តារាវិទូរកឃើញភពពិសេសមួយដែល «មិនសមកើតមាន» ព្រោះវាប្រៀបបីដូចជា «កញ្ចក់យក្ស» (មានវីដេអូ)
(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិ តាមរយៈតេឡេស្កូបអវកាស CHEOPS របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះថា ពួកគេទើបបានប្រទះឃើញ «ភពមិនសមកើតមាន» ថ្មីមួយ ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយដទៃ ហើយជាភពដ៏សែនក្តៅ និងមានទំហំធំជាងភពណិបទូន (Neptune) នៃប្រព័ន្ធព្រះអាទិត្យយើងបន្តិច ប៉ុន្តែភពនោះគោចរជុំវិញផ្កាយមេរបស់វាមួយជុំ ដោយប្រើប្រាស់ពេលតែ ១៩ម៉ោងប៉ុណ្ណោះ (ស្មើនឹង ១ឆ្នាំរបស់វា)។

អ្វីដែលពិសេសបំផុត និងនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រហៅភពខាងលើនេះថា «ភពមិនសមកើតមាន» នោះ គឺដោយសារតែនៅក្នុងពពកស្រោបជុំវិញភពនោះ ផ្សំឡើងដោយសារធាតុ ទីតាញ៉ូម (Titanium) និងស៊ីលីកេត (Silicate) ដែលអាចបង្កើតចំណាំងផ្លាតពន្លឺ នៃផ្កាយរបស់វាស្ទើរតែងទាំងអស់ ទៅកាន់ទីអវកាសវិញ ហើយដំណើរបែបនេះ គឺមិនខុសអ្វីទៅនឹង «កញ្ចក់យក្ស» មួយក្នុងទីអវកាសនោះឡើយ។

ជុំវិញការរកឃើញថ្មីនេះ តារាវិទូមួយរូបឈ្មោះ James Jenkins មកពីសាកលវិទ្យាល័យ Diego Portales និងមជ្ឈមណ្ឌលសម្រាប់វិស័យបច្ចេកវិទ្យា និងតារាសាស្ត្រ CATA របស់ប្រទេសឈីលីបានលើកឡើងថា «វាជាកញ្ចក់យក្សមួយនៅក្នុងទីអវកាស… វាតែងតែជះ (ផ្លាត) ពន្លឺប្រមាណ ៨០% ត្រលប់ទៅកាន់ទីអវកាសវិញ ដោយប្រការនេះបាននាំឲ្យវាក្លាយជា វត្ថុអវកាសដែលអាចបង្កចំណាំងផ្លាតខ្លាំងបំផុត មិនធ្លាប់ត្រូវបានជួបប្រទះនៅក្នុងចក្រវាល…»។
តារាវិទូ James Jenkins បានសង្កត់ធ្ងន់ទៀតថា «ក្រៅពីព្រះចន្ទ វត្ថុអវកាសដែលអាចបង្កចំណាំងផ្លាតពន្លឺ មកកាន់ផែនដីយើងខ្លាំងបំផុតនោះ គឺភពសុក្រ (Venus) ព្រោះភពនេះមានពពកក្រាស់ឃ្មឹក ដែលសុទ្ធសឹងជាពពកនៃអាស៊ីតស៊ុលផួរិច (sulfuric acid) ដ៏ពុល។ ភពសុក្រតែងតែជះពន្លឺព្រះអាទិត្យ ៧៥% នៃពន្លឺទាំងអស់ដែលវាទទួលបាន ត្រលប់ទៅកាន់ទីអវកាសវិញ ខណៈភពផែនដីយើងអាចធ្វើបែបនេះបានតែ ៣០% ប៉ុណ្ណោះ…»។

គួរបញ្ជាក់ថា ភពពិសេសមិនធ្លាប់មានដូចបានរៀបរាប់ខាងលើនេះ មានឈ្មោះសម្គាល់ថា LTT9779b គោចរជុំវិញផ្កាយ LTT9779 (ជាផ្កាយលំដាប់ G-type ឬផ្កាយតូចពណ៌លឿង ដូចព្រះអាទិត្យយើង) ដែលមានចម្ងាយប្រមាណ ២៦៤ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងស្ថិតនៅក្នុងតារានិករ Sculptor បើយើងមើលទៅលើផ្ទៃមេឃផែនដី។ អង្កត់ផ្ចិតរបស់ភព LTT9779b វែងជាងអង្កត់ផ្ចិតផែនដី ៤.៧ដង ហើយភពនេះគោចរកៀកផ្កាយមេរបស់វាខ្លាំងនោះគឺត្រឹមតែ ២.៥លានគីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ដែលនាំឲ្យផ្ទៃរបស់វាមានកម្តៅរហូតដល់ទៅ ១,៨០០អង្សាសេ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ REUTERS/NASA/ESA (ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣)
