តើក្នុងកាឡាក់ស៊ីយើង មានប្រហោងខ្មៅ «Black Holes» ចំនួនប៉ុន្មាន? តើពួកវាអាចគំរាមផែនដីយើងទេ…?
(បរទេស)៖ បងប្អូនជាច្រើនបានសួរ Cambo Space អំពីប្រហោងខ្មៅ «Black Holes» ដែលមានច្រើនចំណុច និងភាគច្រើនហាក់បង្ហាញការព្រួយបារម្ភផងដែរ ចំពោះឥទ្ធពិលរបស់វា។ ប៉ុន្តែសូមបងប្អូនទាំងអស់ជ្រាបជាដំបូងថា ប្រហោងខ្មៅពិតជាមានច្រើន ប៉ុន្តែស្ថិតនៅឆ្ងាយណាស់ រហូតដល់ទៅរាប់ពាន់ឆ្នាំពន្លឺពីផែនដីឡើងទៅ (១ឆ្នាំពន្លឺ = ៩.៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ» ហេតុដូច្នេះ ទោះផែនដីត្រូវរលាយរាប់សិបដងទៀត ក៏ប្រហោងខ្មៅមិនទាន់ធ្វើដំណើរមកដល់ផង។

ងាកមកកាន់ចំណុចសំខាន់បន្ថែមទៀត កាឡាក់ស៊ីរបស់យើង ត្រូវតែមានផ្ទុកប្រហោងខ្មៅប្រភេទ Stellar-Mass ប្រមាណជា ១០០លាន ដែល Black Holes ទាំងនោះកើតចេញពីការរលំរលាយ នៃរបស់ផ្កាយដ៏ធំៗមហិមា ដែលជាទូទៅមានម៉ាស់ធំជាងព្រះអាទិត្យ ចន្លោះពី ០៥ដង រហូតដល់រាប់សិបដង និងលានដងផងដែរ។

ម៉្យាងវិញទៀតប្រហោងខ្មៅទាំងនេះ ភាគច្រើនគឺយើងពុំអាចមើលឃើញនោះឡើយ ដោយមានតែប៉ុន្មានកន្លែងប៉ុណ្ណោះ ដែលអ្នកវិទ្យាសាស្រ្ត បានប្រទះឃើញមកទល់នឹងពេលនេះ។ ប្រហោងខ្មៅដែលនៅកៀកជាងគេបំផុត គឺស្ថិតនៅចម្ងាយប្រហែល ១,៦០០ឆ្នាំពន្លឺ ពីភពផែនដី។

នៅក្នុងដែនចក្រវាឡដែលឥតមានដែនកំណត់ ពួកយើងអាចមើលឃើញ មានវត្តមានកាឡាក់ស៊ីប្រមាណជិត ១០០ពាន់លានកាឡាក់ស៊ី។ សរុបមក កាឡាក់ស៊ីរបស់យើង គឺជាជម្រករបស់ផ្កាយប្រមាណ ១០០ពាន់លានដួង និងប្រហោងខ្មៅ ១០០លានកន្លែង។ សម្រាប់ប្រហោងខ្មៅធំជាងគេស្ថិតនៅ «ចំកណ្តាលនៃកាឡាក់ស៊ី មៀលគីវេយ៍ នេះតែម្តង» ដែលមានទំហំធំជាងព្រះអាទិត្យយើង ៤.១លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី៕

