ការលក់បារីអេឡិចត្រូនិក ឬវេប មានការកើនឡើងតាមបណ្ដាញព័ត៌មានសង្គម (រូបភាពខាងក្នុង)

286

(ភ្នំពេញ)៖ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេបនៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមដូចជា Facebook Tik Tok និង Telegram ជាដើម ដែលការផ្សព្វផ្សាយលក់នេះមានផ្សារភ្ជាប់ជាមួយបង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ គិតត្រឹម៦ខែចុងក្រោយនេះការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប កើនឡើង៣ដង បើធៀបនឹងខែធ្នូ ឆ្នាំ២០២២១ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ។

នេះបើយោងតាមការអង្កេតត្រួតពិនិត្យជាប្រចាំរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញក្នុងសិក្ខាសាលាស្ដីពីបារីអេឡិចត្រូនិកនៅរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

តាមលោកវេជ្ជ.មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងដែរថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារ។

ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។
 
យ៉ាងណាមិញ បើយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ ចែកចាយ និងជួញដូរបារីអេឡិចត្រូនិកនៅក្នុងសាលារៀន បានបង្ហាញឱ្យឃើញថា យុវជន និងកុមារ ដែលជាសិស្សភាគច្រើន បានឃើញ បានស្គាល់ ជាពិសេសបានទិញបារីអេឡិចត្រូនិក (Vape) មកប្រើប្រាស់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។

លោកវេជ្ជ. បានបន្ថែមថា វត្តមាននៃការផ្សព្វផ្សាយលក់ ក៏ដូចជាការបង្ហាញអំពីការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើមនេះ គឺពិតជាជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះយុវជន និងកុមារ និងឈានដល់ការបំផ្លាញអនាគត់ពួកគេ។ យុវជន និងកុមារជាអនាគតធនធានមនុស្សរបស់ប្រទេសជាតិ ហើយពួកគេគួរតែត្រូវបានការពារ កុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដែលបង្កដោយបារីអេឡិចត្រូនិក។

លោកវេជ្ជ.មុំ គង់ បានឱ្យដឹងទៀតថា ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យចាប់ផ្ដើមប្រើប្រាស់ ឬបញ្ឍប់ការប្រើប្រាស់បារីអេឡិចត្រូនិក អាជ្ញាធរបាក៉ព័ន្ធគួរតែមានយន្តការផ្លូវច្បាប់បន្ថែម ដើម្បីដាក់ទោសទ័ណ្ឌដល់អ្នកលក់បារីអេឡិចត្រូនិក និងអន្តរាគមន៍លើការហាមឃាត់កាតនាំចូលបារីអេឡិចត្រូនិក ពីព្រោះថា បើគ្មានការនាំចូល ក៏គ្មានការប្រើប្រាស់ដែរ។
 
គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១៕

ការលក់បារីអេឡិចត្រូនិក ឬវេប មានការកើនឡើងតាមបណ្ដាញព័ត៌មានសង្គម (រូបភាពខាងក្នុង)
480×240 Banner