មកស្គាល់ «ផ្កាយភ្លឺបំផុតទាំង១០» ប្រចាំលើផ្ទៃមេឃផែនដីពេលរាត្រី (យល់ដឹង) (មានវីដេអូ)
(បរទេស)៖ ការឡើងចុះពន្លឺយ៉ាងឆាប់រហ័សបំផុតរបស់តារាយក្សក្រហម ប៊ីធែលជូស (Betelgeuse) បាននិងកំពុងធ្វើឲ្យមនុស្សលោកចាប់អារម្មណ៍ខ្លាំង មិនត្រឹមតែទៅលទ្ធភាពដែលវាអាចកកើតជាព្រឹត្តិការណ៍ ស៊ូពើណូវ៉ា (Supernova) ប៉ុណ្ណោះទេ តែក៏ទៅលើវត្តមាននៃផ្កាយផ្សេងៗទៀត ដែលកំពុងបញ្ចេញពន្លឺចែងចាំងជាងគេ ឲ្យមនុស្សលើផែនដីងាយមើលឃើញផងដែរ។
ខាងក្រោមនេះជាផ្កាយទាំង ១០ ក្នុងកាឡាក់ស៊ី Milky Way យើងនេះ ដែលបញ្ចេញពន្លឺភ្លឺជាងផ្កាយផ្សេងៗទៀត នៅលើផ្ទៃមេឃភពផែនដីពេលរាត្រី (អាចឲ្យភ្នែកមនុស្សមើលឃើញ) ដោយយើងនឹងរាប់ពីកម្រិតទាបទៅកម្រិតខ្ពស់ ដោយយោងតាមទិន្នន័យចុងក្រោយនៅក្នុងខែមិថុនា ឆ្នាំ២០២៣ នេះតែម្តង៖
១០៖ ផ្កាយ អ៊ែនធែរីស ឬ អង់តារ៉េស (Antares) ឬអាចហៅថា អាល់ហ្វា ស្កូពាស (Alpha Scorpius)

ជាប្រភេទតារាមហាយក្សក្រហម (red supergiant) ធំជាងព្រះអាទិត្យយើងជាង ៧០០ដង និងមានទីតាំងស្ថិតនៅក្នុងតារានិករ ស្កូពាស (Scorpius) បើយើងមើលទៅលើផ្ទៃមេឃផែនដី។ វាមានអាយុទើបតែជាង ១១លានឆ្នាំប៉ុណ្ណោះ និងស្ថិតនៅចម្ងាយ ៥៥៤.៥ឆ្នាំពន្លឺពីផែនដី។ មនុស្សពីបុរាណតែងច្រលំផ្កាយនេះ ទៅនឹងភពអង្គារ (Mars) ព្រោះតែបង្ហាញពណ៌ (ទឹកក្រូច) ស្រដៀងគ្នាលើផ្ទៃមេឃផែនដី។ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)
៩៖ អាល់ដេបារ៉ាន (Aldebaran) ឬ អាល់ហ្វា ថូរី (Alpha Tauri)

ជាប្រភេទតារាយក្សក្រហម (red giant) មានចម្ងាយ ៦៥.៣ឆ្នាំពន្លឺពីផែនដី និងស្ថិតនៅក្នុងតារានិករ ថូរូស (Taurus)។ វាមានម៉ាស់ (mass) ធ្ងន់ជាងព្រះអាទិត្យយើងប្រមាណ ១៦% តែវាអាចជះពន្លឺភ្លើងជាងព្រះអាទិត្យយើង រហូតដល់ទៅ ៥១៨ដង ព្រោះតែមាឌដ៏ធំធេងរបស់វា។
៨៖ អាល់ធែរ (Altair) ឬ អាល់ហ្វា អាឃ្វីឡា (Alpha Aquila)

ជាផ្កាយភ្លឺជាងគេបំផុតក្នុងតារានិករ អាឃ្វីឡា (Aquila) និងស្ថិតក្នុងកម្រិត A-type (ផ្កាយពណ៌ស ឬកាត់ខៀវបន្តិច)។ Altair ស្ថិតនៅចម្ងាយ ១៦.៦ឆ្នាំពន្លឺពីផែនដី វាមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើង ១.៧៩ដង និងកាំ (radius) វែងជាងព្រះអាទិត្យជាង ២ដង (ពន្លឺភ្លឺជាងព្រះអាទិត្យយើង ១០.៦ដង)។
៧៖ ប៊ីធែលជូស (Betelgeuse) ឬ អាល់ហ្វា អូរ៉ាយអិននីស (Alpha Orionis)

ពីដើមឡើយផ្កាយយក្សក្រហម (red giant) មួយនេះ ស្ថិតនៅលេខរៀងទី ១០ ប៉ុណ្ណោះ ប៉ុន្តែនៅអំលុងខែមេសា និងឧសភា ឆ្នាំ២០២៣ នេះ វាបានកើនពន្លឺយ៉ាងចម្លែកដល់ទៅជាង ១៥០% លើសពន្លឺធម្មតា។ Betelgeuse មានចម្ងាយជាមធ្យម ៦៤០ឆ្នាំពន្លឺពីផែនដី និងស្ថិតនៅក្នុងតារានិករ អូរ៉ាយអិន (Orion Constellation)។
៦៖ ប្រូស៊ីយ៉ន (Procyon) ឬ អាល់ហ្វា ខេនីស ម៉ៃណូរីស (Alpha Canis Minoris)

ជាប្រភេទផ្កាយសទំហំតូច (white dwarf) ដែលមានពន្លឺភ្លឺជាងគេនៅក្នុងតារានិករ ខេនីស ម៉ៃណ័រ (Canis Minor) បើយើងមើលទៅលើផ្ទៃមេឃ។ Procyon ស្ថិតនៅចម្ងាយ ១១.៤៥ឆ្នាំពន្លឺពីភពផែនដី និងមានម៉ាស់ស្មើនឹងព្រះអាទិត្យយើង ១.៤ដង និងអង្កត់ផ្ចិត ២ដងនៃព្រះអាទិត្យ។ Procyon ក៏ស្ថិតក្នុងប្រព័ន្ធផ្កាយភ្លោះ (binary system) ផងដែរ ដោយដៃគូវាមានទៀតជាប្រភេទតារាពណ៌ស និងតូចខ្លាំង (ទាល់តែមើលតាមតេឡេស្កូបទើបឃើញ)។
៥៖ រីហ្គែល (Rigel) ឬ បេថា អូរ៉ៃអិននីស (Beta Orionis)

ជាផ្កាយមានពន្លឺភ្លឺខ្លាំងជាងគេ នៅក្នុងតារានិករ Orion ហើយដោយសារតែវាជាប្រភេទ តារាមហាយក្សមានពណ៌ខៀវ-ស (blue-white supergiant) ដូច្នេះយើងនឹងងាយអង្កេត ភាពផ្ទុយគ្នារវាងផ្កាយ Rigel នេះជាមួយនឹងផ្កាយមួយទៀតគឺ Betelgeuse ដែលមានពណ៌ក្រហម (ជាក់ស្តែងគឺទឹកក្រូច) ដែលស្ថិតផ្នែកម្ខាងទៀតនៃតារានិករជាមួយគ្នា។ Rigel មានចម្ងាយខ្ទង់ ៨៦៣ឆ្នាំពន្លឺពីផែនដី និងមានកាំស្មើនឹងកាំព្រះអាទិត្យយើង ៧៥ដង និងម៉ាស់ធ្ងន់ជាងព្រះអាទិត្យ ២១ដង ខណៈពន្លឺវិញ គឺអាចភ្លឺជាងព្រះអាទិត្យដល់ទៅរាប់សែនដងឯណោះ។
៤៖ ខាភែលឡា (Capella) ឬ អាល់ហ្វា អូរីហ្កា (Alpha Auriga)

ជាផ្កាយមានពន្លឺភ្លឺខ្លាំងបំផុត នៅក្នុងតារានិករ អូរីហ្កា (Auriga)។ Capella ឬ Capella Aa ស្ថិតនៅក្នុងលំដាប់តារា G-type giant ជាផ្កាយទំហំធំមានពណ៌លឿង ហើយវាក៏ស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះ (binary system) ផងដែរ ដោយដៃគូរបស់វាមួយទៀតគឺ Capella Ab មានលក្ខណៈដូចគ្នា (តូចជាង Capella Aa គួរសម) និងគោចរជុំវិញគ្នាទៅវិញមកក្នុងរយៈពេល ១០៤ថ្ងៃ នៃពេលវេលាលើផែនដី។ Capella ស្ថិតនៅចម្ងាយ ៤២.២ឆ្នាំពន្លឺពីផែនដី និងមានម៉ាស់ ២.៥ដង នៃម៉ាស់ព្រះអាទិត្យយើង។
៣៖ វេហ្គា (Vega) ឬ អាល់ហ្វា ឡាយរ៉ា (Alpha Lyra)

ជាផ្កាយស្ថិតនៅក្នុងជំពូកតារា A0V ឬ white dwarf (ផ្កាយតូចពណ៌ស) ដែលម៉ាស់ស្មើនឹងម៉ាស់ព្រះអាទិត្យ ២.១ដង និងទំហំធំជាងព្រះអាទិត្យយើង ២.៥ដង។ Vega ស្ថិតនៅចម្ងាយ ២៥ឆ្នាំពន្លឺពីផែនដី។ ដោយសារតែពន្លឺពណ៌ស និងស្ថិតកៀកផែនដីយើងផងដែរនោះ ធ្វើឲ្យ Vega មានពន្លឺភ្លឺខ្លាំង នៅក្នុងតារានិករ ឡាយរ៉ា (Lyra) បើយើងមើលទៅលើផ្ទៃមេឃផែនដី។
២៖ អាកធើរើស (Arcturus) ឬ អាល់ហ្វា ប៊ូធីស (Alpha Bootis)

ជាប្រភេទតារាយក្សក្រហម (red giant) ស្ថិតនៅក្នុងតារានិករ បូអូទីស (Boötes) និងមានចម្ងាយ ៣៦.៦៦ឆ្នាំពន្លឺពីផែនដី។ Arcturus មានទំហំធំ ដោយអង្កត់ផ្ចិតរបស់វាស្មើនឹង ២៥ដង នៃអង្កត់ផ្ចិតព្រះអាទិត្យ។ សម្រាប់កម្រិតនៃពន្លឺវិញ ផ្កាយយក្សក្រហមនេះភ្លឺខ្លាំងជាងព្រះអាទិត្យយើងជាង ១០០ដងឯណោះ។
១៖ ស៊ីរាស (Sirius) ឬ អាល់ហ្វា ខេនីស មេច័ររីស (Alpha Canis Majoris) ឬ Dog Star

ជាប្រភេទតារាពណ៌ខៀវ-ស (blue-white dwarf ឬ A0 ឬ A1)។ Sirius ឬ Sirius A ស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះ ៣ ដែលមានផ្កាយស្លាប់តូចមួយនៅកណ្តាល ខណៈផ្កាយមួយទៀតឈ្មោះ Sirius B មានទំហំតូចជាង (ទស្សនារូបភាពដើមយល់ដឹងបន្ថែម)។ ផ្កាយ Sirius ដ៏ភ្លឺជាងគេបំផុតលំដាប់លេខ ១ លើផ្ទៃមេឃផែនដីនេះ ក៏ស្ថិតនៅកៀកភពយើងខ្លាំងដែរ នោះគឺតែ ៨.៦១ឆ្នាំពន្លឺប៉ុណ្ណោះ។ Sirius មានម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើង ២ដង និងអង្កត់ផ្ចិត ២.៤លានគីឡូម៉ែត្រ ខណៈអង្កត់ផ្ចិតព្រះអាទិត្យយើងវិញគឺ ១.៣៩លានគីឡូម៉ែត្រ។

គួរបញ្ជាក់ថា ការគណនាម៉ាស់ (mass), អង្កត់ផ្ចិត (diameter) និងកាំ (radius) នៃផ្កាយនិមួយៗ ព្រមទាំងគម្លាតរវាងពួកវានឹងផែនដីយើង តែងតែចេញលទ្ធផលមកល្អៀងគ្នាបន្តិចបន្តួច ទៅតាមស្ថាប័នផ្សេងគ្នានៅទូទាំងពិភពលោក ដែលបានធ្វើការវាស់វែង ខណៈការទស្សនាផ្កាយឃើញច្បាស់ ក៏អាស្រ័យលើទីកន្លែងដែលយើងរស់នៅ ដែលឆ្ងាយពីតំបន់មានពន្លឺទីក្រុងរំខាន និងចៀសវាងអាកាសធាតុអាប់អួផងដែរ។

ដោយឡែកឈ្មោះរបស់ផ្កាយ និងតារានិករនីមួយៗ ក៏យកតាមប្រទេសលោកខាងលិចផងដែរ។ មួយវិញទៀត ប្រសិនបើនៅមានភាពមិនច្បាស់លាស់ ចំពោះទីតាំងផ្កាយ និងតារានិករលើផ្ទៃមេឃដែលពួកវាស្ថិតនៅ នោះលោកអ្នកអាចដោនឡូដយកកម្មតាមដានផ្កាយ និងភព ពី Appstore ឬ Playstore បាន មានឈ្មោះថា StarTracker និង SkyMap នៅក្នុង Playstore ផងដែរ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា) (រក្សាសិទ្ធិគ្រប់យ៉ាង)
ប្រភព និង Image Credits៖ Farmers’Almanac/NASA/SPACE/EarthSky/Sky&Telescope/Constellation-guide/StarWalk (ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣)
