អាមេរិកត្រៀមស្វាគមន៍ OSIRIS-REx ទម្លាក់ប្រអប់ស្តុក «សំណាកអាចម៍ផ្កាយ» មកលើផែនដីនៅប៉ុន្មានខែទៀត!

413

(អាមេរិក)៖ អង្គការ NASA និងទីភ្នាក់ងារយោធាសហរដ្ឋអាមេរិក បាននិងកំពុងត្រៀមដើម្បីទទួលស្វាគមន៍ការមកដល់នៃសំណាក (sample) របស់អាចម៍ផ្កាយ ប៊ែននូ (Bennu) ដែលយាន អូសាយរីស-រិច (OSIRIS-REx) បានប្រមូលយកកាលពីខែតុលា ឆ្នាំ២០២០។ ប្រអប់ស្តុក Sample របស់អាចម៍ផ្កាយ Bennu នឹងត្រូវទម្លាក់លើវាលខ្សាច់មួយនៃរដ្ឋ យូតាហ៍ (Utah) ភាគខាងលិចសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ (ពេលវេលានៅសហរដ្ឋអាមេរិក)។

(រូបភាពពី NASA)

ជុំវិញព្រឹត្តិការណ៍ខាងលើនេះ នៅថ្ងៃទី ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ អង្គការ NASA នឹងចាប់ផ្តើមបើកទទួលការចុះឈ្មោះពីក្រុមអ្នកសារព័ត៌មាន ដើម្បីចូលរួមក្នុងកិច្ចសម្ភាសន៍មួយ ជាមួយក្រុមអ្នកស្រាវជ្រាវនៃបេសកកម្ម OSIRIS-REx ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំដដែល (ពេលវេលានៅអាមេរិក)។ ពួកគេនឹងជជែកដេញដោលអំពីគោលដៅចម្បងៗ និងភាពស្មុគស្មាញនៃបច្ចេកវិទ្យារបស់ OSIRIS-REx ព្រមទាំងអ្វីដែលយាននេះនឹងត្រូវធ្វើបន្ទាប់ទៀត ក្រោយបញ្ចប់បេសកកម្មពាក់ព័ន្ធនឹងអាចម៍ផ្កាយ Bennu នោះ។

អាមេរិកត្រៀមស្វាគមន៍ OSIRIS-REx ទម្លាក់ប្រអប់ស្តុក «សំណាកអាចម៍ផ្កាយ» មកលើផែនដីនៅប៉ុន្មានខែទៀត!
(រូបភាពពី NASA)

គួរបញ្ជាក់ថា បេសកកម្ម OSIRIS-REx របស់ NASA នេះក៏មានដៃគូអន្តរជាតិចូលរួមសហការជាមួយផងដែរ នោះគឺអង្គការអវកាសកាណាដា (CSA) តាមរយៈឧបករណ៍ឡាស៊ែរបំពាក់លើយាន OSIRIS-REx (Laser Altimeter instrument) និងអង្គការអវកាសជប៉ុន (JAXA) តាមរយៈបេសកកម្ម Hayabusa2។ អង្គការ NASA មានការសង្ស័យថា អាចម៍ផ្កាយវ័យចំណាស់មានអង្កត់ផ្ចិតជាង ៥០០ម៉ែត្រដូចជា Bennu នោះ អាចមានផ្ទុកម៉ូលេគុលនានា ដែលមានក្នុងជីវិតដំបូងៗ ដែលបានកកើតលើភពផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE

480×240 Banner