ចេញលទ្ធផលបណ្តើរៗហើយ ក្រោយសាកសពអេលៀនទាំង ២ ចូលបន្ទប់ពិសោធន៍ (មានវីដេអូ)

6,328

(បរទេស)៖ កាលពីសប្តាហ៍មុន ប្រទេសម៉ិកស៊ិកបានបើកសវនាការស្តាប់ ការផ្តល់សក្ខីកម្មនៅក្នុងសភាជាតិលើកដំបូងរបស់ខ្លួន លើប្រធានបទនៃជីវិតក្រៅភព ឬអេលៀន (Alien) ពីសំណាក់ក្រុមអ្នកស៊ើបអង្កេត និងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ដឹកនាំដោយអ្នកកាសែតជើងចាស់ម៉ិកស៊ិក លោក ហេម ម៉សសាន់ (Jaime Maussan) ហើយដែលបាននិងកំពុងបង្កអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង នៅមុនមួយថ្ងៃប៉ុណ្ណោះនៃការចេញរបាយការណ៍ដំបូងរបស់ អង្គការ NASA នៃសហរដ្ឋអាមេរិកអំពី UAP ឬ UFO

ការបង្ហាញសាកសព (មុំាមី) ២ ដែលគេអះអាងថាអាចជា Alien នៅក្នុងសភាម៉ិកស៊ិក (រូបភាពពីបរទេស)

លោក Maussan ដែលអះអាងខ្លួនឯងថា ជាអ្នកជំនាញខាងតាមដានរក វត្តមាននៃជីវិតក្រៅភព និង UFO ឬតែងតែចូលចិត្តសួរសំណួរមួយថា «តើមនុស្សពិតជាមានតែឯង នៅក្នុងសកលលោកនេះឬ?» បាននាំយកនូវអ្វីដែលរូបលោកអះអាងថា អាចជាសាកសពរបស់ «ជីវិតមកពីភពផ្សេង (Alien)» ដែលមានអាយុកាលចាប់ពី ៧០០ឆ្នាំ ទៅដល់ ១,០០០ឆ្នាំ មកពីក្នុងអណ្តូងរ៉ែក្រោមវាលខ្សាច់ Cusco នៃតំបន់ Nazca ដ៏ល្បីល្បាញរបស់ប្រទេសប៉េរូ។ ទស្សនាឡើងវិញនៅព្រឹត្តិការណ៍ក្នុងសភាម៉ិកស៊ិកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣៖

ទោះបីជាព្រឹត្តិការណ៍នៅក្នុងសភាម៉ិកស៊ិកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានគេប្រៀបប្រដូចទៅនឹង ព្រឹត្តិការណ៍ស្រដៀងគ្នា និងរៀបចំដោយលោក Jaime Maussan ដូចគ្នានៅក្នុងសភាប៉េរូ កាលពីឆ្នាំ២០១៧ក្តី ក៏គ្រប់គ្នាមិនអាចធ្វើការសរុបសេចក្តីថា សាកសពទាំងនេះជាការកែច្នៃចេញពីសំណាកមនុស្ស សត្វ និងរុក្ខជាតិ ដូចកាលពីក្រុមស៊ើបអង្កេតនៃសភាប៉េរូ បានរកឃើញកាលពីឆ្នាំ ២០១៧ នោះឡើយ។

ការបង្ហាញសាកសព (មុំាមី) ២ ដែលគេអះអាងថាអាចជា Alien នៅក្នុងសភាម៉ិកស៊ិក (រូបភាពពីបរទេស)

ហេតុដូច្នេះ ១សប្តាហ៍ក្រោយព្រឹត្តិការណ៍កើតឡើងក្នុងសភាម៉ិកស៊ិក ក្រុមអ្នកវិទ្យាសាស្ត្រក្នុងមន្ទីរពិសោធន៍មួយ នៃរដ្ឋធានី Mexico City បានចាប់ផ្តើមការពិសោធន៍រួមគ្នាមួយ លើអ្វីដែលគេអះអាងថា ជាសាកសព (មុំាមី) អេលៀនទាំង ២ ដើម្បីស្វែងរកការពិត ហើយលទ្ធផលនៃការធ្វើតេស្តបឋមនោះ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

សាកសព១ក្នុងចំណោម២ដែលគេអះអាងថាអាចជា Alien (រូបភាពពីបរទេស)

យោងតាមលោក Jose de Jesus Zalce Benitez នាយកវិទ្យាស្ថានសុខាភិបាល នៃកងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ដែលទទួលបន្ទុកក្នុងការពិសោធន៍ខាងលើនេះ បានលើកឡើងថា ការសិក្សាចំនួន ៣តំណាក់កាល ត្រូវបានរៀបចំឡើងដើម្បីស្រាវជ្រាវលើរចនាសម្ព័ន្ធរបស់រូបរាងកាយទាំង នោះ។ បើតាមលោក Zalce សាកសពដែលគេអះអាងថា ជាអេលៀនទាំង ២នោះ «កើតចេញពីគ្រោងឆ្អឹងតែមួយប៉ុណ្ណោះ…»។ លោក Zalce បានសង្កត់ធ្ងន់បែបនេះថា «មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា គ្រោងឆ្អឹងទាំង ២ នេះត្រូវបានផ្គុំឡើង ឬក៏ធ្វើការកែច្នៃអ្វីបន្ថែមពីលើនោះឡើយ…»។

សម្រាប់ក្រុមអ្នកសារព័ត៌មាន ឬអ្នកតាមដានទាំងឡាយ ការអះអាងជាបឋមរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅម៉ិកស៊ិក ហាក់មិនទាន់ឲ្យពួកគេយល់ដឹងអ្វីជាក់លាក់នៅឡើយទេ។ ហេតុដូច្នេះពួកគេនៅតែបន្តរង់ចាំចម្លើយបន្ថែមទៀតនៅថ្ងៃមុខ។ យ៉ាងណាក៏ដោយ ការអះអាងរបស់លោក Zalce ខាងលើនេះបានបញ្ជាក់ន័យខ្លះៗរួចទៅហើយថា សាកសពដែលគេសង្ស័យថាជា Alien ទាំងនោះ មិនមែនត្រូវបានបង្កើតឡើងដោយមនុស្ស ដូចករណីនៅប្រទេសប៉េរូនោះឡើយ។

ចេញលទ្ធផលបណ្តើរៗហើយ ក្រោយសាកសពអេលៀនទាំង ២ ចូលបន្ទប់ពិសោធន៍ (មានវីដេអូ)
ការពិសោធន៍សាកសពដែលគេអះអាងថាអាចជា Alien នៅម៉ិកស៊ិក (រូបភាពពីបរទេស)

រំលឹកទៅដល់ព្រឹត្តិការណ៍ក្នុងសភាប៉េរូកាលពីឆ្នាំ២០១៧ ដែលរៀបចំឡើងដោយលោក Maussan ដែរនោះ ក្រុមស៊ើបអង្កេតនៃសភាប៉េរូ និងអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្វីដែលលោក Maussan បានអះអាងថា អាចជាសាកសពជីវិតមកពីភពផ្សេងនោះ ត្រូវបានគេរកឃើញថា «ជាការផលិតឡើងថ្មីៗនោះប៉ុណ្ណោះ»។ របាយការណ៍ប៉េរូកាលណោះបានគូសបញ្ជាក់ថា «នោះជាការផ្សំផ្គុំឡើងរវាងឆ្អឹងមនុស្ស និងសត្វ តាមរយៈការប្រើជ័រកាវម្យ៉ាង… ហើយគ្រោងឆ្អឹងទាំងនោះត្រូវបានស្រោបពីលើដោយ វត្ថុធាតុផ្សំដូចជាកាកសសៃរុក្ខជាតិ និងជ័រកាវម្យ៉ាង ដើម្បីឲ្យមើលទៅដូចជាស្បែក…»។

ការពិសោធន៍សាកសពដែលគេអះអាងថាអាចជា Alien នៅម៉ិកស៊ិក (រូបភាពពីបរទេស)

ទោះជាយ៉ាងណា គ្រប់គ្នាមិនទាន់អាចសន្មត់ថា ទាំងនោះជាភាពក្លែងក្លាយជាថ្មីតែម្តងនោះឡើយ។ ការស៊ើបអង្កេតដោយ ក្រុមអ្នកជំនាញម៉ិកស៊ិកកំពុងតែបន្តនៅឡើយ ហើយយើងនឹងដឹងចម្លើយក្នុងពេលឆាប់ៗខាងមុខ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC/Euronews (ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner