ភស្តុតាងដំបូង! នេះអាចជា «ភពភ្លោះ» ដែលពីមុនមានតែក្នុងទ្រឹស្តី (មានវីដេអូ)

1,271

(បរទេស)៖ នេះជាភស្តុតាងដំបូង និងស្ទើរមិនគួរឲ្យជឿសម្រាប់ក្រុមតារាវិទូ ក្នុងការប្រទះឃើញអ្វីដែលអនាគតអាចក្លាយជា «ភពមួយគូ» ស្ថិតក្នុងគន្លងគោចរតែមួយនៅជុំវិញផ្កាយមួយដួង ដែលមានចម្ងាយជិត ៤០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយរហស្សនាមរបស់ភពភ្លោះនោះ ត្រូវបានគេដាក់ឲ្យថា «Trojan planet»

លោកអ្នកមួយចំនួនប្រហែលជាមិនទាន់ភ្លេចនោះទេ ចំពោះផ្កាយ PDS 70 ដែលមានភព PDS 70b និង PDS 70c ដែលសុទ្ធសឹងតែមានទំហំប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ (Jupiter) របស់យើង (តែពួកវាមានម៉ាស់ធ្ងន់ជាង Jupiter) ត្រូវបានរកឃើញគោចរជុំវិញ ប្រព័ន្ធផ្កាយដែលកំពុងរីកធំធាត់នោះ ប៉ុន្តែឥលូវនេះ ភស្តុតាងថ្មីមួយទៀតបានលេចចេញមកហើយ នោះគឺនៅក្នុងគន្លងគោចរបស់ភព PDS 70b នោះ មានបណ្តុំពពកធូលី និងឧស្ម័នមួយទៀត ស្ថិតនៅជាមួយគ្នាដែរ។

ភស្តុតាងដំបូង! នេះអាចជា «ភពភ្លោះ» ដែលពីមុនមានតែក្នុងទ្រឹស្តី (មានវីដេអូ)
រង្វង់មូលលក្ខណៈដាច់ៗ ជាភព Trojan ដែលអាចកើតមាន (Credit: ALMA (ESO/NAOJ/NRAO)/Benisty et al.)

ទិដ្ឋភាពដូចដែលបានរៀបរាប់ខាងលើ ត្រូវបានក្រុមតារាវិទូអះអាងថា អាចជាភពមួយទៀត (ភពភ្លោះ) ដែលកំពុងចាប់កំណើតឡើង នៅក្នុងគន្លងគោចរជាមួយភព PDS 70b ហើយបណ្តុំពពកធូលីមួយនោះ មានម៉ាស់ស្មើនឹងម៉ាស់ព្រះចន្ទរបស់ភពផែនដីប្រមាណជា ២ដង ដែលស្ថានភាពនេះ វាពិតជាអាចបន្តប្រមូលផ្តុំកម្ទេចធូលី រួចក្លាយទៅជាភពពេញលក្ខណៈមួយបាននៅថ្ងៃមុខ។

ដោយសារតែបែបនេះហើយ ទើបក្រុមតារាវិទូដាក់រហស្សនាមឲ្យថា Trojan planet។ ពពួក Trojan planets ឬអាចហៅជាភាសាបច្ចេកទេសតែម្តងថា Co-orbital planets នេះត្រូវបានក្រុមតារាវិទូ បង្កើតចេញជាគំរូទ្រឹស្តីឡើងប្រមាណ ទសវត្សរ៍មកហើយ ដោយចង់សម្តៅទៅលើ ភាពដែលអាចទៅរួចនៃភព ក្នុងការគោចរលើគន្លង (orbit) តែ១ ជុំវិញផ្កាយ១ដួងនោះ។ លោកអ្នកក៏ទំនងជានៅចងចាំ ប្រធានបទមួយ ដែលបានពន្យល់អំពី «ភពផែនដីភ្លោះ» ផងដែរ។

បណ្តុំអាចម៍ផ្កាយ Trojan នៅក្នុងគន្លងគោចរជាមួយភពព្រហស្បតិ៍ (រូបភាពពី NASA)

ជុំវិញលទ្ធផលអង្កេត និងសិក្សាខាងលើនេះ តារាវិទូ អូលហ្គា បាលសាឡូប្រេ រូហ្សា (Olga Balsalobre-Ruza) ដែលជាអ្នកដឹកនាំកម្មវិធីសិក្សាមកពីមជ្ឈមណ្ឌលតារាសាស្ត្រ និងអវកាសរបស់អង្គការ NASA បានប្រាប់សារព័ត៌មាន SPACE ថា «កន្លងមក ប្រភេទភព co-orbital planets នេះ ប្រៀបបីដូចជាសត្វ unicorns ដែលត្រឹមមាននៅក្នុងគំនូរជីវចលប៉ុណ្ណោះ តែការពិតយើងមិនដែលឃើញ ពួកវានោះឡើយ…។ នេះជាលើកដំបូងហើយ ដែលយើងបានរកឃើញភស្តុតាងអំពី co-orbital planets នោះ ដែលជាាបណ្តុំធូលីអវកាសមួយ មានម៉ាស់ស្មើ ២ដងនៃម៉ាស់ព្រះចន្ទយើង កំពុងប្រមូលរូបរាងឡើងនៅក្នុងតំបន់ដ៏ត្រឹមត្រូវ ហើយនៅក្នុងគន្លងគោចរជាមួយគ្នានោះ ក៏មានភពក្មេងមួយទៀតស្រាប់ ដែលកំពុងរីកធំធាត់ឡើងជាក់ស្តែង»

បណ្តាញតេឡេស្កូប ALMA នៅឈីលី (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការរកឃើញបណ្តុំពពកធូលី (dust clouds) ដែលអាចជាភពមួយទៀត កំពុងចាប់កំណើតក្នុងគន្លងគោចរជាមួយភព PDS 70b នោះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញតេឡេស្កូប Atacama Large Millimeter/submillimeter Array ឬអាចហៅយ៉ាងខ្លីថា ALMA ស្ថិតនៅប្រទេសឈីលី។ តំបន់ដែលបេក្ខភាព Trojan planet នេះកំពុងស្ថិតនៅត្រូវបានគេហៅថា តំបន់ Lagrangian region L5។ ប្រព័ន្ធផ្កាយ PDS 70 នោះទើបមានអាយុ ៥លានឆ្នាំប៉ុណ្ណោះ ហើយភពទាំងក៏កំពុងរីកធំធាត់ឡើងក្នុងលក្ខណៈជា protoplanetary disks (បន្ទះឌីសនៃភពកំពុងចាប់កំណើត) ផងដែរ។

ព្រះចន្ទកំពុងកកើតជុំវិញភព PDS 70c (Credit: ALMA (ESO/NAOJ/NRAO)/Benisty et al.)

សម្រាប់ប្រព័ន្ធផ្កាយ PDS 70 នេះក៏ធ្លាប់បានបង្កការភ្ញាក់ផ្អើលម្តងរួចមកហើយដែរ កាលពីអំលុងពាក់កណ្តាលឆ្នាំ ២០២១ ដោយកាលណោះក្រុមតារាវិទូបានប្រទះឃើញ អ្វីដែលគេជឿជាក់ថាជា «ព្រះចន្ទកំពុងកកើតឡើងនឹងភ្នែកជាលើកដំបូង» នៅជុំវិញភពទី ២ របស់ប្រព័ន្ធនេះ នោះគឺភព PDS 70c។ ហើយប្រសិនបើលើកនេះ ភពភ្លោះ Trojan ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការទៀតនោះ ប្រព័ន្ធផ្កាយ PDS 70 នេះនឹងក្លាយជាគោលដៅឲ្យមនុស្សលោក ធ្វើការសិក្សាស្វែងយល់បន្ថែម អំពីដំណើរការកកើតផ្កាយ ភព និងព្រះចន្ទ ប្រកបដោយឧទាហរណ៍ជាក់ស្តែងមិនខាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣)

480×240 Banner