តើអ្វីទៅជាមូលដ្ឋានភពអង្គារសិប្បនិមិត្ត (Mars Dune Alpha) និងបេសកកម្មសាកល្បង CHAPEA? (យល់ដឹង)
(អាមេរិក)៖ សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេ និងតែមួយគត់ ដែលបាននាំមនុស្សដំបូងទៅចុះចត និងជាន់លើផ្ទៃព្រះចន្ទ កាលពីឆ្នាំ ១៩៦៩ តាមរយៈបេសកកម្ម Apollo 11។ បេសកកម្មដែលបាននាំមនុស្សចុះចត និងអង្កេតផ្ទៃព្រះចន្ទ ត្រូវបានធ្វើឡើងដោយជោគជ័យសរុបចំនួន ៦លើក ខណៈ Apollo 17 គឺជាយានចុងក្រោយគេ ដែលបានបិទបញ្ចប់ បេសកកម្មនាំមនុស្សចុះលើផ្ទៃព្រះចន្ទ នៅក្នុងឆ្នាំ១៩៧២។ សម្រាប់កត្តាចម្បងដែលនាំឲ្យសហរដ្ឋអាមេរិក បិទបញ្ចប់បេសកកម្ម Apollo ទៅកាន់ឋានព្រះចន្ទនោះមាន ២ ធំៗ នោះគឺទី១៖ ថវិកា និងទី២៖ អាទិភាព។

សម្រាប់រយៈកាលក្រោយមកទៀត ការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក មានការផ្តោតសំខាន់ខ្លាំងឡើងទៅលើភពព្រះអង្គារ និងទីឋាននានាផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។ ការបង្កើតមូលដ្ឋានមនុស្សលើភពអង្គារ ទោះជាត្រូវបានគេវិភាគថា នឹងអាចកើតឡើងរហូតដល់អំលុងទសវត្សរ៍ ២០៤០ តែមិនមានមេដឹកនាំអាមេរិកណាម្នាក់ធ្លាប់និយាយថា នឹងបោះបង់មហិច្ឆតាដ៏ធំធេងទាំងនោះចោលឡើយ ដោយគ្រាន់តែការរៀបចំផែនការ ត្រូវបានធ្វើឡើងឲ្យលម្អិតជាងមុនប៉ុណ្ណោះ។
ក្រៅពីបេសកកម្ម Artemis ដើម្បីកសាងមូលដ្ឋានមនុស្សដំបូង និងអចិន្ត្រៃយ៍លើផ្ទៃព្រះចន្ទ ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥ (យោងតាមផែនការចុងក្រោយ) ការហ្វឹកហាត់លើផែនដីវិញ ក៏បាននិងកំពុងប្រព្រឹត្តទៅជាបណ្តើរៗផងដែរ ទាំងសម្រាប់ការត្រៀមរស់នៅលើយានអវកាសផង, ផ្ទៃព្រះចន្ទផង និងផ្ទៃភពអង្គារផង នៅក្នុងរយៈពេលយូរ ព្រមទាំងជាមួយបរិស្ថានសិប្បនិមិត្ត ដ៏លំបាកៗថែមទៀត។

ក្រុមអ្នកវិទ្យាសាស្ត្រដែលមានសមាជិក ៤រូប កំពុងចាប់ផ្តើមរស់នៅសម្របខ្លួន សម្រាប់រយៈពេលរហូតដល់ទៅជាង ១ឆ្នាំ ដោយចាប់ផ្តើមពីវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីសម្របខ្លួនក្នុងការរស់នៅ, បំពេញកិច្ចការងារ, ប្រាស្រ័យទាក់ទងជាមួយមនុស្សលើផែនដី និងពិសោធន៍ផងដែរ នៅក្នុងទីឋានសិប្បនិមិត្តមួយ ដែលពួកគេសន្មត់ថា ជាភពអង្គារនោះ។

ក្រុមអ្នកវិទ្យាសាស្ត្រទាំង ៤រូបនោះមានដូចជា លោកស្រី Kelly Haston (ជាអ្នកវិទ្យាសាស្ត្រ), លោក Ross Brockwell (ជាវិស្វករ), លោក Nathan Jones (ជាប្រធានការិយាល័យវេជ្ជសាស្ត្រ) និងលោកស្រី Anca Selariu (ជាអ្នកជំនាញផ្នែកជីវសាស្ត្រ និងមីក្រូសាស្ត្រ) កំពុងស្ថិតក្នុងបេសកកម្មពិសោធន៍ Crew Health and Performance Exploration Analog Mission 1 (CHAPEA Mission 1)។ CHAPEA Mission 1 នេះផ្តោតសំខាន់លើការតាមដានអំពី លក្ខខណ្ឌសុខភាព និងការពិសោធន៍នានាតាមបែបវិទ្យាសាស្ត្រ នៅក្នុងបរិស្ថានដែលត្រូវបានរៀបចំឡើង ឲ្យស្រដៀងនឹងនៅលើភពព្រះអង្គារ ជាពិសេសគឺរយៈពេលជាង ១ឆ្នាំ នៃការស៊ូទ្រាំស្នាក់នៅដែលមានរយៈពេល «៣៧៨ថ្ងៃ» នៅក្នុងទីឋាននោះ ដោយមិនអាចស្គាល់ភពផែនដី។

មូលដ្ឋាន Mars Dune Alpha ជាប្រភេទអគារព្រីន 3D មានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌល Johnson នៃទីក្រុងហូស្តុន (Houston) រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ គោលដៅចម្បងនៃបេសកកម្មនេះ គឺដើម្បីយល់ដឹងខ្លះៗជាមុន អំពីអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រ និងអវកាសយានិកនឹងត្រូវប្រឈមមុខ ឬស៊ូទ្រាំឲ្យខាងតែបាន ពេលទៅរស់នៅលើផ្ទៃភពអង្គារ។

នៅក្នុង Mars Dune Alpha ដែលមានទំហំ ១៥៨ម៉ែត្រការ៉េនោះ មានបន្ទប់ទឹកចំនួន ២, ច្រកផ្លូវ airlock មួយ ដែលដឹកនាំទៅកាន់កន្លែងទីវាល (outdoor) មួយ ដែលត្រូវបានសាងសង់ឡើង ឲ្យស្រដៀងទៅនឹងបរិស្ថានភពអង្គារ, កន្លែងបញ្ឈរសម្រាប់ដាំដុះដំណាំមួយ, បន្ទប់ថែទាំវេជ្ជសាស្ត្រមួយ, បន្ទប់ទទួលភ្ញៀវមួយ និងកន្លែងបំពេញការងារមួយចំនួនទៀត។

គួរបញ្ជាក់ថា អំលុងការស្នាក់នៅដោយមិនចេញទៅណា និងសន្មត់ថាខ្លួនកំពុងស្ថិតក្នុងបរិស្ថានលើភពអង្គារនោះ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA នឹងវិភាគលើការស្នាក់នៅជាក់ស្តែង និងតាមដានសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ ដើម្បីវាយតម្លៃសមត្ថភាពរបស់មនុស្សជារួម ក្នុងការទប់ទល់នឹងលក្ខខណ្ឌបែបខ្វះខាតធនធាន នៃបរិស្ថានដូចជានៅលើភពអង្គារ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣)
