(៣កញ្ញា២០០៦)៖ យានអវកាសអឺរ៉ុបត្រូវបានទម្លាក់ ឲ្យបុកផ្ទៃព្រះចន្ទ «ដោយចេតនា»

398

(បរទេស)៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៦ យានអវកាសមួយគ្រឿងរបស់អឺរ៉ុប មានឈ្មោះថា SMART-1 បានធ្លាក់លើបុកផ្ទៃព្រះចន្ទ។ នេះមិនមែនជាហេតុការណ៍ ដែលបានកើតមានឡើងដោយបញ្ហាបច្ចេកទេសនោះឡើយ តែផ្ទុយទៅវិញ វាគឺជាចេតនាសុទ្ធសាធរបស់អង្គការអវកាសអឺរ៉ុប ESA

SMART-1 ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីកាលពីឆ្នាំ ២០០៣ ដើម្បីទៅគោចរជុំវិញព្រះចន្ទរយៈពេល ២ឆ្នាំ ស្ថិតក្នុងន័យសិក្សាអំពីបច្ចេកវិទ្យាថ្មីៗរបស់ ESA ទាក់ទងនឹងការអភិវឌ្ឍ បច្ចេកវិទ្យាផលិតយានអវកាសដែលចំណាយតិច ជាពិសេសគឺការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីដំណើរការយាន ឬផ្កាយរណបនៅទីអវកាសជាដើម។

យាន SMART-1 (រូបភាពពី ESA)

មិនត្រឹមតែប៉ុណ្ណោះ SMART-1 ក៏មានតួនាទីក្នុងអង្កេតរកវត្តមានទឹកកក និងសារធាតុគីមីផ្សេងៗទៀតលើផ្ទៃព្រះចន្ទផងដែរ តាមរយៈការគោចរជុំវិញព្រះចន្ទនោះ។ យ៉ាងណាក៏ដោយ ការបញ្ជាវាឲ្យធ្លាក់បុកផ្ទៃព្រះចន្ទ គឺជាចេតនារបស់ក្រុមអ្នកវិទ្យាសាស្ត្រ ESA

រង្វង់ក្រហមជាផ្កាភ្លើង ពេលយាន SMART-1 បុកផ្ទៃព្រះចន្ទ (រូបភាពពី ESA)

ESA បានត្រៀមតេឡេស្កូបនៅលើផែនដី ដើម្បីផ្តិតយកទិដ្ឋភាព SMART-1 ធ្លាក់បុកផ្ទៃព្រះចន្ទ ដើម្បីយល់ដឹងអំពីស្ថានភាព ឬឥទ្ធិពលជាក់ស្តែងនៃការធ្លាក់របស់អាចម៍ផ្កាយលើផ្ទៃព្រះចន្ទ ដែលមានទំនាញខ្សោយ និងគ្មានបរិយាកាសនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner