BREAKING៖ ទីបំផុតសំណាកអាចម៍ផ្កាយ Bennu ចុះមកដល់ផែនដី ខណៈយាន OSIRIS បន្តដំណើរទៅរក Apophis!

1,447

(អាមេរិក)៖ រយៈពេល ៥ម៉ោងក្រោយការផ្តាច់ខ្លួនចេញពីយាន អូសាយរីស-រិច (OSIRIS-REx) ប្រអប់ (capsule) ដែលមានស្តុកសំណាកអាចម៍ផ្កាយ Bennu នៅក្នុងនោះ បានបុកទម្លុះបរិយាកាសផែនដី និងទម្លាក់ខ្លួនចុះមកតាមឆ័ត្រយោងមកលើវាលខ្សាច់មួយនៃរដ្ឋ យូតាហ៍ (Utah) សហរដ្ឋអាមេរិកហើយ នៅកំលុងម៉ោង ៩៖៥០នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ១០៖៥០នាទីព្រឹកថ្ងៃដដែល (ម៉ោងនៅសហរដ្ឋអាមេរិក)។ ទស្សនាការ Live ផ្ទាល់របស់ NASA ខាងក្រោមនេះ៖

ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករអង្គការ NASA បានស្ថិតនៅទីនោះផ្ទាល់ ដើម្បីត្រៀមទទួលស្វាគមន៍ គំរូតាង ឬសំណាក (sample) អាចម៍ផ្កាយ ប៊ែននូ (Bennu) ដែលបានធ្វើដំណើររយៈពេលជាង ២ឆ្នាំ ទើបមកដល់ផែនដី (គិតចាប់តាំងពីការចាកចេញពី Bennu នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១)។ នៅមុនការមកដល់នៃ sample របស់ Bennu ក្រុមការងារ NASA ក៏បានរៀបចំលំហាត់ហ្វឹកហ្វឺន ដើម្បីត្រៀមទទួល sample នេះកាលពីប៉ុន្មានសប្តាហ៍មុនរួចមកហើយដែរ។

sample ត្រូវបានទម្លាក់លើវាលខ្សាច់រដ្ឋ Utah (រូបភាពពី NASA)

បេសកកម្ម OSIRIS-REx ត្រូវបានបាញ់បញ្ជូនចេញពីរដ្ឋ ផ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ និងបានទៅដល់ Bennu នៅដើមខែធ្នូ ឆ្នាំ២០១៨ ខណៈការជីកយកគំរូតាងទម្ងន់រហូតដល់ ​«២៥០ក្រាម» (លើសពីផែនការដើម) ត្រូវបានធ្វើឡើងតែរយៈពេល ៥វិនាទីប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ហើយក្រោយពីបានរៀបចំទុកដាក់ sample រួចរាល់ OSIRIS-REx ក៏បន្តអង្កេត Bennu ជាងកន្លះឆ្នាំទៀត មុននឹងរំដោះខ្លួនវាចេញពីគន្លងជុំវិញអាចម៍ផ្កាយ ដែលមានអង្កត់ផ្ចិតជាង ៥០០ម៉ែត្រនោះ ដើម្បីត្រលប់មកផែនដីវិញ កាលពីដើមខែឧសភា ឆ្នាំ២០២១។

BREAKING៖ ទីបំផុតសំណាកអាចម៍ផ្កាយ Bennu ចុះមកដល់ផែនដី ខណៈយាន OSIRIS បន្តដំណើរទៅរក Apophis!
sample មកដល់ដីជាស្ថាពរ (រូបភាពពី NASA)

គួរបញ្ជាក់ថា ក្រោយតែរយៈពេល ២០នាទីប៉ុណ្ណោះដែល OSIRIS-REx បានផ្តាច់ sample ចេញពីខ្លួនវា យាននេះបានប្តូរឈ្មោះទៅជា OSIRIS-APEX ដើម្បីធ្វើដំណើរបន្តទៅរកអាចម៍ផ្កាយ អាផូហ្វីស (Apophis) ដែលជាអាចម៍ផ្កាយត្រូវបានគេរំពឹងថា នឹងហោះមកកៀកជាង ១០ដង នៃគម្លាតរវាងផែនដី និងព្រះចន្ទនៅឆ្នាំ២០២៩។ គោលដៅរបស់ OSIRIS-APEX គឺសិក្សាអំពីឥទ្ធិពលនៃគន្លងគោចរ Apophis, ល្បឿននៃរង្វិលខ្ញាល់ និងសណ្ឋានផ្ទៃស្រទាប់លើ ក្រោយពីអាចម៍ផ្កាយនេះ គោចរមកកៀកផែនដីរួចរាល់នៅឆ្នាំ២០២៩។

ដំណាក់កាលដែល Sample ត្រូវបានទម្លាក់មកលើផែនដី (រូបភាពពី NASA)

បេសកកម្ម OSIRIS-REx របស់ NASA នេះក៏មានដៃគូអន្តរជាតិ ចូលរួមសហការជាមួយផងដែរ នោះគឺអង្គការអវកាសកាណាដា (CSA) តាមរយៈឧបករណ៍ឡាស៊ែរបំពាក់លើយាន OSIRIS-REx (Laser Altimeter instrument) និងអង្គការអវកាសជប៉ុន (JAXA)។ ការចំណាយរហូតដល់ទៅ ១.១ពាន់លានដុល្លារអាមេរិក ទៅលើបេសកកម្ម OSIRIS-REx គឺព្រោះតែអង្គការ NASA មានការសង្ស័យថា អាចម៍ផ្កាយវ័យចំណាស់មានអង្កត់ផ្ចិតជាង ៥០០ម៉ែត្រដូចជា Bennu នោះ អាចមានផ្ទុកម៉ូលេគុលនានា ដែលមានក្នុងជីវិតដំបូងៗ ដែលបានកកើតលើភពផែនដី ហើយការស្រាវជ្រាវរកប្រភពដើមនៃជីវិតលើផែនដីនេះ តែងតែជាគោលដៅស្នូលនៃក្រុមអ្នកវិទ្យាសាស្ត្រ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner