កន្លែងដែលយាន Perseverance ស្រាវជ្រាវ អាចធ្លាប់មានទឹកទន្លេហូរ «១លានឆ្នាំ» (មានវីដេអូ)

471

(បរទេស)៖ លទ្ធផលសិក្សាថ្មី ដែលជាជំនួយដល់យានស្រាវជ្រាវភពអង្គារ Perseverance បានបង្ហាញថា រណ្តៅ Jezero មានមុខកាត់ ៤៥គីឡូម៉ែត្រ ដែលយានកង់ របស់អង្គការ NASA មួយនេះកំពុងរុករាននោះ ធ្លាប់មានទឹកទន្លេហូរចាក់ចូលទៅកាន់ទីនោះ ក្នុងរយៈពេលយ៉ាងហោចណាស់ក៏ «១លានឆ្នាំ» ដែរ ហើយប្រការនេះត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថែមមួយកម្រិតទៀតថា វាបានក្លាយជាឱកាសឲ្យ «ជីវិតកកើតឡើង» នៅក្នុងបឹងស្តុកទឹកដ៏ធំកាលអតីតកាលនោះ។

ស្ថានភាពបាតរណ្តៅ Jezero ថតដោយ Perseverance (រូបភាពពី NASA)

តិចនិកថ្មីដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts Institute of Technology ឬ MIT) បានប្រើប្រាស់ផ្កាយរណបផ្តិតរូបភាព ដើម្បីស៊ើបអង្កេតរកដាននៃទន្លេនានានៅលើភពព្រះអង្គារ ព្រមទាំងរបៀបដែលទឹកទន្លេទាំងនោះហូរ និងដឹកនាំដីល្បាប់ទៅកាន់ទីតាំងគួរឲ្យចាប់អារម្មណ៍នានា ដែលអាចជាឱកាសអនុញ្ញាតឲ្យជីវិតកកើតឡើងកាលពីអតីតកាល។

កន្លែងដែលយាន Perseverance ស្រាវជ្រាវ អាចធ្លាប់មានទឹកទន្លេហូរ «១លានឆ្នាំ» (មានវីដេអូ)
យាន Perseverance និង Ingenuity ក្នុងរណ្តៅ Jezero (រូបភាពពី NASA)

ភាពជាក់ស្តែងពេលនេះ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ក្រៅពីភពផែនដីមានតែព្រះចន្ទ ទីតាន (Titan) របស់ភពសៅរ៍ (Saturn) និងភពព្រះអង្គារ (Mars) ប៉ុណ្ណោះ ដែលបានបង្ហាញឲ្យយើងនូវភស្តុតាងនៃទន្លេ គ្រាន់តែភពអង្គារបានបាត់បង់ទឹកអស់់រលីងពីផ្ទៃរបស់វាទៅហើយ ខណៈនៅលើផ្ទៃព្រះចន្ទ Titan វិញ មានសមុទ្រ និងទន្លេ ដែលមានអង្គធាតុរាវពាសពេញនៅឡើយ គ្រាន់តែវាមិនមែនទឹកនោះទេ តែជាមេតានរាវ (Liquid Methane) ព្រោះតែ Titan ជាព្រះចន្ទដ៏ត្រជាក់បំផុតមួយ។

វិធីសាស្ត្រថ្មីសម្រាប់ងាកមកសិក្សាអំពីទន្លេ នៅតាមរណ្តៅនានាលើភពអង្គារនោះ បានកើតមានឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការត្រួតពិនិត្យ និងផ្គុំរូបភាពទៅវិញទៅមកនៃទន្លេនានាលើផ្ទៃព្រះចន្ទ Titan ដែលទទួលបានពីបេសកកម្មយាន Cassini។ ក្រោយការពិនិត្យផែនទីភូមិសាស្ត្រ និងទម្រង់នៃទឹកទន្លេ ដែលហោះចុះចូលក្នុងសមុទ្រ ឬបឹងនៅលើ Titan នោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់ថា ទោះបីស្ថិតក្នុងបរិស្ថាន ឬកម្លាំងទំនាញខុសគ្នាក៏ពិតមែន ក៏ទន្លេទាំងនោះនៅតែអាចហូរ នៅក្នុងលក្ខណៈដូចគ្នា ហើយប្រការនេះពិតជាមានប្រយោជន៍ដល់ការសិក្សាអំពីទន្លេ នៅទីឋានដទៃៗទៀតបាន។

ការសន្និដ្ឋានអំពី Jezero កាលពីអតីតកាល (រូបភាពពី NASA)

គួរបញ្ជាក់ថា វិទ្យាស្ថាន MIT តាមរយៈបច្ចេកវិទ្យារបស់ខ្លួន បានគណនាចេញលទ្ធផលយ៉ាងដូច្នេះថា ទន្លេដែលហូរទៅកាន់រណ្តៅ Gale Crater ដែលយានស្រាវជ្រាវ NASA ឈ្មោះ Curiosity បាននឹងកំពុងស្រាវជ្រាវជាង ១០ឆ្នាំមកនេះ ធ្លាប់មានសកម្មភាពទឹកទន្លេហូរទៅកាន់ទីនោះ ក្នុងរយៈពេលយ៉ាងហោចណាស់ ១០០,០០០ឆ្នាំ ខណៈរណ្តៅ Jezero Crater វិញ គឺរហូតដល់់ទៅ ១លានឆ្នាំយ៉ាងតិច។

យោងតាមក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ការមានវត្តមានទឹក និងលំហូរនៃទឹកក្នុងរយៈពេលកាន់តែយូរ នោះនឹងអនុញ្ញាតឲ្យជីវិតកកើតឡើងបាន។ នេះជាព័ត៌មានដ៏រីករាយមួយទៀត សម្រាប់បេសកកម្ម Perseverance ទើបទៅដល់ភពអង្គារកាលពីដើមឆ្នាំ ២០២១ នោះ នៅក្នុងការបំពេញភារៈកិច្ចស្នូល នោះគឺការស្វែងរកដាននៃជីវិត ដែលអាចធ្លាប់់កើតមានកាលពីអតីតកាល នៅលើភពក្រហមស្ថិតលេខរៀងទី ក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣)

480×240 Banner