យល់ដឹង៖ លក្ខណៈសម្បត្តិ នាវាមុជទឹកខ្នាតតូច Titan និងដំណើរដែលគ្មានថ្ងៃវិលត្រលប់ (មានវីដេអូ)
(បរទេស)៖ នាវាមុជទឹកខ្នាតតូច (submersible) ឈ្មោះ ថៃធិន (Titan) របស់ក្រុមហ៊ុន OceanGate Expeditions នៅសហរដ្ឋអាមេរិក បានជួបគ្រោះអកុសល្យនៅបាតសមុទ្រ អាត្លង់ទិក (Atlantic) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ (បើយើងគិតតាមថ្ងៃដែលរកឃើញបំណែកនោះ និងកំណត់ថា មនុស្សទាំងអស់ក្នុងនាវានោះបានបាត់បង់ជីវិតហើយ)។
មានការជជែកវែកញែកជាច្រើន អំពីសមត្ថភាពរបស់ Titan និងប្រព័ន្ធសុវត្ថិភាពរបស់វា ដែលមើលទៅហាក់មិនអាចទ្រាំទ្រនឹងសម្ពាធដ៏ខ្លាំងមហិមា នៃបាតសមុទ្រជម្រៅរាប់គីឡូម៉ែត្របានឡើយ ប៉ុន្តែនាវានោះត្រូវបានគេអះអាងថា ធ្លាប់បានចុះទៅដល់ទីនោះ ២ លើករួចមកហើយដោយសុវត្ថិភាព ខណៈលើកទី ៣ នេះគឺជាលើកចុងក្រោយ។
១៖ លក្ខណៈសម្បត្តិជារួមរបស់ Titan
- តួនាវាផលិតឡើងពី កាបូន-ហ្វៃប៊ឺ (Carbon Fiber) និង ទីតាញ៉ូម (titanium) ដែលនាំឲ្យវាមានទម្ងន់ស្រាលជាងការផលិតពីដែក-ទីតាញ៉ូម និងមានភាពរឹងមាំ
- ប្រវែងបណ្តោយ៖ ៦.៧ម៉ែត្រ និងប្រវែងមុខកាត់ (ទទឹង)៖ ២.៨ម៉ែត្រ
- ទម្ងន់នាវាទទេ៖ ១០,៤៣២គីឡូក្រាម (ជាង ១០តោន) និងអាចផ្ទុកទម្ងន់បន្ថែមក្នុងបានអតិបរមាណ ៦៨៥គីឡូក្រាម
- ជម្រៅទឹកដែលអាចចុះទៅដល់គឺ ៤,០០០ម៉ែត្រ ជាអតិបរមា
- អាចផ្ទុកអុកស៊ីហ្សែនសម្រាប់មនុស្សទាំងអស់ក្នុងនាវា ដកដង្ហើមបាន ៩៦ម៉ោង

២៖ ក្រុមហ៊ុន OceanGate Expeditions
ជាក្រុមហ៊ុនមួយមានមូលដ្ឋាននៅសង្កាត់ Everett នៃទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានចាប់ផ្តើមបេសកកម្មនានា ទៅកាន់តំបន់សមុទ្រទឹកជ្រៅ តាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ។ ចាប់តាំងពីការបើកដំណើរមក OceanGate បានផ្តល់សេវាកម្មផ្នែកនាវាមុជទឹកខ្នាតតូច (submersible) ចំនួនជាង ២០០លើកមកហើយ នៅសមុទ្រអាត្លង់ទិក, ប៉ាស៊ីហ្វិក និងឈូងសមុទ្រម៉ិចស៊ិក ជាមួយនឹងនាវាខ្នាតតូចដូច Titan ចំនួន ៣គ្រឿង។

៣៖ តម្លៃសំបុត្រ និងជាដំណើរក្រោយ
ការបាត់ដំណឹងនៃនាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic ដែលបានលិចតាំងតែពីឆ្នាំ ១៩១២ នោះ បានកើតមានឡើង នៅរយៈពេល ១ម៉ោង និង ៤៥នាទី ក្រោយការចាប់ផ្តើមចេញដំណើរកម្សាន្ត សម្រាប់រយៈពេល ៨ថ្ងៃរបស់ពួកគេ កាលពីវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងនៅភាគខាងកើតកាណាដា) ពីតំបន់ឆ្នេរនៃខេត្ត Newfoundland ស្ថិតចុងភាគខាងកើតប្រទេសកាណាដា។

មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកខ្នាតតូច ដែលកំពុងបាត់ដំណឹងនោះមានដូចជា លោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។

សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ (បូករួមទាំងការចុះទៅទស្សនា ខ្មោចកប៉ាល់ទីតានិក) ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions។ ទីតាំងរបស់ខ្មោចកប៉ាល់ Titanic ដែលត្រូវជាកន្លែងពួកគេបានជួបគ្រោះថ្នាក់ផងដែរនោះ ស្ថិតនៅចម្ងាយ ៧៤០គីឡូម៉ែត្រពីតំបន់ឆ្នេរខេត្ត Newfoundland របស់កាណាដា។

៤៖ គ្រោះថ្នាក់ និងបំណែកនាវា Titan
នៅក្នុងដំណើរការរុករក គឺបានប្រើប្រាស់រ៉ូបូតមុជទឹក (robot) ដែលស្ថិតនៅក្នុងប្រភេទជាពពួកគ្រឿងយន្ត ROVs (remotely operated vehicles) អាចធ្វើការចុះទៅសមុទ្រទឹកជ្រៅ និងស្កេនមើលបាតសមុទ្រ ដើម្បីស្វែងរកមើលតំរុយនៃនាវាមុជទឹក Titan នោះ ហើយនៅទីបំផុតគេបានរកឃើញ បណ្តុំនៃបំណែកនាវាមុជទឹក នៅចម្ងាយប្រមាណ ៤៨៨ម៉ែត្រពីផ្នែកក្បាលរបស់ខ្មោចនាវា Titanic។
នៅមុនការរកឃើញជាង ១ថ្ងៃ (ថ្ងៃអង្គារ ទី២០ ខែមិថុនា – ម៉ោងនៅសហរដ្ឋអាមេរិក) កងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិក និងកាណាដា បានអះអាងពីការចាប់បាន សំឡេងលាន់ឮខ្លាំងចេញពីក្នុងបាតសមុទ្រ ត្រង់ទីតាំងដែលខ្មោចកប៉ាល់ Titanic កំពុងស្ថិតនៅ ហើយកាលណោះពួកគេបានសង្ស័យថា នាវាមុជទឹកខ្នាតតូចនោះបានផ្ទុះ (implode) បាត់ទៅហើយ ដោយសារតែសម្ពាធនៃសមុទ្រទឹកជ្រៅ ឬអាចជាការខូចខាតប្រព័ន្ធគ្រប់គ្រងសម្ពាធរបស់នាវា។

ដោយវិភាគលើការរៀបរាប់ពីមន្ត្រីជំនាញអាមេរិក តួនាវា Titan នោះមិនមែនស្ថិតនៅទាំងមូលឡើយ ដោយវាបានបែកខ្ញែក និងធ្លាក់រាយប៉ាយ នៅក្បែរៗខ្មោចនាវា Titanic នោះទៅហើយ។ ដូចការអះអាងពីអ្នកជំនាញអន្តរជាតិតាំងពីដើមមកថា ការស្វែងរកវត្ថុដ៏តូចប៉ុននាវា Titan ក្នុងសមុទ្រដ៏ជ្រៅ និងងងឹតសូន្យឈឹងតែម្តងបែបនេះ គឺជារឿងលំបាកជាទីបំផុត។ បន្ថែមពីនេះ បើគិតតាមភាពជាក់ស្តែង គេមិនរំពឹងថានឹងអាចរកឃើញសាកសពជនរងគ្រោះនោះឡើយ។
៥៖ ការប្រឈមមុខផ្នែកច្បាប់
នៅក្នុងសន្និសីសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) មន្ត្រីឆ្នាំសមុទ្រអាមេរិកបានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំង ៥នាក់ ក្នុងនាវាមុជទឹក Titan នោះផងដែរ។

ប៉ុន្តែនៅមុនការរកឃើញបំណែកនាវាខាងលើនេះ ក្រុមអ្នកវិភាគខ្លះបានលើកឡើងថា ក្រុមហ៊ុន OceanGate អាចនឹងរងការស៊ើបអង្កេតដោយអាជ្ញាធរសហព័ន្ធអាមេរិក។ ទោះបីជាហេតុការណ៍គ្រោះថ្នាក់ បានកើតមានឡើងនៅក្នុងដែនសមុទ្រអន្តរជាតិក៏ពិតមែន តែសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងរ៉ាប់រងការស៊ើបអង្កេតនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Economic Times/CNA/CNN (ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣)
