NASA ជោគជ័យ! O2 ដែលឧបករណ៍ MOXIE ផលិតបានលើភពអង្គារ អាចឲ្យសុនខ១ក្បាលដកដង្ហើម «១០ម៉ោង» (មានវីដេអូ)
(បរទេស)៖ ពេលដែលក្រុមអវកាសយានិកដំបូង ចុះចតលើភពព្រះអង្គារនៅថ្ងៃអនាគត ពួកគេនឹងមានវត្ថុមួយដែលត្រូវដឹងគុណមុនគេ នោះគឺឧបករណ៍ប៉ុនម៉ាស៊ីនម៉ៃក្រូវ៉េវ មានឈ្មោះថា MOXIE (Mars Oxygen In-Situ Resource Utilization Experiment) ដែលបានធ្វើការចម្រាញ់ និងផលិតឧស្ម័នអុកស៊ីហ្សែន (Oxygen) ចេញពីបរិយាកាសភពអង្គារចំនួន ១៦លើក ហើយបិទបញ្ចប់បេសកកម្មរបស់វាជាស្ថាពរ ប្រកបដោយជោគជ័យ។
ទោះបីជា MOXIE ដែលបានចុះទៅដល់ផ្ទៃភពអង្គារ ជាមួយយាន Perseverance កាលពីខែកុម្ភៈ ឆ្នាំ២០២១ អាចចម្រាញ់អុកស៊ីហ្សែនបានប្រមាណតែ «១២២ក្រាម» ឬជាបរិមាណដែលអាចឲ្យសុនខតូចមួយក្បាលដកដង្ហើមបានត្រឹមតែ «១០ម៉ោង» នោះក៏ដោយ ក៏នេះជាសញ្ញាវិជ្ជមាន និងជោគជ័យយ៉ាងពិតប្រាកដ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រដែលបានស្រាវជ្រាវ និងផលិតចេញជា MOXIE នេះឡើង។ បន្ថែមពីនេះ ការសម្រាញ់អុកស៊ីហ្សែនដោយ MOXIE ក៏តម្រូវឲ្យមានគុណភាពយ៉ាងហោចណាស់ចាប់ពី ៩៨% ឡើងទៅដែរ ទើបអាចយកជាការបាន។
អង្គការ NASA បានថ្លែងថា បេសកកម្មមនុស្សលើភពអង្គារនៅថ្ងៃមុខ ពេលនេះមានឧបករណ៍សម្រាប់ចម្រាញ់ និងផលិតអុកស៊ីហ្សែន សម្រាប់ត្រៀមទុកប្រើប្រាស់យ៉ាងពិតប្រាកដ។ អុកស៊ីហ្សែនប្រាកដណាស់ជា ឧស្ម័នសម្រាប់ឲ្យមនុស្សដកដង្ហើមដើម្បីបន្តជីវិត ប៉ុន្តែវាក៏ជាឧស្ម័នដែលអាចយកទៅប្រើប្រាស់ ជាឥន្ធនៈរ៉ុក្កែតផងដែរ។ គោលដៅចម្បងរបស់ NASA ក៏ដូចជាទីភ្នាក់ងារអវកាសផ្សេងៗទៀត គឺការរិះរកវិធីទាញយកធនធានចាំបាច់ នៅទីតាំងដែលពួកគេបោះមូលដ្ឋានស្រាវជ្រាវ និងស្នាក់នៅផ្ទាល់ ហើយបច្ចុប្បន្ននេះ ព្រះចន្ទ និងភពអង្គារ គឺជាទីឋានដែលកំពុងស្ថិតក្នុងការពិសោធន៍ជាក់ស្តែង។
ថ្វីត្បិតតែ MOXIE បានទៅដល់ភពអង្គារតាំងតែពីដើមឆ្នាំ២០២១ តែការផលិតអុកស៊ីហ្សែនរបស់វា មិនមែនធ្វើឡើងជារៀងរាល់ថ្ងៃនោះឡើយ។ MOXIE ត្រូវការថាមពលដើម្បីស្រូប និងចម្រាញ់អុកស៊ីហ្សែនចេញពីខ្យល់ភពអង្គារយូរៗម្តង ហើយនៅចុងក្រោយដែលវាបានធ្វើនោះគឺថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដែលត្រូវនឹងលើកទី ១៦។ នៅលើកចុងក្រោយនោះ MOXIE ចម្រាញ់បានអុកស៊ីហ្សែនចំនួន ៩.៨ក្រាម ហើយអង្គការ NASA បានសន្មត់ថា បេសកកម្មរបស់ឧបករណ៍ទំហំប៉ុនអាគុយរថយន្តនេះ ពិតជាសម្រេចជោគជ័យ។
គួរបញ្ជាក់ថា ក្នុងនាមជាឧបករណ៍ចម្រាញ់អុកស៊ីហ្សែន ដំបូងបំផុតដែលមនុស្សលោកផែនដី បញ្ជូនទៅកាន់ទីឋានដទៃក្រៅពីផែនដីនោះ MOXIE បានទៅដល់ភពអង្គាររយៈពេលជាង ២ឆ្នាំទៅហើយ បើគិតតាមពេលវេលាលើផែនដី ប៉ុន្តែបើគិតតាមពេលវេលាលើភពអង្គារវិញ ឧបករណ៍នេះបានដំណើរការ នៅក្នុងរយៈពេលមួយឆ្នាំពេញ។ អង្គការ NASA បានកំណត់បែបនេះ ដើម្បីយល់ដឹងឲ្យច្បាស់ពីដំណើរការរបស់ MOXIE នៅគ្រប់រដូវកាល និងស្ថានភាពធាតុអាកាស ក្នុងរយៈពេលពេញ១ឆ្នាំលើភពក្រហមនោះផ្ទាល់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣)