ក្រុុមអ្នកវិទ្យាសាស្ត្រ «រកឃើញលំហដ៏អាថ៌កំបាំងបំផុត នៅក្នុងប្រាសាទពីរ៉ាមីដ-អេហ្ស៊ីប» ដែលជាទីតាំងសម្រាប់…
(អេហ្ស៊ីប)៖ យោងតាមការប្រើប្រាស់ឧបករណ៍រាស់ស្ទង់ដ៏ទំនើប នៃក្រុមអ្នកវិទ្យាសាស្ត្រសម័យនេះ អាចនាំឲ្យគេដឹងថា ទីលំហដ៏អាថ៌កំបាំង និងអស្ចារ្យមួយ ត្រូវបានរកឃើញនៅតាមជញ្ជាំង ក្នុងប្រាសាទពីរ៉ាមីដ Giza ដ៏ធំបំផុតនៅក្នុងប្រទេសអេហ្ស៊ីប និងជាអច្ឆរិយវត្ថុមួយក្នុងចំណោម ៧ របស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ វែបសាយ NPR ដែលត្រូវបានដកស្រង់នាថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព័ត៌មានខាងលើនេះ ក៏ត្រូវបានចេញផ្សាយដោយទស្សនាវត្តី Nature ផងដែរ ដោយវាមានទីតាំងស្ថិតនៅក្នុងវិហារ ដែលមានរាងជាបន្ទប់ ឬយើងអាចហៅថា «សាលដ៏ប្រណិត» ហើយទីលំហនេះ គឺមានជម្រៅប្រមាណជាជិត ៥០ម៉ែត្រ។ លំហនោះគឺជាសំណង់ដ៏មហិមាមួយ ដែលស្ថិតនៅក្នុងផ្នូររបស់រាជវង្ស ដែលត្រូវបានកសាងតាំងពីឆ្នាំ២៥០០ មុនគ.ស។ រហូតមកទល់នឹងពេលនេះ ទោះបីជាមានការសិក្សារាប់សតវត្សរ៍មកហើយក៏ដោយ ក៏គ្មាននរណាមួយធ្លាប់ដឹងថា មានទីលំហស្ថិតនៅទីនោះដែរ។

បើតាមការសន្និដ្ឋានមិនទាន់ផ្លូវការ ពីអ្នកសិក្សាប្រវត្តិសាស្ត្រអេហ្ស៊ីប គឺលោក Peter Der Manuelian មកពីសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា «ទីលំហ ឬបន្ទប់សម្ងាត់នេះ អាចជាកន្លែងសម្រាប់តម្កល់សពរបស់ស្តេច ឬក៏អាចផ្ទុករាជទ្រព្យ ដែលយើងមិនបានដឹង ដូច្នេះយើងត្រូវបន្តធ្វើការសិក្សាប្រវត្តិសាស្ត្រនេះបន្ថែមទៀត»។ បន្ថែមពីនេះ លំហនោះគឺជាកន្លែងបិទជិត ដែលពិតជារឿងអាថ៌កំបាំងដ៏ធំបំផុត ដែលជម្រុញឲ្យអ្នកវិទ្យាសាស្ត្រ និងប្រវត្តិវិទូ ត្រូវតែព្យាយាមស្វែងយល់បន្ថែមទៀត។

គួរបញ្ជាក់ថា ប្រាសាទពីរ៉ាមីដដំបូងនៅក្នុងប្រទេសអេហ្ស៊ីប ត្រូវបានកសាងឡើងតាំងពីប្រមាណ ៦ពាន់ឆ្នាំមុន ហើយសម្រាប់ប្រាសាទពីរ៉ាមីដ ដ៏ធំអស្ចារ្យនៅទីក្រុង Giza ដែលយើងហៅថា Great Pyramid នោះមានអាយុកាលជាង ៤,៥០០ឆ្នាំមកហើយ និងកំពុងលាក់អាថ៌កំបាំងដ៏ច្រើនឥតគណនា ដែលមនុស្សសម័យនេះកំពុងស្វែងយល់ ហើយចំណុចខ្លះវាពិតជាបង្កប់អាថ៌កំបាំងតាមបែបវិទ្យាសាស្ត្រ ដែលមិនងាយនឹងឲ្យនរណា បកស្រាយបានស្រួលៗនោះឡើយ៕
