សង្ខេបរបាយការណ៍ដំបូង៖ «NASA មិនទាន់ដឹងការពិតអ្វីទាំងអស់អំពី UAP ឬ UFO» (មានវីដេអូ)

894

(បរទេស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមអ្នកសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងបាតុភូតអាកាស ដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ឬប្រភព UAP ដែលកន្លងមកយើងតែហៅថា UFO របស់អង្គការ NASA បានចេញផ្សាយរបាយការណ៍ដំបូង ដែលគ្រប់គ្នារង់ចាំជាយូរមកហើយ ខណៈដែលអ្នកជំនាញរបស់ ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ មិនបានរកឃើញសញ្ញា ឬភស្តុតាងអ្វីដែលអាចបញ្ជាក់ថា បាតុភូតទាំងនោះមានប្រភពមកពីជីវិតភពផ្សេង (extraterrestrial origins)NASA ក៏បានតែងតាំងប្រធានផ្នែកស៊ើបអង្កេតថ្មីមួយរូបទៀត ដើម្បីដឹកនាំការសិក្សាស្រាវជ្រាវនេះបន្តទៀតផងដែរ។

តបតាមការចង់របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក អង្គការ NASA បានចាត់តាំងក្រុមអ្នកជំនាញឯករាជ្យមួយ កាលពីឆ្នាំ២០២២ ដើម្បីផ្តល់ព័ត៌មានដល់ NASA ផង និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធផ្សេងៗទៀតផង អំពីរបៀបនៃការប្រមូលទិន្នន័យ និងធ្វើការវិភាគកាន់តែប្រសើរ ស្ថិតក្នុងគោលដៅស្វែងយល់អំពីការប្រទះឃើញវត្តមាន UFO ឬ UAP ទាំងពីសំណាក់ជនស៊ីវិលទូទៅ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងសេចក្តីរាយការណ៍ពីបណ្តាប្រទេស និងតំបន់ផ្សេងៗទៀតនៅទូទាំងពិភពលោក។

ប្រធាន NASA លោក Bill Nelson (រូបភាពពី NASA)

របាយការណ៍ជាកញ្ចប់ដំបូងរបស់ NASA ខាងលើនេះមានសរុប ៣៦ទំព័រ ខណៈសារព័ត៌មាន SPACE បានធ្វើការសង្ខេបន័យជារួម ដើម្បីឲ្យគ្រប់គ្នាងាយឈ្វេងយល់។ ជុំវិញរបាយការណ៍នេះ ប្រធាន NASA លោក Bill Nelson បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍នោះថា «ក្រុមអ្នកសិក្សាឯករាជ្យរបស់ NASA មិនបានរកឃើញភស្តុតាងណាមួយ ដែលបញ្ជាក់ថា UAP ទាំងនោះមានប្រភពដើមមកពីក្រៅភពផែនដីឡើយ ប៉ុន្តែយើងមិនដឹងថា តើ UAP ទាំងនោះជាអ្វីនោះដែរ…»។ ដើម្បីឲ្យការស៊ើបអង្កេត អាចបន្តទៅមុខទៀតកាន់តែរលូន និងប្រកបដោយប្រសិទ្ធភាព ប្រធាន NASA បានប្រកាសតែងតាំងប្រធានថ្មី ឲ្យក្រុមស៊ើបអង្កេត UAP នេះ និងបានណែនាំឲ្យទីភ្នាក់ងាររបស់ NASA មួយនេះ ធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀតរបស់រដ្ឋាភិបាល។

សេចក្តីរាយការណ៍ពី UAP នៅតាមតំបន់នានាលើផែនដី ដែលពិបាកនឹងយកជាការបាន (រូបភាពពី NASA)

ជាការពិតណាស់ របាយការណ៍ដំបូងរបស់ក្រុមសិក្សា UAP របស់ NASA ពេលនេះ មិនបានបញ្ចេញពន្លឺអ្វីលើរឿងរ៉ាវអំពី UFO នោះឡើយ ប៉ុន្តែវាបានផ្តល់នូវអនុសាសន៍ អំពីរបៀបដែលអង្គការនេះអាចជួយជំរុញប្រតិបត្តិស៊ើបអង្កេតឲ្យបន្តទៅមុខ។ នៅក្នុងការសន្និដ្ឋានរបស់ខ្លួន ក្នុងរបាយការណ៍បានអះអាងថា NASA អាចរួមចំណែកបានល្អបំផុតចំពោះប្រធានបទនេះ ដោយប្រើប្រាស់ផ្កាយរណបសង្កេតផែនដីរបស់ខ្លួន ដើម្បីជួយស្វែងរក ឬផ្តល់ទិន្នន័យ និងភស្តុតាងកាន់តែប្រសើរឡើងពាក់ព័ន្ធនឹង UAP

ក្រុមការងារស៊ើបអង្កេត UAP របស់ NASA (រូបភាពពី NASA)

ក្នុងរបាយការណ៍បានគូសបញ្ជាក់ទៀតថា «បច្ចុប្បន្នការវិភាគទិន្នន័យអំពី UAP បានជួបឧបសគ្គច្រើន ព្រោះតែឧបករណ៍ចាប់សញ្ញាដែលមានសមត្ថភាពខ្សោយ, កង្វះការវាស់វែងគ្រប់ជ្រុងជ្រោយ, កង្វះទិន្នន័យពីឧបករណ៍ចាប់សញ្ញា និងកង្វះការផ្តល់ទិន្នន័យមូលដ្ឋានតែម្តង។ ការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកែលម្អគ្រប់ទិដ្ឋភាពទាំងអស់ ពិតជាមានសារៈសំខាន់ណាស់ ហើយក្រុមអ្នកជំនាញរបស់អង្គការ NASA គួរតែមានសិទ្ធិប្រើប្រាស់យ៉ាងទូលំទូលាយ នូវឧបករណ៍ប្រមូលយកទិន្នន័យជាប្រព័ន្ធ នៅក្នុងយន្តការយ៉ាងទូលំទូលាយថ្នាក់រដ្ឋាភិបាល»។

ការប្រទះឃើញ UFO ដោយយន្តហោះយោធាអាមេរិក (រូបភាពពី US Media)

លោកស្រី Nicola Fox ជំនួយការផ្នែករដ្ឋបាលរបស់់ទីភ្នាក់ងារតាមដាន UAP របស់ NASA បានលើកឡើងជុំវិញបញ្ហានេះថា «UAP គឺជាអាថ៌កំបាំងដ៏អស្ចារ្យបំផុតមួយ របស់ភពផែនដីរបស់យើង។ ខណៈដែលមានសាក្សីជាច្រើន អមដោយភស្តុតាងជារូបភាព និងវីដេអូនានា ដែលពាក់ព័ន្ធជាមួយ UAP ក៏ពិតមែន តែទាំងនេះមិនស៊ីសង្វាក់គ្នាឡើយ ហើយសាក្សីទាំងនោះក៏មិនបានបញ្ជាក់អ្វីដែលលម្អិតនោះដែរ… ដូច្នេះទាំងអស់នេះ មិនមែនជាការសង្កេតដែលអាចយកទៅប្រើប្រាស់បាន ដើម្បីធ្វើការសន្និដ្ឋានបែបវិទ្យាសាស្ត្រច្បាស់លាស់អំពីការពិត និងប្រភពដើមនៃ UAP ទាំងនោះទេ»។

គួរបញ្ជាក់ថា ជុំវិញចម្លើយពីក្រុមការងារតាមដានរកការពិតអំពី UAP របស់អង្គការ NASA ដែលត្រូវបានគេរំពឹងទុកមុនរួចទៅហើយថា នឹងធ្វើឲ្យមហាជនទាំងឡាយ ខកចិត្តនោះ លោក Bill Nelson បានថ្លែងបែបនេះថា «ការបង្ហាញវត្តមានរបស់ UFO ឬ UAP តែងតែមិនឲ្យគេត្រៀមទុកមុនដើម្បីតាមដាន ហើយការបង្ហាញខ្លួនចេញមកក៏ភ្លាមៗពេក ដែលប្រការទាំងនេះពិតជាផ្តល់ផលលំបាកខ្លាំងណាស់ ក្នុងការឲ្យយើងធ្វើការសិក្សាស្វែងយល់តាមបែបវិទ្យាសាស្ត្រ»។

(រូបភាពពី NASA)

ទោះជាបែបនេះក្តី ក្រុមការងារ NASA បានប្តេជ្ញារួមថា នឹងបន្តស៊ើបអង្កេត និងស្វែងយល់អំពីការបង្ហាញខ្លួនរបស់ពពួក UAP ឬ UFO នោះទៅមុខទៀត ដើម្បីរកឲ្យឃើញនូវ «ការពិត»។ ការធ្វើបែបនេះ មិនមែនដើម្បីបំពេញតាមការចង់បានរបស់មហាជន ដែលត្រឹមចង់ដឹងថាពួកគេជាជីវិត ឬបច្ចេកវិទ្យាមកពីភពផ្សេងមែនដែរឬទេ ឬមួយក៏ដើម្បីតែទទួលបានចម្លើយថា ទាំងនោះជាអ្វីឲ្យប្រាកដតែមួយមុខនោះឡើយ។ សម្រាប់បញ្ហាប្រឈមជាក់ស្តែងនៅពេលនេះគឺ ការបង្ហាញវត្តមានរបស់ UAP ពិតជាកំពុងបង្កក្តីព្រួយបារម្ភកាន់ខ្លាំងឡើង អំពីសុវត្ថិភាពនៃផ្ទៃមេឃភពផែនដី ជាពិសេសនៅសហរដ្ឋអាមេរិកផ្ទាល់ ដែលមានសេចក្តីរាយការណ៍ច្រើនជាងគេអំពីបាតុភូត UAP នេះ ដូច្នេះគេមិនអាចទុកឲ្យវាបន្តកើតឡើង ដោយគ្មានវិធានការទប់ទល់នោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner