ជាកាឡាក់ស៊ីតែមួយ ហេតុអ្វីរូបភាព២សន្លឹកនេះ មានពណ៌ខុសគ្នា? (យល់ដឹង)

432

(បរទេស)៖ គ្រប់គ្នាពិតជាធ្លាប់បានជួបប្រទះទិដ្ឋភាពនេះញឹកញាប់មកហើយ ដោយពេលខ្លះមិនមែនជាលក្ខណៈ ២ទម្រង់បែបនេះឡើយ តែអាចឡើងដល់ ៣ទម្រង់ផងក៏មាន សម្រាប់ការផ្តិតរូបភាពវត្ថុអវកាសនានា ដោយតេឡេស្កូបទាំងនៅលើដី និងនៅទីអវកាស។

ជាកាឡាក់ស៊ីតែមួយ ហេតុអ្វីរូបភាព២សន្លឹកនេះ មានពណ៌ខុសគ្នា? (យល់ដឹង)
កាឡាក់ស៊ី Cartwheel (រូបភាពពី NASA/ESA/CSA)

«សម្រាប់រូបភាពក្នុងទម្រង់ពណ៌ផ្កាឈូកនៅខាងឆ្វេង» គឺកើតចេញពីការបូកបញ្ចូលគ្នាតែម្តង រវាងទិន្នន័យជាទម្រង់ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ពីតេឡេស្កូបអវកាស James Webb និងទិន្នន័យជាកាំរស្មីអ៊ិច (X-ray) ពីតេឡេស្កូបអវកាស Chandra X-ray Observatory របស់អង្គការ NASA

តេឡេស្កូបអវកាស Chandra X-ray (រូបភាពពី NASA)

ខណៈរូបភាពនានាបានមកពី James Webb តែងផ្តោតសំខាន់លើតំបន់កកើតផ្កាយនោះ ការឆ្លុះមើលដោយកាំរស្មីអ៊ិចរបស់ Chandra ឯណេះវិញនាំយើងឲ្យឃើញបណ្តុំឧស្ម័នប្រកបដោយកម្តៅក្តៅខ្លាំង (superheated gas), តំបន់នានាដែលមានផ្កាយបានផ្ទុះ (individual exploded stars), ប្រហោងខ្មៅ (Black Holes) និងអ្វីៗជាច្រើនទៀត។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA)

«សម្រាប់រូបភាពដែលរាងងងឹតផ្នែកនៅខាងស្តាំ» គឺជាការឆ្លុះមើលដោយ ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) របស់ James Webb។ នៅក្នុងទម្រង់នៃពន្លឺ Infrared កម្រិតមធ្យម «កាឡាក់ស៊ីកង់រទេះ» ឬ Cartwheel Galaxy (ចម្ងាយប្រហែល ៥០០លានឆ្នាំពន្លឺពីផែនដី) ត្រូវបានគេមើលឃើញក្នុងទិដ្ឋភាពជាលក្ខណៈ «កង់ៗ» ដែលពោរពេញដោយធូលី ហើយវាប្រៀបបីដូចជាគ្រោងឆ្អឹងរបស់កាឡាក់ស៊ីនោះយ៉ាងដូច្នេះឯង។

ហេតុអ្វីបានជារូបភាពទាំង ២ មានទម្រង់ពណ៌ផ្សេងគ្នាបែបនេះ?

ចម្លើយ៖ ចំពោះទិន្នន័យ ឬបើនិយាយឲ្យចំគឺ «រូបភាព» ដែលតេឡេស្កូបនានាផ្តិតបានគឺ «គ្មានពណ៌» នោះទេ ឬអាចថាត្រឹមជា «រូបភាពស-ខ្មៅ» ប៉ុណ្ណោះ។ បន្ទាប់មកទើបពណ៌នានាត្រូវបានចាក់បំពេញ ទៅតាមលក្ខខណ្ឌបច្ចេកទេស ឬកូដរបស់ពណ៌ដែលត្រូវបានកំណត់តាមរយៈវិសាលគមពណ៌នៃពន្លឺ (visible spectrum)

ជាកាឡាក់ស៊ីតែមួយ ហេតុអ្វីរូបភាព២សន្លឹកនេះ មានពណ៌ខុសគ្នា? (យល់ដឹង)
កាឡាក់ស៊ី Cartwheel (រូបភាពពី NASA/ESA/CSA)

យើង​អាចសម្លឹងមើល​ពណ៌​ដើម្បី​បកប្រែ​ថា ​តើ​ប្រវែង​រលក​នៃពន្លឺនោះ​វែង​ ឬ​មួយក៏ខ្លីបាន ​ដោយ​ស្រមោល​ពណ៌ខៀវ​ត្រូវ​បាន​កំណត់ថាជា​ប្រវែង​រលក​ខ្លី​ជាង (shorter wavelengths) និង​ស្រមោល​ក្រហម​ត្រូវ​បាន​កំណត់ថា ​ជា​រលក​វែង​ជាង (longer wavelengths)។ ពណ៌​នានាក៏​ត្រូវ​បានគេ​ប្រើ​ ដើម្បី​រំលេច​អត្ថន័យផ្នែកវិទ្យាសាស្ត្រ​ចំពោះ​រូបភាពទាំងឡាយផងដែរ ​​ដូច​ជា​យើងអាចដឹងអំពីសមាសធាតុ​គីមីចម្បងៗ ​ដែល​កាឡាក់ស៊ីណាមួយមាន តាមរយៈពណ៌នានាដែលវាបញ្ចេញ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA

480×240 Banner