UPDATE៖ ជាង២០០ឆ្នាំម្តង ទើបផ្កាយដុះកន្ទុយ «Nishimura» បង្ហាញខ្លួន (អាចឃើញដោយភ្នែកទទេ) (មានវីដេអូ)
(បរទេស)៖ ការប្រទះឃើញផ្កាយដុះកន្ទុយ C/2023 P1 ឬ Nishimura ដោយតារាវិទូជនជាតិជប៉ុន កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពីដំបូងឡើយមានការសង្ស័យថា វាអាចជាវត្ថុអវកាសដែលមានប្រភពដើម មកពីតំបន់អន្តរអវកាស (Interstellar Space) ថែមទៀតផង។ យ៉ាងណាក៏ដោយ មន្ទីរពិសោធន៍យាន JPL របស់អង្គការ NASA សហរដ្ឋអាមេរិក បានធ្វើការគណនាជាថ្មីចំពោះគន្លងគោចរ Nishimura និងចេញលទ្ធផលមកហើយ។
យោងតាមលទ្ធផលគណនាថ្មីរបស់ NASA កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា ផ្កាយដុះកន្ទុយ Nishimura ខាងលើនេះ តែងតែគោចរមកកៀកព្រះអាទិត្យ នៅក្នុងរយៈពេល ២០២ឆ្នាំម្តង (នៃពេលវេលាលើភពផែនដី) ហើយតាមការពិនិត្យជាក់ស្តែង C/2023 P1 នេះវាជាផ្កាយដុះកន្ទុយនៅក្នុងតំបន់របស់យើងប៉ុណ្ណោះ មិនមែនមានប្រភពមកពី Insterstellar Space អ្វីនោះឡើយ។

សម្រាប់ពេលវេលា និងរយៈចម្ងាយក៏ត្រូវបាន JPL របស់ NASA គណនាជាថ្មីផងដែរ នោះគឺ C/2023 P1 នឹងចល័តមកកៀកផែនដីបំផុត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ពេលវេលានៅសហរដ្ឋអាមេរិក (សម្រាប់ម៉ោងនៅកម្ពុជាវិញ យើងអាចរើសយកព្រឹកព្រហាមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣) ដោយផ្កាយដុះកន្ទុយនេះ នឹងចល័តមកកាន់រយៈចម្ងាយ ១២៥លានគីឡូម៉ែត្រពីផែនដី។ សម្រាប់ឱកាសដែល C/2023 P1 គោចរទៅកៀកនឹងព្រះអាទិត្យវិញនោះ គឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងរយៈចម្ងាយតែ ៤៣.៧លានគីឡូម៉ែត្រប៉ុណ្ណោះ ពីផ្កាយរបស់យើង។

យ៉ាងណាក៏ដោយ ខាងលើនេះមិនទាន់ជាទិន្នន័យប្រាកដ ១០០% អំពីផ្កាយដុះកន្ទុយមួយនេះនៅឡើយទេ ដោយគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សាពីវា។ យ៉ាងណាក៏ដោយ សម្រាប់ចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ C/2023 P1 នឹងបង្ហាញខ្លួននៅម្តុំតារានិករ ខេនសឺ (Cancer Constellation) ហើយសម្រាប់កំលុងពាក់កណ្តាលខែកញ្ញា (បូករួមទាំងព្រឹកព្រហាមថ្ងៃទី១៣ ខែកញ្ញា ពេលវេលានៅកម្ពុជា) ផ្កាយដុះកន្ទុយនេះ នឹងចល័តឆ្លងកាត់តារានិករ ឡេអូ (Leo Constellation) ហើយរំលងពីពាក់កណ្តាលខែកញ្ញាទៅ វានឹងបន្តចល័តទៅដល់តារានិករ វើហ្គោ (Virgo Constellation) បើយើងមើលទៅលើផ្ទៃមេឃផែនដី។

សម្រាប់ម៉ោងដែលងាយទស្សនាឃើញ C/2023 P1 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ (ពេលវេលានៅកម្ពុជា) នោះគឺនៅរយៈពេល ៤៥នាទីមុនព្រះអាទិត្យរះ (ព្រះអាទិត្យនៅថ្ងៃទី១៣ ខែកញ្ញា នឹងរះនៅវេលាម៉ោង ៥៖៥០នាទី) ដោយយើងអាចសម្លឹងមើលដោយភ្នែកទទេ ទៅកាន់ផ្ទៃមេឃភាគខាងកើត (ទេទៅខាងជើងបន្តិច) ទៅតាមទីតាំងតារានិករ Leo ដូចបានជម្រាបជូនខាងលើ។ បន្ថែមពីនេះ, នៅមុន និងក្រោយថ្ងៃនេះប៉ុន្មានថ្ងៃ ក៏បណ្តាប្រទេសនៅអឌ្ឍគោលខាងជើង (បូករួមទាំងកម្ពុជា) នៅតែអាចចាត់ទុកថា C/2023 P1 នឹងស្ថិតនៅកៀកៗផែនដី ដែលនឹងងាយឲ្យទស្សនាបានផងដែរ។ សម្រាប់ថ្ងៃដដែលនេះ នៅក្រោយពេលព្រះអាទិត្យលិចបន្តិច ក៏យើងមានឱកាសអាចស្វែងរកវត្តមានរបស់ Nishimura ដោយភ្នែកទទេបានដែរ គ្រាន់តែអំលុងរដូវកាលនេះ មេឃតែងមានពពកច្រើន ឬភ្លៀងជាញឹកញាប់នៅពេលរសៀល និងល្ងាច។
លោកអ្នកក៏អាច download កម្មវិធី (App) មួយមានឈ្មោះថា Sky Map ឬ App ល្អៗមួយចំនួនទៀតនៅក្នុង Playstore និង Appstore ដើម្បីស្វែងរកទីតារានិករ ដូចបានបញ្ជាក់ឈ្មោះរួចជាស្រេច ទៅតាមពេលវេលា។

គួររំលឹកថា តារាវិទូជប៉ុនមានឈ្មោះថា Hideo Nishimura រស់នៅទីក្រុង Kakegawa ភាគកណ្តាលប្រទេសជប៉ុន បានប្រទះឃើញផ្កាយដុះកន្ទុយខាងលើនេះ តាមរយៈឡេស្កូប ខណៈវត្ថុអវកាសនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា C/2023 P1 នៅពេលដែលវាបានចូលមកកាន់ ផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យយើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ ដោយសារតែតារាវិទូជប៉ុនរូបនេះជាអ្នករកឃើញ ទើបក្រុមការងារអន្តរជាតិបានដាក់ឈ្មោះហៅក្រៅឲ្យ C/2023 P1 នោះថា ផ្កាយដុះកន្ទុយ Nishimura តែម្តង។
នៅពេលដែល Nishimura ចល័តមកកៀកព្រះអាទិត្យនោះ វាជះពន្លឺភ្លឺជាងធម្មតាដល់ទៅ ១០០ដង ដែលអាចឲ្យភ្នែកមនុស្សយើងមើលវា ប្រៀបបីដូចផ្កាយមួយដួងមានកន្ទុយ នៅលើផ្ទៃមេឃ។ នៅទីបំផុត C/2023 P1 ឬ Nishimura មិនមែនជាវត្ថុអវកាសទី ៣ មកពីក្រៅប្រព័ន្ធព្រះអាទិត្យ ឬ Interstellar Space Object ដែលបានមកបំពេញទស្សនកិច្ច នៅប្រព័ន្ធព្រះអាទិត្យយើងឡើយ។ កន្លងមកនេះយើងបានមើលឃើញ ទស្សនកិច្ចនៃអាចម៍ផ្កាយ Oumuamua ដែលត្រូវបានរកឃើញកាលពីខែតុលា ឆ្នាំ២០១៧ និងផ្កាយដុះកន្ទុយ 2i/Borisov កាលពីឆ្នាំ២០១៩ ដែលសុទ្ធសឹងតែត្រូវក្រុមតារាវិទូរកឃើញថា ជាវត្ថុអវកាសមកពីតំបន់ Interstellar Space៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/JPL/Earth.Sky (ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣)
