លទ្ធផលសិក្សាថ្មី៖ ការដាក់អាណានិគមលើភពអង្គារ នឹងត្រូវការមនុស្សតែ ២២នាក់? (មានវីដេអូ)
(បរទេស)៖ លទ្ធផលសិក្សាថ្មីមួយបានបង្ហាញថា មនុស្សចំនួនតែ ២២នាក់ប៉ុណ្ណោះ ដែលត្រូវការដើម្បីបង្កើតអាណានិគមដំបូងលើភពអង្គារ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនោះទេ ហើយអ្នកជំនាញខ្លះទៀតគិតថា យើងត្រូវការមនុស្សជាច្រើនទៀត ដើម្បីបង្កើតវត្តមានមនុស្សដ៏យូរអង្វែង នៅលើភពក្រហមនោះ។
នៅក្នុងការសិក្សាដែលត្រូវបានបញ្ជូនទៅកាន់ «arXiv» ជាមូលដ្ឋានផ្ទុកទិន្នន័យអន្តរជាតិ ដើម្បីត្រៀមបោះពុម្ភផ្សាយនៅក្នុងខែសីហា ឆ្នាំ២០២៣នេះ (មិនទាន់ត្រូវបានត្រួតពិនិត្យចុងក្រោយ) ក្រុមអ្នកស្រាវជ្រាវបានប្រើកម្មវិធីកុំព្យូទ័រដែលគេស្គាល់ថា ABM (Agent-based Model) ដើម្បីព្យាករថា តើមានមនុស្សប៉ុន្មាននាក់ នឹងត្រូវការដើម្បីទ្រទ្រង់អាណានិគមនៅលើភពអង្គារ។
កម្មវិធី ABM មានសមត្ថភាព នៅក្នុងការគណនាដ៏ឆ្លាតវៃ ដើម្បីស្វែងរកចម្លើយល្អបំផុត យោងទៅលើសេណារីយ៉ូ ប្រកបដោយភាពប្រកួតប្រជែងនានាលើភពព្រះអង្គារ និងការប្រៀបធៀបជាមួយសមត្ថភាពទៅតាមប្រភេទមនុស្ស ដែលអាចទប់ទល់នឹងស្ថានភាពទាំងនោះ។ គំរូម៉ូដែលនេះបានមើលទៅលើបុគ្គលិកលក្ខណៈនៃមនុស្ស ៤ ប្រភេទគឺ៖
១. ចុះសម្រុង (agreeables)៖ ជាប្រភេទមនុស្សមិនមានការប្រកួតប្រជែងខ្លាំង ឬបង្កប់អត្តចរិតឈ្លានពាន។
២. ស្របតាមរបត់សង្គម (socials)៖ ជាប្រភេទមនុស្សមានភាពបត់បែន និងធ្វើបានល្អនៅក្នុងច្បាប់ទម្លាប់សង្គម។
៣. មានប្រតិកម្មរហ័ស (reactives)៖ ជាប្រភេទមនុស្សមានភាពតស៊ូខ្ពស់ ដើម្បីដោះស្រាយបញ្ហានានាបានឆាប់។
៤. មានភាពគគ្លើន (neurotics)៖ ជាមនុស្សដែលមានការប្រកួតប្រជែងខ្ពស់ និងបង្កប់អត្តចរិតឈ្លានពាន។
បន្ទាប់មកគំរូម៉ូដែលនៃប្រភេទមនុស្សទាំងនេះ បានផ្លាស់ប្តូរចំនួនទៅតាមប្រភេទនីមួយៗ នៅពេលធ្វើការងារសំខាន់ៗដូចជា ការជីកយករ៉ែ និងការធ្វើកសិកម្មនៅលើភពអង្គារ។ ការកំណត់ចំនួនមនុស្ស ដើម្បីដាក់អាណានិគមដំបូងលើភពអង្គារ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះមនុស្សច្រើនក៏ស្មើនឹងគ្រឿងបរិក្ខាច្រើន, ចំណីអាហារច្រើន ឬក៏និយាយជារួម គឺការចំណាយក៏ច្រើននោះឯង។
ហេតុដូច្នេះលទ្ធផលនៃវិភាគបានរកឃើញថា ប្រសិនបើមនុស្សភាគច្រើនជាប្រភេទទី ១ (ចុះសម្រុង) និងទី ២ (ស្របតាមរបត់សង្គម) នោះ ការដាក់អាណានិគមលើភពអង្គារដំបូង នឹងត្រូវការតែមនុស្ស ២២នាក់ប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ, ប្រសិនបើមនុស្សភាគច្រើនជាប្រភេទទី ៣ (មានប្រតិកម្មរហ័ស) និងទី ៤ (មានភាពគគ្លើន) នោះ ពួកគេនឹងត្រូវការចំនួនច្រើនជាង ២២នាក់ ដើម្បីសម្រេចបានជោគជ័យ។
យ៉ាងណាក៏ដោយ ការសិក្សាខាងលើនេះ ក៏មានដែនកំណត់ធំៗមួយចំនួនទៀតដែរដូចជា ឱកាសដែលអ្នកផ្សេងទៀតបានកសាងហេដ្ឋារចនាសម្ព័ន្ធធំៗលើភពអង្គាររួចទៅហើយជាដើម។ ការដាក់អាណានិមដំបូង ក៏ត្រូវបានសន្មត់យកការប្រើប្រាស់ថាមពល សម្រាប់រយៈពេល ៧ឆ្នាំ ក្នុងនោះមានដូចជាការកសាង រ៉េអាក់ទ័រផលិតថាមពលនុយក្លេអ៊ែរខ្នាតតូច និងការនាំយកថាមពលជាប្រចាំពីផែនដីជាដើម។
ដោយឡែក អ្នកស្រាវជ្រាវផ្នែកអវកាសមួយរូប គឺលោក Jean-Marc Salotti មកពីមន្ទីរពិសោធន៍ផ្នែកគ្រឿងបរិក្ខា (IMS) នៅទីក្រុង Bordeaux ប្រទេសបារាំងបានប្រាប់សារព័ត៌មាន Live Science បែបនេះវិញថា «មនុស្សចំនួន ២២នាក់ គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ការកសាង និងគ្រប់គ្រងប្រកបដោយចីរភាពនូវ អាណានិគមបែបស្វយ័តមួយ នៅលើភពព្រះអង្គារឲ្យបានពេលលក្ខណៈនោះ»។
អ្នកជំនាញបារាំងរូបនេះបានសង្កត់ធ្ងន់ទៀតថា «មនុស្សតែ ២២នាក់ នឹងអាចរស់នៅលើភពអង្គារ ទៅតាមពេលវេលាកំណត់មួយបាន ប្រសិនណាបើពួកគេមានហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធនចាំបាច់គ្រប់គ្រាន់។ ប៉ុន្តែពួកគេនឹងមិនរីកចម្រើននោះទេ។ ទោះបីជាគំនិតនៃការសិក្សាថ្មីនេះ ប្រព្រឹត្តទៅដោយយោងលើបុគ្គលិកលក្ខណៈនៃមនុស្ស ដែលត្រូវបានបែងចែក ជាជំហានដ៏ឆ្លាតវៃក៏ពិតមែន តែក៏មានព្រំដែនកំណត់របស់វាដែរ…»។
លោក Salotti បានលើកឡើងទៀតថា «ចំពោះអាណានិគមមួយ ជម្លោះធម្មតា ឬជម្លោះធ្ងន់ធ្ងរអាចនាំឱ្យមានគ្រោះមហន្តរាយ។ ប៉ុន្តែ, បុគ្គលិកលក្ខណៈមនុស្សទាំង ៤ប្រភេទ ដែលប្រើក្នុងការសិក្សាគឺមានលក្ខណៈសាមញ្ញ។ ការកសាង និងទ្រទ្រង់អាណានិគមប្រកបដោយស្វ័យភាព នៅលើភពអង្គារ ទាមទារឲ្យមានមនុស្សដែលប្រកបដោយចំណេះដឹង និងជំនាញកាន់តែច្រើន ដើម្បីជម្នះឧបសគ្គដែលពួកគេនឹងប្រឈមមុខ។ ការប៉ាន់ស្មានជាអប្បបរមាគឺ ១១០នាក់ សម្រាប់បេសកកម្មនាពេលអនាគតលើភពអង្គារ»។
គួរបញ្ជាក់ថា នៅក្នុងលទ្ធផលសិក្សាព្រាងមួយកាលពីឆ្នាំ ២០១៨ ដែលត្រូវបានបញ្ជូនទៅដាក់តម្កល់នៅ arXiv ផងដែរនោះ ក្រុមអ្នកស្រាវជ្រាវបានគណនាថា ការបង្កើតចំនួនប្រជាជនដែលអាចទទួលយកបាន នៅក្នុងការធ្វើដំណើរផ្សងព្រេងដែលមិនអាចត្រលប់ក្រោយវិញ ទៅកាន់ប្រព័ន្ធផ្កាយ Proxima Centauri ដែលជាប្រព័ន្ធផ្កាយនៅជិតយើងបំផុតនោះ នឹងត្រូវការមនុស្សយ៉ាងហោចណាស់ ៩៨នាក់។ ជុំវិញការគណនានោះ លោក Salotti បាននិយាយថា «ចំនួនប្រហែលគ្នានេះ ក៏នឹងត្រូវការនៅលើភពព្រះអង្គារដែរ»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣)