ការវិនាសផុតពូជដ៏កម្រោលទាំង «៥» ដែលភពផែនដីធ្លាប់ឆ្លងកាត់ (យល់ដឹង)
(បរទេស)៖ ពូជអំបូរមនុស្សបច្ចុប្បន្នដែលយើងស្គាល់ថា ហូម៉ូ សេពាន (Homo Sapiens) បាននិងកំពុងគ្រប់គ្រងផែនដីមកទល់នឹងបច្ចុប្បន្ននេះអស់រយៈកាលយ៉ាងហោចណាស់ ៣០០,០០០ឆ្នាំមកហើយ ប៉ុន្តែពូជអំបូរមនុស្សដំបូងបំផុតដែលជាបុព្វបុរសរបស់ Homo Sapiens យើងនេះ ត្រូវបានក្រុមបុរាណវិទូអះអាងថា បានកកើតឡើងតាំងតែពី ២លានឆ្នាំមុនម្ល៉េះ ដោយពួកគេត្រូវបានដាក់ឈ្មោះឲ្យថា អំបូរមនុស្ស ហូម៉ូ ជីណឹស (Homo Genus)។
សម្រាប់ប្រធានបទថ្មីនេះ យើងមិនមែនមកនិយាយអំពីអំបូរមនុស្សនោះទេ តែគឺអំបូរសត្វដែលធ្លាប់មានលើភពផែនដីនេះ យូរជាងវត្តមានមនុស្សដំបូងដល់ទៅរាប់រយលានឆ្នាំឯណោះ ហើយបន្ទាប់មកយើងនឹងយល់ដឹងតិចៗថា ពេលណាមួយនៃអនាគត អំបូរមនុស្សលោកយើងក៏នឹងជួបជោគវាសនា ដូចអំបូរសត្វនានាកាលពីរាប់រយលានឆ្នាំមុននោះដែរ។ ប្រធានបទថ្មីនេះ គឺយើងនិយាយអំពី «ការវិនាសផុតពូជទាំងកម្រោលចំនួន ៥ ដែលភពផែនដីធ្លាប់ឆ្លងកាត់»។
- តើការវិនាសផុតពូជដ៏កម្រោល (Mass Extinction) គឺជាអ្វី?
ជាដំបូងយើងត្រូវតែផ្តល់និយមន័យឲ្យច្បាស់សិនថា តើអ្វីទៅជាការវិនាសផុតពូជទាំងកម្រោល (Mass Extinction) នោះ។ ជាធម្មតា ១០% នៃប្រភេទសត្វនានាតែងតែបាត់បង់ពីលើផែនដី នៅរៀងរាល់មួយលានឆ្នាំ, ៣០% នៅរៀងរាល់ ១០លានឆ្នាំ និង ៦៥% នៅរៀងរាល់ ១០០លានឆ្នាំ។ យើងមិនអាចចាត់ទុកថា % ទាំងនេះជាការផុតពូជដ៏កម្រោលនោះឡើយ។ ការវិវត្តន៍តែងប្រព្រឹត្តទៅដោយសារមានតុល្យភាពរវាង ការផុតពូជ, ទីបញ្ចប់នៃអំបូរភាវរស់នានា និងការកកើតឡើងនូវពូជអំបូរភាវរស់ថ្មីៗទៀត។
ដូច្នេះសម្រាប់ការផុតពូជទាំងកម្រោល (Mass Extinction) គឺប្រាកដណាស់យើងចង់សម្តៅទៅលើ ដំណើរនៃការផុតពូជរបស់អំបូរសត្វមួយចំនួន ដែលមិនដើរតាមគន្លងជាទូទៅនោះឯង ដោយក្នុងអំលុងពេលខ្លះនៃអាយុរបស់របស់ភពផែនដី ពពួកសត្វទាំងនោះបានផុតពូជក្នុងពេលយ៉ាងឆាប់រហ័ស (តិចជាង ២លានឆ្នាំ គិតពីការចាប់ផ្តើមវិនាសដ៏គួរឲ្យកត់សម្គាល់) និងមានចំនួនច្រើនសន្ធឹកសន្ធាប់ (យ៉ាងហោចណាស់ ៧៥% ឡើងទៅនៃចំនួនសរុប)។
- តើការវិនាសផុតពូជដ៏កម្រោលទាំង ៥ លើផែនដីមានអ្វីខ្លះ?
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិកំណត់ថា Mass Extinctions បានកើតមានចំនួន ៥ លើកនាអំលុង ៥០០លានឆ្នាំចុងក្រោយនេះលើភពផែនដី (បច្ចុប្បន្នផែនដីមានអាយុ ៤.៥៤ពាន់លានឆ្នាំ) ដែលមានដូចតទៅ៖
១៖ ចុងបញ្ចប់នៃសម័យ អ័រដូវីសៀន (End Ordovician)៖ វាបានកើតមានឡើងកាលពីអំលុង ៤៤៤លានឆ្នាំមុន ដោយជីវិតគ្រប់យ៉ាងលើភពផែនដីប្រមាណ ៨៦% បានវិនាស។ ការបាត់បង់ជីវិតដ៏កម្រោលនេះ ស្ថិតនៅក្នុងសម័យកាលដែលបរិមាណផ្ទាំងទឹកកកនៅទូទាំងផែនដីមានការកើនឡើងយ៉ាងគំហុក ដែលបានបង្កើតឱ្យមានការប្រែប្រួលទឹកសមុទ្រក្នុងកម្រិតខ្ពស់ ព្រមទាំងបានផ្លាស់ប្តូរឆ្នេរសមុទ្រយ៉ាងខ្លាំងផងដែរ។ ការកើនឡើងនូវចលនាតិចតូនិច នៃតំបន់ភ្នំអាប៉ាឡាឈៀន (Appalachian) បានបង្កើតឱ្យមានការប្រែប្រួលអាកាសធាតុ និងការបំពុលដោយឧស្ម័នពុល កាបូនិច (CO2) យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយកត្តាទាំងអស់នេះបានជម្រុញការផ្លាស់ប្តូរអាកាសធាតុ និងធាតុគីមីនានាក្នុងមហាសមុទ្រ។
២៖ ចុងនៃសម័យ ដេវូនៀន (Late Devonian)៖ វាបានកើតមានឡើងកាលពី ៣៦០លានឆ្នាំមុន ដោយជីវិតគ្រប់យ៉ាងលើផែនដីប្រមាណ ៧៥% បានវិនាស។ ការវិនាសយ៉ាងកម្រោលនេះ ក៏ព្រោះតែសម័យកាលនោះ រុក្ខជាតិសម្បូរបែបបានកកើតឡើងក្នុងចំនួនច្រើនលើសលប់ពេក ដែលជាហេតុជម្រុញឲ្យសីតុណ្ហភាពសកលលោកចុះត្រជាក់យ៉ាងឆាប់រហ័ស និងមានកម្រិតធ្ងន់ធ្ងរហួស រហូតដល់ជីវិតភាគច្រើនមិនអាចស៊ូទ្រាំរស់នៅទៀតបាន។
៣៖ ចុងបញ្ចប់នៃសម័យ ភើមៀន (End Permian)៖ វាបានកើតមានឡើងកាលពី ២៥០លានឆ្នាំមុន ដោយជីវិតគ្រប់យ៉ាងលើផែនដីប្រមាណ ៩៦% បានវិនាស។ ការវិនាសយ៉ាងកម្រោលនេះ ក៏ព្រោះតែសម័យកាលនោះបានជួបប្រទះនូវសកម្មភាពភ្នំភ្លើងដ៏ខ្លាំងមហិមានៅតំបន់ស៊ីបេរី (Siberia)។ ប្រការនេះបានបណ្តាលឱ្យមាន ការឡើងកំដៅភពផែនដីយ៉ាងគំហុក។ កម្រិតកើនឡើងខ្ពស់បំផុតនៃឧស្ម័នពុល កាបូនិច (CO2) និងស៊ុលផួរ ឬស្ពាន់ធ័រ (H2S) ចេញពីភ្នំភ្លើងទាំងនោះបានបណ្តាលឱ្យមហាសមុទ្រពោពេញដោយជាតិអាស៊ីត, ការកើតមានភ្លៀងអាស៊ីត ព្រមទាំងការផ្លាស់ប្តូរផ្នែកគីមីទាំងនៅលើដី និងក្នុងសមុទ្រ។
៤៖ ចុងបញ្ចប់នៃសម័យ ទ្រីអាស៊ីក (End Triassic)៖ វាបានកើតមានឡើងកាលពី ២០០លានឆ្នាំមុន ដោយជីវិតគ្រប់យ៉ាងលើផែនដីប្រមាណ ៨០% បានវិនាស។ ការវិនាសយ៉ាងកម្រោលនេះ ក៏ព្រោះតែសម័យកាលនោះ បានកើតមានសកម្មភាព ភ្នំភ្លើងក្រោមទឹក នៅក្នុងតំបន់ដ៏ធំធេងមួយដែលគេហៅថា ជម្រុកម៉ាក់ម៉ា-អាត្លង់ទិកកណ្តាល (Central Atlantic Magmatic Province ឬ CAMP) ដែលបានបណ្តាលឱ្យមានការឡើងកំដៅផែនដីយ៉ាងកម្រោល និងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃសមាសធាតុគីមីក្នុងមហាសមុទ្រ។
៥៖ ចុងបញ្ចប់នៃសម័យ គ្រីតាសឹស (End Cretaceous)៖ ហេតុការណ៍នេះមានភាពល្បីល្បាញជាងគេ ហើយវាបានកើតមានឡើងកាលពី ៦៥លានឆ្នាំមុន ដោយជីវិតគ្រប់យ៉ាងលើផែនដីប្រមាណ ៧៦% បានវិនាស ក្នុងនោះពពួកដាយណូស័រ បានផុតពូជទាំងស្រុងពីលើផែនដី។ ប្រាកដណាស់ យើងបានដឹងអំពីរឿងនេះតាមរយៈរណ្តៅអាចម៍ផ្កាយ នៅជាប់ឧបទ្វីប យូកាតាន់ (Yucatan) នៃប្រទេសម៉ិកស៊ិកបច្ចុប្បន្ន ដែលបាននាំឲ្យក្រុមបុរាណវិទូគណនាឃើញថា ត្រូវបានបង្កឡើងដោយអាចម៍ផ្កាយមានមុខកាត់ជាង ១០km ធ្លាក់ចំ។
ការធ្លាក់នៃអាចម៍ផ្កាយ Chicxulub បានបង្កទៅជាគ្រោះមហន្តរាយថ្នាក់សកល និងការចុះត្រជាក់យ៉ាងគំហុក នៃសតុណ្ហភាពលើភពផែនដី។ មានការគណនាបន្ថែមបានចង្អុលបង្ហាញថា មុនការមកដល់របស់ Chicxulub ភពផែនដីកាលណោះបានជួបការផ្លាស់ប្តូរអវិជ្ជមានមួយចំនួន ចំពោះជីវិតរួចទៅហើយដូចជា សកម្មភាពភ្នំភ្លើងកើតឡើង និងចលនាតិចតូនិចងើបឡើងវិញជាដើម ហើយក្រោយពេលត្រូវ Chicxulub វាប្រហារទៀតនោះ បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់…។

គួរបញ្ជាក់ថា អាណាចក្រដាយណូស័រគិតចាប់តាំងពីការកកើតដំបូង រហូតដល់គ្រប់គ្រងផែនដីទាំងមូល និងវិនាសទៅវិញនោះ គឺមានរយៈពេលប្រមាណ ១៦៥លានឆ្នាំ…។ ចុះសម្រាប់អំបូរមនុស្ស ដែលទើបលេចវត្តមានតែ ២លានឆ្នាំលើផែនដីនេះ អាចតស៊ូបានយូរកម្រិតណាទៀត? យើងគួរកុំទាន់គិតពីរឿងនេះអី…៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Our World in Data (ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦)
