ផ្កាយភ្លោះ៣ដ៏ស្មុគស្មាញ មានភព១ស្ថិតក្នុងនោះ! តេឡេស្កូប VLT ថតរូបភាពដោយផ្ទាល់ (មានវីដេអូ)

327

(បរទេស)៖ តេឡេស្កូប VLT (The Very Large Telescope) របស់អង្គការអឺរ៉ុប ESO ដែលមានមូលដ្ឋាននៅក្នុងប្រទេសឈីលី (Chile) បានធ្វើការផ្តិតរូបភាពដោយផ្ទាល់ ចំពោះភពយក្ស ១ ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះ ៣ ដ៏ស្មុគស្មាញ និងមានចម្ងាយខ្ទង់ ៤៨០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

Exoplanet (ភពនៅប្រព័ន្ធផ្កាយដទៃ) ខាងលើនេះ មានម៉ាស់ស្មើនឹង ១៥ដង នៃម៉ាសរបស់ភពព្រហស្បតិ៍ (Jupiter) យើង ហើយភពយក្សនេះគោចរជុំវិញផ្កាយតូចមួយ ដែលផ្កាយតូចនេះគោចរជុំវិញផ្កាយធំមួយ។ នៅក្នុងគន្លងគោចរជុំវិញផ្កាយធំនោះក៏មាន ផ្កាយតូចពណ៌ត្នោត (brown dwarf) ឬយើងអាចហៅថា ផ្កាយបរាជ័យ (failed star) ផងដែរ។ (លោកអ្នកអាចស្វែងយល់បន្ថែម តាមរយៈរូបភាពខាងក្រោមនេះ)

ផ្កាយភ្លោះ៣ដ៏ស្មុគស្មាញ មានភព១ស្ថិតក្នុងនោះ! តេឡេស្កូប VLT ថតរូបភាពដោយផ្ទាល់ (មានវីដេអូ)
ប្រព័ន្ធផ្កាយភ្លោះ ៣ HIP 81208 (រូបភាពពី ESO/VLT)

ប្រព័ន្ធផ្កាយភ្លោះខាងលើនេះមានឈ្មោះថា HIP 81208 ហើយវាត្រូវបានក្រុមតារាវិទូរកឃើញ និងតាមដានជាយូរមកហើយ ប៉ុន្តែការរកឃើញភព Exoplanet មួយ គោចរជុំវិញផ្កាយតូច ១ ទៀត ដែលកំពុងគោចរជុំវិញផ្កាយធំបែបនោះ ពិតជាធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តេឡេស្កូប VLT នៅឈីលី (រូបភាពពី ESO)

ភពដែលទើបត្រូវបានរកឃើញថ្មី ឬយើងអាចហៅថា HIP 81208 Cb មួយនេះ ​មានម៉ាស់ និងទំហំធំណាស់ បើធៀបនឹងភពទូទៅ ដូច្នេះយើងអាចហៅវាថា «brown dwarf» ឬផ្កាយតូចពណ៌ត្នោតបាន គ្រាន់តែបើយើងហៅបែបនេះ HIP 81208 ក៏នឹងប្រែទៅជាប្រព័ន្ធផ្កាយភ្លោះ វិញដែរ។ ការសម្លឹងមើលដោយផ្ទាល់ចំពោះប្រព័ន្ធនេះ នឹងជួយឲ្យក្រុមតារាវិទូយល់ដឹងកាន់តែច្បាស់ អំពីប្រព័ន្ធផ្កាយបែបស្មុគស្មាញជាច្រើនទៀត ដែលពួកគេកំពុងអង្កេត និងសិក្សាផងដែរ។

Brown Dwarf គោចរជុំវិញផ្កាយ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ជំពូក Brown Dwarf ឬផ្កាយបរាជ័យនេះ ត្រូវបានរកឃើញកាន់តែច្រើន នៅក្នុងកាឡាក់ស៊ី Milky Way យើង ហើយវាពិតណាស់ត្រូវបានចាត់បញ្ចូលជា ប្រភេទនៃវត្ថុអវកាសថ្មីខុសពីផ្កាយ និងភព។ បើនិយាយឲ្យងាយយល់ Brown Dwarf មានម៉ាស់ និងមាឌតូចពេក ដែលមិនអាចឲ្យវាបង្កើតប្រតិកម្មនុយក្លេអ៊ែរគ្រប់គ្រាន់ នៅក្នុងស្នូល ដើម្បីវិវត្តខ្លួនទៅជាផ្កាយ (Star) ពេញលេញបាន ប៉ុន្តែទំហំរបស់វានៅតែធំជ្រុលពេក ដែលមិនអាចត្រូវចាត់ទុកជាភព (Planet)។ ដូច្នេះវាត្រូវស្ថិតនៅចន្លោះរវាងភាពជាផ្កាយ និងភពនោះឯង៕

ការបែងចែកប្រភេទ និងកម្រិតទំហំរវាងអ្វីទៅជាភព (Planet), ផ្កាយតូចពណ៌ត្នោត (Brown Dwarf) និងផ្កាយ (Star) (រូបភាពពី EarthSky.org)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESO (ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner