២៣៤ឆ្នាំមុន តារាវិទូអង់គ្លេសរកឃើញព្រះចន្ទ «Death Star» របស់ភពសៅរ៍ (Saturn)
(បរទេស)៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៧៨៩ (២៣៤ឆ្នាំមុន) តារាវិទូជនជាតិអង់គ្លេសមួយរូបឈ្មោះ William Herschel បានរកឃើញព្រះចន្ទ មីម៉ាស (Mimas) របស់ភពសៅរ៍ (Saturn) ហើយក្រោយយានអវកាស Cassini របស់ NASA ផ្តិតបានរូបភាពរបស់ព្រះចន្ទនេះកាលពីឆ្នាំ២០១០ គេបានឃើញវាមានរណ្តៅចម្លែកមួយដ៏ធំ និងរូបរាងព្រះចន្ទនេះទាំងមូលប្រៀបបីដូចជា យានអវកាស «Death Star» នៅក្នុងខ្សែភាពយន្ត «Star Wars» ទៀតនោះ ទើបក្រុមអ្នកវិទ្យាសាស្ត្របានដាក់រហស្សនាមមួយទៀតឲ្យ Mimas ថា «ព្រះចន្ទ Death Star» តែម្តង។

ជាការពិតណាស់ លោក Herschel ត្រូវបានគេដឹងថា ជាតារាវិទូដែលចូលចិត្តច្នៃ តេឡេស្កូបអង្កេតផ្ទៃមេឃ ដើម្បីរកមើលវត្ថុគួរឲ្យចាប់អារម្មណ៍នានាដូចជា ការរកឃើញភពអ៊ុយរ៉ានុស (Uranus) ដោយលោកផ្ទាល់នៅឆ្នាំ១៧៨១ ព្រមទាំងព្រះចន្ទតូចៗនៅជុំវិញភពព្រហស្បតិ៍ (Jupiter) និងសៅរ៍ជាដើម។ តែមួយរយៈខ្លីប៉ុណ្ណោះបន្ទាប់ពីលោកបានច្នៃបង្កើត តេឡេស្កូបចំណាំងផ្លាតមួយមានឈ្មោះថា Herschelian telescope លោកក៏បានប្រទះឃើញព្រះចន្ទ Mimas គោចរជុំវិញភពសៅរ៍តែម្តង។

គួរបញ្ជាក់ថា ព្រះចន្ទ Mimas មានអង្កត់ផ្ចិតជិត ៤០០គីឡូម៉ែត្រ និងគោចរក្នុងគម្លាតជាមធ្យម ១៨៥,៥២០គីឡូម៉ែត្រពីភពសៅរ៍។ ព្រះចន្ទនេះក៏ត្រូវបានគេរកឃើញថា ជាវត្ថុអវកាសតូចបំផុតមួយ ដែលអាចមានកម្លាំងទំនាញផ្ទាល់ខ្លួនវាផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣)
