តែម្តងប៉ុណ្ណោះក្នុង១ជីវិត, យើងនឹងឃើញ «ផ្កាយដុះកន្ទុយ» ថ្មីនេះដោយភ្នែកទទេ នៅខែក្រោយ
(បរទេស)៖ ផ្កាយដុះកន្ទុយ (Comet) មួយដែលអាចមានប្រភពមកពីក្រៅប្រព័ន្ធយើង (Interstellar) ទើបតែត្រូវបានប្រទះឃើញដោយ តារាវិទូមួយរូបជាជនជាតិជប៉ុន ហើយវាត្រូវបានគេរំពឹងថា នឹងចូលមកកៀកព្រះអាទិត្យ និងភពផែនដីផងដែរ ហើយប្រើប្រាស់កម្លាំងទំនាញ (Gravity) របស់ព្រះអាទិត្យ ដើម្បីរុញច្រានខ្លួនវាទៅវិញ ដោយគ្មានថ្ងៃវិលត្រលប់ ហើយនៅពេលដែលវាចល័តមកកៀកព្រះអាទិត្យនោះ វាជះពន្លឺភ្លឺជាងធម្មតាដល់ទៅ ១០០ដង ដែលអាចឲ្យភ្នែកមនុស្សយើងមើលវា ប្រៀបបីដូចផ្កាយមួយដួងមានកន្ទុយ នៅលើផ្ទៃមេឃ។
តារាវិទូជប៉ុនមានឈ្មោះថា Hideo Nishimura រស់នៅទីក្រុង Kakegawa ភាគកណ្តាលប្រទេសជប៉ុន បានប្រទះឃើញផ្កាយដុះកន្ទុយខាងលើនេះ តាមរយៈឡេស្កូប ខណៈវត្ថុអវកាសនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា C/2023 P1 នៅពេលដែលវាបានចូលមកកាន់ ផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យយើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ ដោយសារតែតារាវិទូជប៉ុនរូបនេះជាអ្នករកឃើញ ទើបក្រុមការងារអន្តរជាតិបានដាក់ឈ្មោះហៅក្រៅឲ្យ C/2023 P1 នោះថា ផ្កាយដុះកន្ទុយ Nishimura តែម្តង។

យោងតាមវែបសាយ Space Weather ផ្កាយដុះកន្ទុយ C/2023 P1 នឹងមានគន្លងគោចររាង អ៊ីពែរបូល (hyperbolic orbit) ពេលហោះឆ្លងកាត់ព្រះអាទិត្យយើង ក្នុងគម្លាតកៀកបំផុតតែ ៣៤លានគីឡូម៉ែត្រ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ គន្លងគោចររាងអ៊ីពែរបូលនេះ នឹងអនុញ្ញាតឲ្យវត្ថុអវកាសដ៏តូចមួយមួយនេះ ប្រើប្រាស់ឥទ្ធិពលនៃកម្លាំងទំនាញព្រះអាទិត្យយើង ជាកម្លាំងរុញច្រានដ៏ខ្លាំងអស្ចារ្យ ដើម្បីគេចចេញពីការស្រូបទាញ នៃផ្កាយយើងនេះបាន។ គន្លងគោចរបែបនេះមានន័យថា Nishimura នឹងធ្វើទស្សនកិច្ចយើងជាលើកដំបូង ហើយក៏ជាលើកចុងក្រោយផងដែរ។

ផ្កាយដុះកន្ទុយ C/2023 P1 ឬ Nishimura នឹងចល័តមកកៀកផែនដីយើងបំផុត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ (ក្នុងរយៈចម្ងាយ ១២៨លានគីឡូម៉ែត្រពីផែនដី) ហេតុដូច្នេះនៅមុន និងក្រោយថ្ងៃនេះប៉ុន្មានថ្ងៃ ក៏បណ្តាប្រទេសនៅអឌ្ឍគោលខាងជើង (បូករួមទាំងកម្ពុជា) នៅតែអាចចាត់ទុកថា C/2023 P1 នឹងស្ថិតនៅកៀកៗផែនដី ដែលនឹងងាយឲ្យទស្សនាបានផងដែរ។ សម្រាប់ពេលវេលាល្អបំផុត ដែលអាចមើលឃើញវានោះ គឺមុនពេលព្រះអាទិត្យរះប្រមាណ ៤៥នាទី ទៅ ១៥នាទី និងនៅក្រោយពេលព្រះអាទិត្យទើបលិចបន្តិច (នៅពេលមេឃស្រឡះល្អ)។ (សម្រាប់ការមើលឃើញនៅកម្ពុជាវិញ Cambo Space នឹងគូសបញ្ជាក់បន្ថែមនៅកៀកថ្ងៃនោះ)
សម្រាប់ទីតាំងដែល Nishimura នឹងបង្ហាញខ្លួន សម្រាប់កំលុងពាក់កណ្តាលកញ្ញា ឆ្នាំ២០២៣ នោះគឺនៅម្តុំតារានិករ ឡេអូ (Leo Constellation) ហើយបន្ទាប់មកទៀត វានឹងចល័តទៅដល់តារានិករ វើហ្គោ (Virgo Constellation) នៅហួសពាក់កណ្តាលខែកញ្ញា។ សម្រាប់ចុងខែសីហានេះវិញ ផ្កាយដុះកន្ទុយនេះនឹងបង្ហាញខ្លួននៅម្តុំតារានិករ ខេនសឺ (Cancer Constellation) នៅលើផ្ទៃមេឃផែនដី ដែលយើងអាចមើលឃើញបានតាមរយៈតេឡេស្កូបពេលរាត្រី។

គួរបញ្ជាក់ថា C/2023 P1 ឬ Nishimura នឹងក្លាយជាវត្ថុអវកាសទី ៣ ហើយ មកពីក្រៅប្រព័ន្ធព្រះអាទិត្យ ឬ Interstellar Space Object ដែលបានមកបំពេញទស្សនកិច្ចនៅប្រព័ន្ធព្រះអាទិត្យយើង បន្ទាប់ពីការធ្វើទស្សនកិច្ចនៃអាចម៍ផ្កាយ Oumuamua ដែលត្រូវបានរកឃើញកាលពីខែតុលា ឆ្នាំ២០១៧ និងផ្កាយដុះកន្ទុយ 2i/Borisov កាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space Weather/Live Science (ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣)
