NASA ថតបានដុំថ្មជាច្រើន ដែលកើតចេញពីយាន DART ហោះបុកអាចម៍ផ្កាយឆ្នាំមុន (មានវីដេអូ)
(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានអះអាងថា បំណែកជាដុំថ្មរាប់សិបដុំ ដែលកើតចេញពីប្រតិបត្តិការហោះបំបុកអាចម៍ផ្កាយ ដើម្បីបង្វែរទិសដៅ (DART) កាលពីឆ្នាំ ២០២២ នោះ បានរសាត់អណ្តែតជាចង្កោមនៅក្នុងទីអវកាស ខណៈប្រតិបត្តិការកាលណោះ ត្រូវបានអង្គការ NASA ប្រកាសថា ទទួលបានជោគជ័យលើសពីការរំពឹងទុក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ អង្គការ NASA បានគូសបញ្ជាក់ថា រូបភាពនានាដែលត្រូវបានផ្តិតយកដោយ តេឡេស្កូបអវកាស Hubble កាលពីពេលថ្មីៗនេះ បានបង្ហាញអំពី «កម្ទេចកម្ទីថ្មមួយបណ្តុំ» ដែលត្រូវបានបង្កើតឡើងក្រោយពីយានអវកាស DART ហោះបំបុកអាចម៍ផ្កាយរួចរាល់ ស្ថិតក្នុងបេសកកម្មមួយ ដើម្បីការពារភពផែនដីពីអាចម៍ផ្កាយគ្រោះថ្នាក់នោះ។

អ្នកជំនាញមួយរូបគឺលោក David Jewitt មកពីសាកលវិទ្យាល័យ California នៅក្នុងទីក្រុង Los Angeles បានគូសបញ្ជាក់ថា «យើងមើលឃើញពពកនៃដុំថ្មមួយក្រុម ប្រកបដោយម៉ាស់ និងថាមពល នៅឆ្ងាយពីទីតាំងដែលបានកើតមានការបុកទង្គិច។ សម្រាប់ចំនួន, ទំហំ និងរូបរាងនៃថ្ម គឺពិតជាអ្វីៗដែលត្រូវបានបំបែកចេញពី អាចម៍ផ្កាយ Dimorphos (ដៃគូរបស់ Didymos) ក្រោយការបុកទង្គិចនោះយ៉ាងពិតប្រាកដ…»។
លោក David Jewitt បានសង្កត់ធ្ងន់ទៀតថា «ដុំថ្មទាំងអស់នោះ ប្រាប់យើងជាលើកដំបូងនូវអ្វីដែលបានកើតឡើង ក្រោយការបុកអាចម៍ផ្កាយមួយ និងការមើលឃើញនូវវត្ថុធាតុនានា កកើតឡើងនៅក្នុងទំហំធំៗបែបនោះ។ ដុំថ្មទាំងនោះ គឺពិតជាមានពន្លឺខ្សោយណាស់ ដែលកន្លងមកយើងមិនធ្លាប់បានផ្តិតរូបភាព លើវត្ថុអវកាសណាដែលងងឹតបែបនេះឡើយ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង»។

គួរបញ្ជាក់ថា បេសកកម្មបុកដើម្បីបង្វែរទិសដៅអាចម៍ផ្កាយ Double Asteroid Redirection Test ឬហៅយ៉ាងខ្លីថា DART គឺជាការធ្វើតេស្តសាកល្បងសមត្ថភាពដំបូង ដើម្បីឲ្យគ្រប់គ្នាមើលឃើញថា តើមនុស្សលោកអាចមានសមត្ថភាព ក្នុងការបង្វែរទិសដៅអាចម៍ផ្កាយ ដែលកំពុងមានទិសដៅតម្រង់មកភពផែនដីយើង ដែរឬមួយក៏អត់។
ជាការពិតណាស់ អាចម៍ផ្កាយ Didymos (មុខកាត់ ៧៨០ម៉ែត្រ) និង Dimorphos (មុខកាត់ ១៧០ម៉ែត្រ) បានក្លាយជាគោលដៅ ដើម្បីធ្វើការពិសោធន៍ជាក់ស្តែង ប៉ុន្តែពួកវាមួយចង្កោមនេះ មិនបានស្ថិតក្នុងគន្លងគោចរ ដែលសំដៅមករកផែនដីយើងឡើយ នៅពេលដែលការធ្វើតេស្តហោះបំបុក Dimorphos ក្នុងល្បឿនជាង ២២,៥០០គីឡូម៉ែត្រក្នុង១ម៉ោង និងស្ថិតនៅចម្ងាយ ១១លានគីឡូម៉ែត្រពីផែនដី បានកើតមានឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នោះ។

រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ អង្គការ NASA តាមរយៈវែបសាយផ្លូវការ របស់ខ្លួនបានប្រកាសថា បេសកកម្ម DART បានទទួលជោគជ័យលើសពីការរំពឹងទុក ដោយនៅក្រោយការបុកទង្គិចនោះ ថេរវេលាគោចររបស់អាចម៍ផ្កាយ Dimorphos ជុំវិញមេរបស់វាគឺ Didymos ត្រូវបានបង្កើនល្បឿន ៣២នាទីបន្ថែមទៀត ពីរយៈពេល ១១ម៉ោង ៥៥នាទីក្នុងមួយជុំ ទៅកាន់ ១១ម៉ោង និង ២៣នាទីក្នុងមួយជុំ។ កម្រិតនេះត្រូវបានក្រុមជំនាញ NASA អះអាងថា ការបង្វែរទិសដៅបានទទួលជោគជ័យ។

សម្រាប់បណ្តុំថ្មបន្សល់ទុកពីបេសកកម្ម DART នោះមានចំនួនសរុប ៣៧ដុំ និងមានមុខកាត់ចាប់ពី ០.៩ម៉ែត្រ ទៅដល់ ៦.៧ម៉ែត្រ ហើយពួកវាមិនបង្កគ្រោះថ្នាក់ដល់ផែនដី ឬផ្កាយរណបអ្វីនោះឡើយ។ ដូច្នេះ យើងមានវិធីសាស្ត្រមួយហើយ ដើម្បីការពារភពផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយ ស្រដៀងៗនឹង Didymos ខាងលើនេះនៅថ្ងៃអនាគត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/AFP (ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣)
