តើមានអ្វីកើតឡើងក្នុងសភាម៉ិកស៊ិក? តើទាំងនេះជា «អេលៀន» មែនឬ? (យល់ដឹងលម្អិត) (មានវីដេអូ)
(បរទេស)៖ ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត មួយបានកើតមានឡើងនៅក្នុងសភា ម៉ិកស៊ិក (Mexico) នៃតំបន់អាមេរិកខាងជើង ដោយប្រអប់ ឬយើងអាចហៅថា មឈូសចំនួន ២ មានផ្ទុកសាកសពដែលគេសង្ស័យថា អាចជាមនុស្សក្រៅភព ឬ អេលៀន (Alien) (ត្រូវបានគេអះអាងថា មាន DNA និងស៊ុតនៅក្នុងនោះដែលគេមិនទាន់អាចកំណត់ប្រភេទបាន ព្រមទាំងមានអាយុខ្ទង់ ១,០០០ឆ្នាំមកហើយ) ត្រូវបានលើកចូលមកក្នុងកិច្ចប្រជុំសភាតែម្តង កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សមាជិកសភានៃប្រទេសម៉ិកស៊ិក ដែលជាប្រទេសមានព្រំដែនជាប់នឹង សហរដ្ឋអាមេរិកផងដែរនោះ បានស្តាប់ការផ្តល់សក្ខីកម្មពីបុគ្គលនានាដែលកំពុងអះអាងថា ជីវិតមកពីភពផ្សេង (Alien) ពិតជាមានប្រាកដមែន ខណៈក្រុមអ្នកស្រាវជ្រាវម៉ិកស៊ិកផ្ទាល់ រួមជាមួយនិងសហរដ្ឋអាមេរិក ជប៉ុន និងប្រេស៊ីលផងដែរ កំពុងបង្ហាញការគាំទ្រចំពោះសក្ខីកម្មនេះ ចំពោះមុខអ្នកលេងបណ្តាញសង្គមដែលកំពុងសើចចម្អក និងសម្តែងការហួសចិត្តយ៉ាងព្រោងព្រាត។ អ្វីដែលគេអះអាងថា អាចជាសាកសពអេលៀននោះ គឺមានក្បាលរាងទ្រវែង (ផ្ទៃមុខរាងលយទៅខាងមុខខ្លាំង) និងដៃម្ខាងៗមានម្រាមតែ ៣ ប៉ុណ្ណោះ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ គឺកិច្ចប្រជុំបែបនេះមិនធ្លាប់មានពីមុនមកឡើយ នៅក្នុងសភាម៉ិកស៊ិក ហើយព្រឹត្តិការណ៍នេះក៏បានកើតមានឡើងពីរខែ បន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងសភាសហរដ្ឋអាមេរិក ដោយអតីតមន្ត្រីចារកម្មកងទ័ពអាកាសអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកទំនងជាបានដឹងឮ ឬលួចលាក់អំពី «ព្រឹត្តិការណ៍ពាក់ព័ន្ធជីវិតមកពីទីឋានដទៃ (មិនមែនមនុស្សលើផែនដី)» ចាប់តាំងពីទសវត្សរ៍ ១៩៣០ មកម្ល៉េះ។ បន្ថែមពីនេះលោក Ryan Graves ជនជាតិអាមេរិក នាយកប្រតិបត្តិផ្នែកសុវត្ថិភាពលំហអវកាស និងជាអតីតអ្នកបើកយន្តហោះនៃកងទ័ពជើងទឹកអាមេរិក ក៏ស្ថិតនៅក្នុងអង្គសភាម៉ិកស៊ីកូពេលនោះដែរ។
អ្នកសារព័ត៌មានម៉ិកស៊ិកមួយរូបគឺលោក José Jaime Maussan បានបង្ហាញប្រអប់ធំចំនួនពីរជាមួយនឹងសាកសពដែលគេសន្មត់ថា បានរកឃើញនៅក្នុងប្រទេសប៉េរូ (ស្ថិតនៅទ្វីបអាមេរិកខាងត្បូង) ដែលលោកនិងអ្នកផ្សេងទៀតចាត់ទុកថាជា «មិនមែនមនុស្ស ហើយក៏មិនមែនជាជីវិតដែលកើត និងវិវត្តលើភពផែនដីយើងនេះដែរ»។ លោក Maussan បានសង្កត់ធ្ងន់ថា «នេះជាភស្តុតាងដ៏អស្ចារ្យជាងគេបំផុត»។
មនុស្សទាំងឡាយនៅក្នុងបន្ទប់សភា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញប្រអប់ ២ នោះត្រូវបានបើក និងមានអ្វីដែលគេសង្ស័យថា ជាសាកសពអេលៀនចំនួន ២ នៅក្នុងនោះ ហើយគ្រប់គ្នាហាក់រង់ចាំការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ការពិតទៅលើ អ្វីដែលដូចជាសាកសពទាំង ២ ក្នុងប្រអប់នោះ។ ទោះជាយ៉ាងណា អ្នកកាសែត José Jaime Maussan បានណែនាំជាទុកជាមុនថា «យើងគួរកុំទាន់សន្មត់ថា ទាំងនេះជាជីវិតមកពីទីឋានដទៃ (extraterrestrial) ប៉ុន្តែប្រសិនបើការធ្វើតេស្ត DNA បន្ថែមបញ្ជាក់ថា នេះជាជីវិត extraterrestrial នោះយើងគួរតែយកចិត្តទុកដាក់លើរឿងនេះ»។
លោក Maussan បានលើកឡើងទៀតថា «សំណាកទាំងនេះមិនមែនជាអ្វី ដែលបានវិវត្តនៅលើភពផែនដីរបស់យើងទេ… ហើយក៏មិនមែនជាសាកសព ដែលត្រូវបានរកឃើញបន្ទាប់ពីការធ្លាក់ UFO នោះដែរ។ ពួកវាត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ… ហើយក្រោយមកត្រូវបានគេអះអាងថាជាហ្វូស៊ីល»។
រូបរាងដែលមានសភាពក្រៀមក្រោះខាងលើនេះ ក៏ធ្លាប់ត្រូវបានបង្ហាញផងដែរកាលពីឆ្នាំ ២០១៧ ហើយទាំងនោះត្រូវបានគេរកឃើញនៅក្រោមដីក្នុងតំបន់វាលខ្សាច់ Cusco នៃតំបន់ Nazca ប្រទេសប៉េរូ។ តំបន់ Nazca នេះត្រូវបានគេស្គាល់ថា ជារចនាសម្ព័ន្ធសំណង់ដ៏មហិមា ដែលបានបន្សល់ដាននៅលើផែនដី ហើយយើងអាចមើលឃើញដានរបស់ទាំងនោះ តែពីលើផ្ទៃអាកាសប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវភាគច្រើនសន្មតថា Nazca Lines អាចជាសហគមន៍ នៃជនជាតិដើមភាគតិចពីបុរាណ ប៉ុន្តែរចនាសម្ព័ន្ធនៃសំណង់នោះ បានបង្កឲ្យមានការចាប់អារម្មណ៍ និងវិភាគពីភាពដែលអាចទៅរួចជាច្រើនទៀត។
គួរបញ្ជាក់ថា កាលពីអំលុងឆ្នាំ ២០១៧ លោក Maussan បានធ្វើការអះអាងស្រដៀងគ្នានេះ នៅក្នុងប្រទេសប៉េរូ ហើយរបាយការណ៍មួយចេញពី ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសប៉េរូកាលណោះបានរកឃើញថា អ្វីដែលដូចសាកសពទាំងនោះតាមការពិតគឺជា «រូបសូនត្រូវបានផលិតឡើងថ្មីៗនេះ ដែលត្រូវបានគ្របដោយក្រដាស និងបិតដោយជ័រកាវដើម្បីឲ្យមើលទៅមានលក្ខណៈដូចស្បែកប៉ុណ្ណោះ»។
នៅក្នុងរបាយការណ៍ផ្លូវការរបស់ប៉េរូនោះ បានគូសបញ្ជាក់បន្ថែមថា លទ្ធផលត្រួតពិនិត្យបានបញ្ជាក់ស្ទើរតែទាំងស្រុង នោះគឺរូបដែលគេសង្ស័យថា ជាសាកសពអេលៀននោះប្រាកដណាស់ «ត្រូវបានបង្កើតឡើងដោយមនុស្ស» ហើយថា «អ្វីដែលក្រុមអ្នកស្រាវជ្រាវបានព្យាយាមបង្ហាញទាំងនេះ មិនមែនជាការបន្សល់ទុកដោយបុព្វបុរសអេលៀនអ្វីនោះឡើយ»។ ទោះជាយ៉ាងណា ក្នុងករណីនៅប្រទេសប៉េរូ សាកសពទាំងនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ដូច្នេះវាក៏មិនច្បាស់ថា តើសាកសពទាំងនោះដូចគ្នានឹងសាកសពក្នុងប្រអប់ ដែលត្រូវបានបង្ហាញដល់អង្គសភា របស់ប្រទេសម៉ិកស៊ិក ក្នុងខែកញ្ញា ឆ្នាំ២០២៣ នេះដែរឬមួយក៏អត់នោះឡើយ។
កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញានោះ លោកស្រី Julieta Fierro អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានតារាសាស្ត្រ នៃសាកលវិទ្យាល័យជាតិម៉ិកស៊ិក (UNAM) ដែលជាបុគ្គលស្ថិតក្នុងចំណោមអ្នកកំពុងមានមន្ទិលសង្ស័យ លើបញ្ហាខាងលើនេះ បានលើកឡើងថា ព័ត៌មានលម្អិតជាច្រើនអំពីរឿងរ៉ាវខាងលើនេះ «គ្មានន័យអ្វីទេ»។ លោកស្រី Fierro ថែមទាំងបានគូសបញ្ជាក់បន្ថែមទៀតថា ការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវ ដែលថាសាកលវិទ្យាល័យរបស់លោកស្រី បានគាំទ្រការរកឃើញរបស់ពួកគេ (អំពីសាកសពអេលៀន) នោះគឺជារឿង «មិនពិត» ទាល់តែសោះ។
លោកស្រី Fierro បានសង្កត់ធ្ងន់ថា យើងត្រូវការបច្ចេកវិទ្យា ដែលទំនើបជាង X-ray ទៅទៀត ដើម្បីអាចត្រួតពិនិត្យយ៉ាងជាក់ច្បាស់ថា អ្វីដែលគេកំពុងសង្ស័យថាជាសាកសពអេលៀននោះ ពិតជាជីវិតនៃទីឋានដទៃ ដែលបានមកកាន់ផែនដីយើងមែន ឬមួយក៏មិនមែន។ លោកស្រី Fierro បាននិយាយទៀតថា «លោក Maussan បានធ្វើរឿងជាច្រើនមកហើយ។ លោកធ្លាប់និយាយថា លោកបាននិយាយជាមួយ Virgin of Guadalupe (ព្រះមាតានៃព្រះយេស៊ូ ឬត្រូវបានចាត់ទុកជា ព្រះដែលបានបង្កើតប្រទេសម៉ិកស៊ិក នៅក្នុងជំនឿពីបុរាណ) ថែមទៀតផង»។
គួរបញ្ជាក់តាមលោក Muassan បានអះអាងថា ការធ្វើតេស្ត DNA តាមរយៈវិធីសាស្ត្រកំណត់អាយុកាបូន (radiocarbon dating) ត្រូវបានធ្វើឡើងរួចមកហើយ ចំពោះអ្វីដែលគេអះអាងថាអាចជា សាកសព Alien ទាំង ២ នេះ ហើយលទ្ធផលបឋមបានបង្ហាញថា ៣០% នៃ DNA របស់សាកសពទាំង ២ នេះ មិនអាចឲ្យគេកំណត់ប្រភេទបាននោះឡើយ។ បន្ថែមពីនេះនៅក្នុងពោះរបស់សាកសព ១ ក្នុងចំណោម ២ នោះ គេបានប្រទះឃើញអ្វីមួយ ដែលស្រដៀងនឹងស៊ុត (egg) ហើយគេក៏បានរកឃើញបំណែកនៃរ៉ែកម្រមួយមានឈ្មោះថា Osmium (ស្ថិតក្នុងជំពូកជាមួយផ្លាទីន) ផងដែរ។
លោកស្រី Fierro បានថ្លែងទៀតថា «លោក Maussan ធ្លាប់បានប្រាប់ខ្ញុំថា មនុស្សក្រៅភពមិននិយាយជាមួយខ្ញុំ ដូចជាពួកគេនិយាយជាមួយលោកនោះទេ ដោយសារតែខ្ញុំមិនជឿលើពួកគេ…។ វាហាក់ដូចជាចម្លែក នៅពេលដែលពួកគេបាននាំយកនូវអ្វីដែលពួកគេអះអាងយ៉ាងប្រាកដថា ជាកំណប់ទ្រព្យលំដាប់ប្រទេស មកពីប្រទេសប៉េរូ តែបែរជាមិនអញ្ជើញឯកអគ្គរដ្ឋទូតប៉េរូ ឲ្យមកចូលរួមបែបនេះ…»។
ងាកមកកាន់ សមាជិកសភាម៉ិកស៊ិកមួយរូបវិញ គឺលោក Sergio Gutiérrez Luna មកពីគណបក្ស Morena ដែលកំពុងកាន់អំណាច បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា សភាមិនបានប្រកាន់យកជំហរណាមួយ លើការលើកឡើងទាំងនេះឡើយ ក្នុងអំឡុងពេលសម័យប្រជុំជាងបីម៉ោងនោះ។ លោក Luna បានសង្កត់ធ្ងន់ថា «ការជឿឬមិនជឿ គឺអាស្រ័យលើសមាជិកនីមួយៗ នៃស្ថាប័ននីតិប្បញ្ញត្តិ ប៉ុន្តែលោកអ្នកដែលបានផ្តល់សក្ខីកម្ម ត្រូវតែស្បថថា ខ្លួននឹងនិយាយតែការពិត»។ ដូច្នេះលទ្ធផលត្រួតពិនិត្យជាផ្លូវការយ៉ាងណានោះ មានតែត្រូវរង់ចាំបន្តទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ 9News/AP (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣)