ដូម្តេចដែលហៅថា «ដែនម៉ាញេទិច» និង «កម្លាំងទំនាញសកល»? ស្វែងយល់បន្ថែម…
(បរទេស)៖ ដែនម៉ាញេទិច (មេដែក) និងទំនាញសាកល គឺពុំជាមែនគោលគំនិតស្រដៀងគ្នានោះឡើយ។ គោលគំនិត ឬក៏អត្ថន័យនៃពាក្យទាំង ០២នេះ គឺផ្ទុយស្រឡះពីគ្នាទាំងស្រុងតែម្តង។ ទោះបីជាបាតុភូតទាំង ០២ ត្រូវគេចាត់ទុកថា គឺជាកម្លាំងដូចគ្នាយ៉ាងណាក្តី ពួកវាគឺជាកម្លាំងដែលមានបុគ្គលិកលក្ខណៈ ក៏ដូចជាលក្ខណៈសម្បត្តិខុសពីគ្នា។
១៖ ដំបូងបំផុតយើងមកយល់ពី ទំនាញសាកល (Gravity) ដែលជាប្រភេទកម្លាំងខុសប្លែកពីគេ បញ្ចេញសកម្មភាព នៅចន្លោះវត្ថុចំនួន ០២ ដោយមិនប្រកាន់ពីសមាសធាតុផ្សំរបស់វត្ថុទាំងនោះថាអ្វីឡើយ។ ដរាបណាវត្ថុទាំង ០២ នោះមានម៉ាស់ កម្លាំងទំនាញសាកល នឹងធ្វើសកម្មភាពនៅចន្លោះពួកវា។ រាល់វត្ថុចំនួន ០២ ដរាបណាពួកវានៅតែមានម៉ាស់ (ទម្ងន់-រូបរាង) នោះ នឹងធ្វើការទាញសំដៅទៅរកគ្នា បើសិនជាមានវត្តមាននៃទំនាញ ឬកម្លាំងទំនាញ។
ទំនាញផែនដីមានន័យថា ជាកម្លាំងទាញរបស់ផែនដី ចំពោះវត្ថុណាមួយ ដូចជាដុំថ្ម មនុស្ស ដើមឈើ អគារ និងវត្ថុមានម៉ាស់នឹងទម្ងន់ផ្សេងទៀត ហើយទំនាញនេះនឹងផុតនៅរយៈចម្ងាយចាប់ពីជាង ៤០០គីឡូម៉ែត្រឡើងទៅ ឆ្ងាយពីផ្ទៃផែនដី (យើងមិននិយាយអំពីវត្ថុអវកាស និងអាចម៍ផ្កាយដែលមកបុកផែនដីនោះឡើយ)។
២៖ បន្ទាប់មកទៀតនេះគឺ ដែនម៉ាញេទិច (Magneticfield) ដែលវាមានសកម្មភាពផ្ទុះស្រឡះអំពីកម្លាំងទំនាញផែនដី។ កម្លាំងនៃដែនម៉ាញេទិច គឺសំដៅទៅលើអំណាចថាមពល (មិនអាចមើលឃើញ) ចេញពីស្នូលរបស់ផែនដី ជះទៅកាន់ទីអវកាសជុំវិញផែនដី។ ដែន ឬកម្លាំងម៉ាញេទិច មានអំណាចចំនួនពីរនោះគឺ ១. ស្រូបវត្ថុពីរឲ្យចូលគ្នា និង ២. ច្រានវត្ថុពីឲ្យចេញពីគ្នា។ ឥរិយាបទនៃដែនម៉ាញេទិច ក៏រងឥទ្ធិពលដោយចលនាប្រែប្រួល នៃថាមពលអេឡិចត្រុងនៅក្នុងវត្ថុនីមួយៗផងដែរ ប៉ុន្តែចំណុចនេះវាមិនមែនមានន័យ ដូចទៅនឹងដែនទំនាញ និងកម្លាំងទំនាញនោះឡើយ។
ចំណុចបន្ថែម៖ អ្វីដែលគួរយល់ គឺកម្លាំងទំនាញជះឥទ្ធិពលដោយប្រយោល លើវត្ថុទាំងអស់នៅលើផ្ទៃភពផែនដី និងវត្ថុអ្វីក៏ដោយ ដែលស្ថិតនៅក្នុងបរិយាកាសដែលកម្លាំងទំនាញ មានអំណាចទៅដល់ ឧទាហរណ៍បើគ្មានកម្លាំងទំនាញតែម្តង នោះរាល់វត្ថុទាំងអស់ រួមទាំងមនុស្ស នឹងអណ្តែតពាសពេញបរិយាកាស ឬក៏អាចឃ្លាតឆ្ងាយពីផែនដី ទៅកាន់ទីអវកាសជាក់ជាមិនខាន ហើយចុងក្រោយផែនដីគឺមានស្ថានភាពមិនខុសពីព្រះច័ន្ទនោះទេ។
សម្រាប់ដែនម៉ាញេទិចវិញ គឺមានអំណាចផ្ទុយពីនេះ ប៉ុន្តែវាមិនបានជះឥទ្ធិពលទៅលើវត្ថុ និងជីវិតមនុស្សនៅផែនដីនោះទេ ដោយវាមានឥទ្ធិពលតែទៅលើវត្ថុធាតុមួយចំនួនតូចប៉ុណ្ណោះ ឧទាហរណ៍វាជួយរារាំង (ធ្វើជាខែល) សារធាតុវិទ្យុសកម្មពីព្រះអាទិត្យ មិនឲ្យមកជិតផែនដី ឬចូលក្នុងបរិយាកាសផែនដីបាន។ បើគ្មានដែនម៉ាញេទិចទេ មនុស្សនឹងអាចរស់នៅបាន ប៉ុន្តែមិនបានយូរនោះទេ បើសិនជាព្យុះព្រះអាទិត្យ ឬរលកសារធាតុវិទ្យុសកម្មកើនឡើងកាន់តែខ្ពស់នោះ បរិយាកាសផែនដី គ្មានសមត្ថភាពការពារជាតិមនុស្សសត្វទៀតនោះឡើយ…។
សរុបសេចក្តីមក ទោះបាតុភូតធម្មជាតិទាំងពីរខាងលើនេះខុសគ្នា ប៉ុន្តែវាមានចំណុចធំមួយដែលដូចគ្នា នោះគឺការពារជាតិជីវិតមនុស្ស និងលំនឹងភពផែនដី ដែលសុទ្ធសឹងតែជាប្រយោជន៍មិនអាចខ្វះមួយណាបានឡើយ៕
ប្រែសម្រួល៖ differencebetween.net
