តើមនុស្សលោកនឹងអស់ «ប្រេង» ប្រើប្រាស់នៅពេលណា? (យល់ដឹង)

9

(បរទេស)៖ សង្គ្រាមនៅមជ្ឈិមបូព៌ា បាននិងកំពុងធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើងខ្ពស់ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននារយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ គិតចាប់តាំងពីបដិវត្តន៍ផ្កាម្លិះបានផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កាលពីដើមទសវត្សរ៍ ២០១០ នោះ។ ឥលូវនេះយើងងាកពីសង្គ្រាមដ៏ក្តៅគគុកនោះសិន ហើយវិលមកកាន់ប្រធានបទរបស់យើងវិញ នោះគឺបរិមាណនៃធនធានប្រេងឆៅ (crude oil) លើផែនដី… តើធនធានប្រេងលើផែនដីអាចទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចរបស់មនុស្សលោកបានយូរកម្រិតណា?

  • តើប្រេងឆៅ (crude oil) មានប្រភពដើមមកពីអ្វី?

ប្រេងឆៅបានចាប់ផ្តើមកកើតឡើងដំបូង នៅក្នុងយុគសម័យមួយដែលគេហៅថា មេសូហ្សូអ៊ីក (Mesozoic Era គិតចាប់ពី ២៥២លានឆ្នាំមុន មកដល់ ៦៦លានឆ្នាំមុន)។ អស់រយៈពេលរាប់រយលានឆ្នាំមកនេះ ប្រេងទាំងនោះបានកកកុញនៅក្រោមដី ដែលពួកយើងដើរជាន់រាល់ថ្ងៃនេះបន្តិចម្តងៗ ដោយបានមកពីសាកសពនៃពពួកសត្វ និងរុក្ខជាតិនានាដែលកប់នៅក្នុងដី ហើយបន្តកប់ចុះក្រោមពីមួយស្រទាប់ទៅមួយស្រទាប់ទៀត ដូចជាដីខ្សាច់ ដីល្បាប់ និងថ្មជាដើម។

កម្តៅ និងសម្ពាធក្នុងរយៈពេលរាប់សិបលានឆ្នាំ បានបំប្លែងកាកសំណល់ទាំងនោះបន្តិចម្តងៗ ទៅជាទម្រង់រាវដែលយើងហៅថា «ប្រេងឆៅ (crude oil)» នោះឯង ហើយជាធម្មតាមានជម្រៅចាប់ពីជាង ៣០០m ទៅជាង ៦km ទៅក្នុងដីឬសំបកផែនដី។

ទោះបីជាប្រេងបានចាប់ផ្តើមនៅក្នុងយុគសម័យ Mesozoic មែន តែមិនមែនស្ថិតនៅដើមសម័យនោះទេ ដោយវាបានកកើតឡើងនៅជិតកណ្តាលសម័យវិញ នោះគឺប្រមាណ ១៦៥លានឆ្នាំមុន ព្រោះតែសំណល់ជីវិត និងរុក្ខជាតិសមុទ្រដូចជា ប្លង់តុង (plankton), សារាយ (algae) ព្រមទាំងបាក់តេរី (bacteria) ត្រូវការពេលយ៉ាងហោចណាស់ ៦០លានឆ្នាំឡើងទៅ ទើបអាចកកើតទៅជាប្រេងឆៅបាន ហើយប្រេងឆៅបានមកពីប្រភពទាំងអស់នេះ គឺតំណាងឲ្យ ៧០% នៃប្រេងទាំងអស់លើផែនដី…។

  • តើប្រទេសណាលើផែនដី ដែលមានធនធានប្រេងច្រើនជាងគេ?

យោងតាមវែបសាយ Worldometer កាលពីឆ្នាំ២០២៥ ប្រទេសដែលមានប្រេងបម្រុង (oil reserve) ឬធនធានប្រេងឆៅនៅក្រោមដីច្រើនជាងគេបំផុតនោះ គឺប្រទេសវេណេស៊ុយអេឡា នៃតំបន់អាមេរិកខាងត្បូង។ ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលមានធនធានប្រេងបម្រុង ច្រើនជាងគេបំផុតលើលោកគិតត្រឹមឆ្នាំ២០២៥ (១បារ៉ែលអាចផលិតសាំងបាន ៧២-៧៦លីត្រ)៖

១៖ ប្រទេសវេណេស៊ុយអេឡា = ៣០៣ ពាន់លានបារ៉ែល (ស្មើនឹង ១៧.១៧% នៃប្រេងបម្រុងពិភពលោក)
២៖ អារ៉ាប៊ីសាអូឌីត = ២៦៧ ពាន់លានបារ៉ែល (១៥.១៤%)
៣៖ អ៊ីរ៉ង់ = ២០៨ – ២០៩ ពាន់លានបារ៉ែល (១១.៨២%)
៤៖ កាណាដា = ១៦៣ – ១៧១ ពាន់លានបារ៉ែល (៩.២៤%)
៥៖ អ៊ីរ៉ាក់ = ១៤៥ ពាន់លានបារ៉ែល (៨.២២%)
៦៖ អេមីរ៉ាត់អារ៉ាប់រួម (UAE) = ១១៣ ពាន់លានបារ៉ែល (៦.៤០%)
៧៖ គុយវ៉េត (កូវ៉ែត) = ១០១ ពាន់លានបារ៉ែល (៥.៧៥%)
៨៖ សហរដ្ឋអាមេរិក = ៨៣.៧៣ ពាន់លានបារ៉ែល (៤.៧៤%)
៩៖ រុស្ស៊ី = ៨០ ពាន់លានបារ៉ែល (៤.៥៣%)
១០៖ លីប៊ី = ៤៨.៣៦ ពាន់លានបារ៉ែល (២.៧៤%)

ដោយឡែកប្រទេសចិនវិញស្ថិតនៅលេខរៀងទី ១៣ ជាមួយប្រេងបម្រុង ២៨.១៨ ពាន់លានបារ៉ែល (១.៦០%) ខណៈប្រទេសឥណ្ឌាស្ថិតនៅលេខរៀងទី ២៣ = ជិត ៥ពាន់លានបារ៉ែល (០.២៨%)

  • តើចំនួនប្រេងទាំងអស់ដូចខាងលើនេះ នឹងអស់នៅពេលណា?

យោងតាមវែបសាយ worldometer ដដែល គិតត្រឹមឆ្នាំ២០២៥ ធនធានប្រេងសកលលោក មានសរុបប្រមាណ ១.៧៣ – ១.៧៧ ទ្រីលានបារ៉ែល កើនឡើងពី ១.៦ ទ្រីលានបារ៉ែល ដែលត្រូវបានកត់ត្រាកាលពីឆ្នាំ២០២៣។ ប្រការនេះ គឺដោយសារតែប្លុកប្រេងថ្មីៗទៀត ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងសំបកផែនដី។

ប្រសិនគិតតាមតួលេខចុងក្រោយខាងលើនេះ ដោយគណនាជាមួយនឹងកម្រិតនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សលោកលើគ្រប់វិស័យ ប្រេងដែលយើងមាននេះអាចទ្រទ្រង់បានចាប់ពី ៤៧ ទៅ ៥៦ឆ្នាំទៀតប៉ុណ្ណោះ ដែលត្រូវនឹងដើមទសវត្សរ៍ ២០៧០ ឬអាចឆាប់ជាងនេះទៀត។

គួរបញ្ជាក់ថា ការគណនាចេញតួលេខខាងលើនេះ ក៏យោងទៅលើទំនោររបស់មនុស្សលោក ដែលកំពុងងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ថាមពលព្រះអាទិត្យ, វារីអគ្គិសនី, ថាមពលខ្យល់ និងរថយន្តអគ្គិសនីជាដើម។ ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានព្យាករថា ការប្រើប្រាស់ប្រេងនឹងកើនឡើងខ្ពស់បំផុតចុងក្រោយនៅឆ្នាំ២០៣០ ហើយបន្ទាប់វាមកនឹងធ្លាក់ចុះមកវិញជាបន្តបន្ទាប់ ដូច្នេះទើបគេគណនាថា បរិមាណប្រេងបច្ចុប្បន្នអាចទ្រទ្រង់សកម្មភាពគ្រប់យ៉ាងរបស់មនុស្សជាមធ្យមបានត្រឹម ៥០ឆ្នាំ ទៀតប៉ុណ្ណោះ។

តើមនុស្សលោកនឹងអស់ «ប្រេង» ប្រើប្រាស់នៅពេលណា? (យល់ដឹង)
(រូបភាពពីបរទេស)

តែយ៉ាងណា វាមិនមែនមានន័យថា ៥០ឆ្នាំទៀតមនុស្សលោកនឹងអស់ប្រេងប្រើប្រាស់រលីងតែម្តងនោះឡើយ គ្រាន់តែនៅពេលនោះ ប្រេងនឹងលែងមានសម្រាប់ការផ្គត់ផ្គង់តម្រូវការជាចម្បងទៀត ហើយមនុស្សលោកនឹងងាកប្រើថាមពលផ្សេងទៀតជំនួសប្រេង។ ម្យ៉ាងវិញទៀត យើងក៏មិនទាន់អាចស្មានដឹងថា ប៉ុន្មានឆ្នាំខាងមុខទៀតនេះមានកំណប់ប្រេងថ្មីៗទៀត នឹងត្រូវរកឃើញដែរឬក៏យ៉ាងណានោះឡើយ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦)

480×240 Banner