្ថានីយអវកាស Tiangong

មិនខុសពី ISS នោះឡើយ គោលដៅចម្បងរបស់ Tiangong គឺធ្វើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ដោយមានជាង ១,០០០កម្មវិធីពិសោធន៍ ត្រូវបានគ្រោងទុករួចជាស្រេច សម្រាប់រយៈពេល ១ទសវត្សរ៍ខាងមុខ។ គម្រោង​ទាំង​នោះ​រួម​មាន​ គម្រោង​អន្តរជាតិ​ចំនួន​ ៩ មក​ពីប្រទេសជាដៃគូចំនួន ១៧ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២៣​នេះ រាប់​ចាប់​តាំង​ពីផ្នែក​វេជ្ជសាស្ត្រ​ក្នុង​លំហអវកាស ​រហូត​ដល់​វិទ្យាសាស្ត្រ​ជីវិត និង​ជីវបច្ចេកវិទ្យាផងដែរ។

ស្ថានីយអវកាស Tiangong នឹងគាំទ្រតេឡេស្កូបអវកាសអនាគតរបស់ចិន ដែលមានអានុភាពខ្ពស់ឈ្មោះថា ស៊ុនធាន (Xuntian) ដែលគ្រោងនឹងបាញ់បង្ហោះនៅឆ្នាំ ២០២៣ នេះ។ ទាំងអស់នេះគឺជាការបង្ហាញសមត្ថភាពថ្មីរបស់ចិន ទៅកាន់បេសកកម្មតេឡេស្កូបអវកាស Hubble អាយុកាលជាង ៣០ឆ្នាំ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។

Xuntian ឬមានន័យថា «កែវភ្នែកមេឃា» នឹងអាចសង្កេតមើលកាឡាក់ស៊ី ក្នុងចំនួនច្រើន រួចបញ្ជូនទិន្នន័យទាំងនោះ ត្រឡប់ទៅផែនដីវិញ ដើម្បីជួយក្រុមអ្នកវិទ្យាសាស្ត្របកស្រាយអាថ៌កំបាំងនានា ដែលនៅពីក្រោយការវិវត្តន៍កាឡាក់ស៊ីទាំងនេះ ឬបើនិយាយជារួម ចិនចង់សិក្សាអំពីការកកើតចក្រវាល (Universe) ដូចអ្វីដែលសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងធ្វើផងដែរ។

អនាគតតេឡេស្កូបអវកាស Xuntian របស់ចិន (រូបភាពពី CNSA)

៣៖ ការចាប់ផ្តើមឡើងពីចំណេះដឹងតិចតួច

មួយផ្នែកដែលស្ថានីយអវកាសចិន​ ត្រូវបាន​អភិវឌ្ឍ​ឡើងនោះ គឺហាក់មិនមានភាពចាំបាច់នោះឡើយ។ ចាប់តាំងពីឆ្នាំ ២០១១ អវកាសយានិកចិនត្រូវបានហាមឃាត់ នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក មិនឲ្យចូលរួមទៅក្នុងប្រតិបត្តិការនៃ ស្ថានីយអវកាសអន្តរជាតិ (ISS) ជុំវិញការព្រួយបារម្ភអំពីការផ្ទេរបច្ចេកវិទ្យា និងផលប៉ះពាល់របស់ចិន ចំពោះសន្តិសុខជាតិអាមេរិក។

ប្រទេសចិនបានបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួន ទៅកាន់លំហអវកាសក្នុងរយៈពេលជាង ១០ឆ្នាំ បន្ទាប់ពីប្រទេសនេះបានបង្កើតផែនទីចង្អុលផ្លូវ សម្រាប់ការស្រាវជ្រាវទីអវកាសប្រកបដោយមហិច្ឆតារបស់ខ្លួន ដោយការចូលលេងល្បែងនេះជាមួយ សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ជាប្រទេសទេសមហាអំណាចតែ ២ប៉ុណ្ណោះនៅលើលោក ដែលសម្រេចបាននូវបច្ចេកវិទ្យាសាស្ត្រ និងអំណាចនៅទីអវកាសដោយឯករាជ្យ។

ចាប់តាំងពីពេលនោះមក ប្រទេសចិនបានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបាននិងកំពុងធ្វើដំណើរចុះឡើងទីអវកាស យ៉ាងសកម្មបំផុត ហើយសមិទ្ធផលដែលចិនសម្រេចបានដោយខ្លួនឯងនេះ គឺជាប្រភពដើមនៃមោទនភាព ដ៏ធំសម្រាប់ប្រជាជាតិចិន។ វត្តមានប្រកបដោយនិរន្តរភាពនៃវិមានអវកាស ធានហ្កុង (Tiangong) ត្រូវបានគេរំពឹងថា នឹងជួយជំរុញប្រតិបត្តិការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទ និងការសាងសង់ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ ជាអចិន្ត្រៃយ៍ជាមួយប្រទេសរុស្ស៊ី ចាប់ពីអំលុងចុងទសវត្សរ៍ ២០២០ នេះតទៅ។

នេះគឺជាការប្រកួតប្រជែងដ៏ធំមហិមា ជាមួយនឹងកម្មវិធីស្រាវជ្រាវឋានព្រះចន្ទ Artemis ដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន ដែលមានគោលដៅក្នុងការកសាងមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវវិទ្យាសាស្ត្រ នៅក្បែរតំបន់ប៉ូលខាងត្បូងព្រះចន្ទនៅពាក់កណ្តាលទសវត្សរ៍ ២០២០ ដើម្បីធ្វើជាស្ពានបញ្ជូនអវកាសយានិកដំបូងទៅកាន់ភពព្រះអង្គារ ដែលអាចកើតឡើងនៅអំលុងទសវត្សរ៍ ២០៣០ និង ២០៤០ សម្រាប់អង្គការ NASA។

៤៖ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

លំហអាកាស​ជារឿយៗតែងតែត្រូវបានគេមើលឃើញថា ​ជា​សង្វៀន​មួយ​ទៀត​សម្រាប់​ប្រទេស​មហាអំណាច​ប្រជែងគ្នា​ដណ្តើម​កិត្យានុភាព​។ កាលពីក្នុងសម័យសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក និងសហភាពសូវៀតបានប្រកួតប្រជែងភាពល្បីល្បាញនឹងគ្នា ដើម្បីនាំមនុស្សដំបូងទៅជាន់ឋានព្រះចន្ទក្នុងទសវត្សរ៍ ១៩៦០។

បើយោងតាមគោលដៅដូចមានចែងក្នុង White Paper ឬ «សៀវភៅស» របស់រដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៦ មហាយក្សអាស៊ីមួយនេះមានបំណងក្លាយជា «មហាអំណាចអវកាសក្នុងគ្រប់ទិដ្ឋភាពទាំងអស់» រាប់ចាប់តាំងពីការធ្វើការស្រាវជ្រាវវិទ្យាសាស្ត្របែបទំនើប និងសូម្បីតែការផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ «ការសម្រេចក្តីស្រមៃរបស់ចិន» នេះ។

ទីក្រុងប៉េកាំងក៏បានចាត់ទុកកម្មវិធីអវកាស ជាមធ្យោបាយការពារសន្តិសុខជាតិរបស់ខ្លួនផងដែរ។ នៅក្នុងរបាយការណ៍សន្តិសុខមួយ នៃសហរដ្ឋអាមេរិកបានសរសេរថា សមត្ថភាពដែលកំពុងកើនឡើងរបស់ចិន នៅក្នុងលំហអវកាស អាចផ្តល់នូវអត្ថប្រយោជន៍ដ៏ច្រើនសម្បើមដល់យោធាចិន ជាពិសេសនៅក្នុងការប្រមូលយកព័ត៌មានសម្ងាត់ជាដើម។

រូបគំរូស្ថានីយអវកាសចិន Tiangong (រូបភាពពី CNSA)

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក​នៅតែ​ចំណាយ​ថវិកាលើស​ចិន​យ៉ាងច្រើន​ បើគិតទៅលើថវិកា​សរុប​របស់​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន សម្រាប់​សកម្មភាព​អវកាសជាប្រចាំឆ្នាំ។ យោងតាមទិន្នន័យកាលពីឆ្នាំ ២០២០ ទីក្រុងប៉េកាំងបានប្រើប្រាស់ថវិកា ៨.៩ពាន់លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់បេសកកម្មអវកាសរបស់ខ្លួន បើធៀបនឹង ៤៨ពាន់លានដុល្លារអាមេរិក ដែលទីភ្នាក់អវកាសអាមេរិកប្រើប្រាស់ក្នុងរយៈពេលដូចគ្នា។

ជាមួយនឹងប្រទេសរុស្ស៊ីដែលជាឧទាហរណ៍ជាក់ស្តែង ក្រោយការសម្រុកដាក់ទណ្ឌកម្ម និងដកកិច្ចសហប្រតិបត្តិការជាច្រើនជុំវិញវិស័យអវកាស ពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច ដោយសារតែការផុងខ្លួនយ៉ាងជ្រៅ ចូលទៅក្នុងសង្គ្រាមអ៊ុយក្រែននោះ សករាជនៃកិច្ចសហប្រតិបត្តិការអវកាសរវាងលោកសេរី និងកុម្មុយនិស្ត អាចកំពុងឈានទៅរកទីបញ្ចប់ ហើយអ្វីដែលចិនកំពុងធ្វើ (ការអភិវឌ្ឍវិស័យអវកាស និងវិទ្យាសាស្ត្រ ដោយពឹងផ្អែកលើសមត្ថភាពខ្លួនឯងជាគោល) ពេលនេះ នឹងធ្វើឲ្យចិនរក្សាបាននូវស្ថិរភាពនៃផែនការអភិវឌ្ឍនានា ដោយមិនខ្លាចការបិទខ្ទប់ពីមហាអំណាចណាឡើយ៕

បទវិភាគអវកាស៖ តើស្ថានីយអវកាសចិន នឹងជួយបំពេញមហិច្ឆតាចិនដូចម្តេច?
(រូបភាពពី CNSA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ANN (Asia News Network) ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣

480×240 Banner