តើអ្នកធ្លាប់គិតដល់ទេ? ព្រឹត្តិការណ៍អវកាសចំនួន «៥» អាចផ្តាច់ពូជមនុស្ស…

3

(បរទេស)៖ ព្រឹត្តិការណ៍អវកាសខ្លះលោកអ្នកប្រាកដជាគិតថា នឹងមិនអាចកើតឡើងនោះទេ តែតាមការពិតបាតុភូតមួយចំនួនក្នុងចំណោមនោះបានកើតឡើងរួចមកហើយចំពោះផែនដីកាលពីអតីតកាល ហើយក៏ធ្លាប់ធ្វើឲ្យជីវិតលើផែនដីវិនាសប៉ុន្មានលើករួចមកហើយដែរ…។ តើព្រឹត្តការណ៍ប្រភេទណាងាយកើតឡើងជាងគេ?

នៅក្នុងអត្ថបទ (វីដេអូ) ថ្មីនេះ យើងសូមលើកយកព្រឹត្តិការណ៍ចំនួន «៥» ពីទីអវកាស ដែលអាចកើតមានឡើងចំពោះភពផែនដី ហើយបង្កក្តីអន្តរាយដល់ជីវិតគ្រប់យ៉ាងរួមទាំងមនុស្ស ដោយយើងសូមរាប់ចាប់ពីលេខ ថយចុះមកវិញ ដើម្បីបញ្ជាក់ពីកម្រិតធ្ងន់ធ្ងរបំផុតដូចតទៅ៖

៥៖ កត្តាព្រះអាទិត្យរបស់យើងផ្ទាល់

រឿងនេះអាចថា នៅយូរយាទៀតណាស់ ឬជីវិតគ្រប់យ៉ាងលើផែនដីរួមទាំងមនុស្ស ទំនងជាមិនអាចមានជីវិតដល់ពេលនោះឡើយ តែនៅក្នុងករណីដែលមនុស្សអាចរង់ចាំ ដល់ពេលនោះ នោះប្រាកដជានឹងត្រូវផុតពូជដោយចៀសមិនរួច…។ យើងកំពុងនិយាយទៅដល់ រយៈពេល ២ពាន់លានឆ្នាំទៀត ដែលព្រះអាទិត្យរបស់យើងនឹងក្លាយជាតារាដែលមានភាពពុះកញ្ជ្រោល និងបញ្ចេញថាមពលកម្តៅកាន់តែខ្លាំង…។

(Image Source: BBC)

នៅពេលនោះ ភពផែនដីប្រែក្លាយជាឋានរកបន្តិចម្តងៗ ដោយមហាសមុទ្រ បឹង និងទន្លេនានានឹងរងកម្តៅដល់រីងហួតអស់, បរិយាកាសកើនឡើងកម្តៅខ្លាំង និងពុល ព្រមទាំងជីវៈចំរុះទាំងអស់ដែលតែងស្ថិតនៅជាប្រព័ន្ធអេកូឡូស៊ី ជួយទ្រទ្រង់គ្នាទៅវិញទៅមកនោះ នឹងត្រូវរលំរលាយទាំងស្រុង…។ ប្រសិនបើពេលនោះ មនុស្សលោកមិនអាចរកទីឋានថ្មីដើម្បីរស់នៅបានទេនោះ ពូជពង្សមនុស្សនឹងរលំរលាយជាក់ជាមិនខាន…។

៤៖ បាតុភូតបន្ទុះស៊ូពើណូវ៉ា (Supernova)

ក្រុមតារាវិទូធ្លាប់បានរកឃើញថា បន្ទុះស៊ូពើណូវ៉ា (supernova) ឬការផុតរលត់អាយុនៃផ្កាយ តាមរយៈការផ្ទុះខ្លួនផ្កាយនោះ បានជះឥទ្ធិពលមកលើភពផែនដីជាច្រើនដងរួចមកហើយ ប៉ុន្តែជីវិតលើផែនដីនៅតែអាចទប់ទល់បាន ដោយមិនបានរងគ្រោះថ្នាក់គួរឲ្យកត់សម្គាល់នោះឡើយ។

យ៉ាងណាក៏ដោយ បន្ទុះ supernova មួយប្រភេទដែលក្រុមតារាវិទូដាក់ឈ្មោះសម្គាល់ថា Type II Supernova ត្រូវតែកកើតឡើងពីសំណាក់ផ្កាយដែលមានចម្ងាយប្រមាណ ២៥-៣០ ឆ្នាំពន្លឺពីភពផែនដី និងមានម៉ាសចាប់ពី ៨-៥០ដងនៃម៉ាសព្រះអាទិត្យយើង នោះទើបអាចបង្កភាពវិនាសអន្តរាយដល់ជីវិតលើភពផែនដីយើងបាន។

(Image Source: NASA)

ទោះជាបែបនេះក្តី វាមិនងាយនឹងកើតឡើងនោះឡើយ ព្រោះក្រុមតារាវិទូមិនទាន់រកឃើញ ផ្កាយណាមួយនៅក្នុងរយៈចម្ងាយនេះ ដែលអាចមានទំនោរទៅរក Supernova នោះឡើយ។ តែប្រសិនបើ Type II Supernova កើតឡើងក្នុងរង្វង់ចម្ងាយខាងលើនេះមែន នោះជីវិតលើផែនដីនឹងជួបក្តីវិនាស ដោយសារតែស្រទាប់អូហ្សូនផែនដីនឹងត្រូវបំផ្លាញ ជាមួយនឹងធាតុវិទ្យុសកម្មនៃកាំរស្មីអ៊ិច (gamma/X-ray radiation), ការជម្រុញឲ្យកើតមានយុគទឹកកក (ice ages) ម្តងទៀត និងការអាចបំផ្លាញបរិស្ថានទ្រទ្រង់ជីវិតលើផ្ទៃផែនដីទាំងស្រុងផងដែរ…។

៣៖ ភ្លៀវមកពីទីអវកាសដែលពិបាកស្មានដល់

កាឡាក់ស៊ី Milky Way របស់យើងនេះគឺពោពេញដោយផ្កាយរាប់រយពាន់លានដួង បូករួមទាំងភពតែលតោល (Rogue Planet), ប្រហោងខ្មៅ (Black Hole) និងកាកសំណល់នៃផ្កាយនានា ដែលសែសសល់ពីការកកើតប្រព័ន្ធផ្កាយទាំងនោះជាដើម។

តើអ្នកធ្លាប់គិតដល់ទេ? ព្រឹត្តិការណ៍អវកាសចំនួន «៥» អាចផ្តាច់ពូជមនុស្ស…
(Image Source: ESO)

ឧទាហរណ៍ ប្រសិនបើនៅសុខៗលេចចេញប្រហោងខ្មៅ ឬភពតែលតោលណាមួយ ចូលមកក្នុងប្រព័ន្ធយើង ហើយសម្តៅមករកផែនដី ដោយព្រះអាទិត្យយើងមិនអាចបង្វៀងផ្លូវភ្ញៀវដែលយើងមិនបានអញ្ជើញទាំងនោះទៅវិញបាន នោះជីវិតលើភពផែនដីនឹងត្រូវវិនាស…។

២៖ ការផ្ទុះជះ Gamma-ray ពីទីអវកាស

ការផ្ទុះជះរលកធាតុវិទ្យុសកម្មហ្គាំម៉ា (Gamma-ray bursts ឬ GRBs) ត្រូវបានក្រុមតារាវិទូគណនាថា អាចកើតមានឡើងយ៉ាងហោចណាស់ម្តងក្នុងរយៈពេល ១លានឆ្នាំ។ ប្រសិនបើវាកើតឡើងក្នុងរង្វង់ ៦,០០០ឆ្នាំពន្លឺពីភពផែនដីនោះ វានឹងបំផ្លាញស្រទាប់អូហ្សូនរបស់ភពផែនដីឲ្យខ្ទេចខ្ទី ហើយជីវិតទាំងអស់នឹងត្រូវអន្តរាយទៅតាមក្រោយ…។

(Image Source: NASA)

Gamma-ray burst គឺជាការផ្ទុះដែលជះថាមពលដ៏ខ្លាំងក្លាបំផុត នៅក្នុងចំណោមការផ្ទុះនានាក្នុងចក្រវាលយើងនេះ ហើយវាតែងកើតចេញពីការដួលរលំនៃផ្កាយយក្ស (massive star) នៅពេលត្រូវប្រហោងខ្មៅលេបត្របាក់ ព្រមទាំងការរួមបញ្ចូល ឬបុកគ្នានៃតារាណឺត្រុង (Neutron Stars) ជាដើម។ ល្បឿននៃការជះថាមពលដ៏មរណៈរបស់ GRB គឺស្មើនឹង ៩៩.៩% នៃល្បឿនពន្លឺទៅហើយ។

១៖ ការវាយប្រហារពីអាចម៍ផ្កាយ (Asteroid និង Comet)

អាចម៍ផ្កាយ Chicxulub ដែលមានមុខកាត់ជាង ១០km បានបុកចំភពផែនដីពេញមួយទំហឹង កាលពីប្រមាណ ៦៥លានឆ្នាំមុន ហើយជីវិតលើផែនដីទាំងលើគោក និងក្នុងទឹកប្រមាណជាង ៧០% ត្រូវវិនាសផុតពូជ ក្នុងនោះអាណាចក្រដាយណូស័រដែលមានអាយុកាល ១៦៥លានឆ្នាំ ត្រូវបានផ្តាច់ពូជទាំងស្រុង…។ ការវាយប្រហារដោយអាចម៍ផ្កាយ (Asteroid និង Comet) ពិតជាមហន្តរាយដ៏ធំមហាសាល ដែលមានលទ្ធភាពខ្ពស់ជាងគេក្នុងការកើតឡើង បើធៀបនឹងព្រឹត្តិការណ៍ចំនួនខាងលើ ព្រមទាំងមានឧទាហរណ៍ជាក់ស្តែងរួចមកហើយ។

(Image Source: NASA)

គួរបញ្ជាក់ថា តារាវិទូមួយមកពីមជ្ឈមណ្ឌល Harvard-Smithsonian នៃសហរដ្ឋអាមេរិក គឺបណ្ឌិត Brian Marsden ធ្លាប់បានព្យាករណ៍កាលពីឆ្នាំ១៩៩២ថា ផ្កាយដុះកន្ទុយ Swift-Tuttle (Comet 109P/Swift-Tuttle) ដែលមានអង្កត់ផ្ចិត ២៦km អាចបុកភពផែនដីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២១២៦ ប៉ុន្តែក្រោយមកក៏ត្រូវបានព្យាករណ៍ថ្មីទៅកាន់ឆ្នាំ៤៤៧៩វិញ តែនៅក្នុងភាគរយដ៏ទាបជាទីបំផុត (ឬស្មើនឹងមិនអាចកើតឡើង)។ ក្រុមអ្នកវិទ្យាសាស្ត្របានគណនា កម្លាំងកម្ទេចរបស់ Swift-Tuttle គឺខ្លាំងជាង Chicxulub កាលពីជំនាន់ដាយណូស័រនោះដល់ទៅ ៣០០ដងឯណោះ ដូច្នេះយើងនឹងមិនបាច់គិតច្រើនទេ…៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA / Forbes (ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦)

480×240 Banner