កុំភ្លេចទស្សនាការ Live! ព្រឹត្តិការណ៍ «សូរ្យគ្រាស» អូសកាត់២ទ្វីប នឹងកើតឡើងនៅថ្ងៃ ១៤ តុលា (មានវីដេអូ)

1,122

(អាមេរិក)៖ នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍សូរ្យគ្រាសចិញ្ចៀនភ្លើង ឬកងភ្លើងដ៏កម្រ (Annular Solar Eclipse) នឹងកើតឡើងពីលើទឹកដីសហរដ្ឋអាមេរិក ដោយតំបន់ជាច្រើននឹងអាចមើលឃើញពេញលេញ (១០០%) តែម្តង នូវបាតុភូតដែលនឹងកើតឡើង នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីម៉ោង ៩៖១៣នាទីព្រឹក ម៉ោងនៅរដ្ឋ Oregon ភាគពាយ័ព្យសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ១១៖១៣នាទីយប់ថ្ងៃដដែលម៉ោងនៅកម្ពុជា) រួចនឹងបិទបញ្ចប់ទៅវិញនៅម៉ោង ១២៖០៣នាទីថ្ងៃត្រង់ ម៉ោងនៅរដ្ឋ Texas (ត្រូវនឹងម៉ោង ១២៖០៣នាទីអធ្រាត្រ ម៉ោងនៅកម្ពុជា)

  • តើអ្វីទៅជា Annular Solar Eclipse ឬ Eclipse Ring of Fire?

ជាសូរ្យគ្រាសដែលកើតឡើងនៅពេលដែល ព្រះចន្ទស្ថិតនៅចម្ងាយឆ្ងាយពីផែនដី ជាងកម្រិតមធ្យម (ចម្ងាយរវាងព្រះចន្ទ និងផែនដីជាមធ្យមគឺ ៣៨៤,៤០០គីឡូម៉ែត្រ) ឬយើងតែងហៅថា moon’s apogee ដែលព្រះចន្ទតែងមានគម្លាតពីផែនដីលើស ៤០០,០០០គីឡូម៉ែត្រ។ នេះជាហេតុដែលនាំឲ្យព្រះចន្ទមិនអាច បិទបាំងពន្លឺព្រះអាទិត្យអស់ នៅពេលព្រឹត្តិការណ៍សូរ្យគ្រាសពេញលេញកើតឡើង។ យើងនឹងឃើញតំបន់រាងមូលខ្មៅនៅចំកណ្តាលព្រះអាទិត្យ ហើយមានកងភ្លើងព័ទ្ធជុំវិញ ដែលបាតុភូតបែបនោះហើយគឺជា Annular Solar Eclipse

ទិដ្ឋភាពសូរ្យគ្រាសចិញ្ចៀនភ្លើង (រូបភាពពីបរទេស)

យោងតាមផែនទីដែលត្រូវបានបង្ហាញចេញ បាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើងពេញលេញ នឹងចាប់ផ្តើមដាលដំបូងគេពីលើរដ្ឋ អូរ៉េហ្គន (Oregon) ភាគពាយ័ព្យ សហរដ្ឋអាមេរិក ឆ្លងកាត់មកចំកណ្តាលរដ្ឋ ណេវ៉ាដា (Nevada) និងបន្ទាប់មកគឺរដ្ឋ យូតាហ៍ (Utah) ហើយក៏បន្តមកកាត់តាមជាយរដ្ឋ ខូឡូរ៉ាដូ (Colorado) និងអារីហ្សូណា (Arizona) ព្រមទាំងកាត់មកចំកណ្តាលរដ្ឋ ញូម៉ិកស៊ីកូ (New Mexico) រួចក៏បញ្ចប់នៅត្រឹមរដ្ឋ តិចសាស់ (Texas) ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក។

(Credit: Times and Date)

មិនទាន់ចប់នោះទេ, សូរ្យគ្រាសពេញលេញបែបកងភ្លើងនេះ នឹងបន្តអូសកាត់ឈូងសមុទ្រម៉ិកស៊ិក រួចបន្តដំណើរកាត់ជ្រោយ យូកាតាន់ (Yucatan) របស់ម៉ិកស៊ិក រួមទាំងប្រទេសបេលីស (Belize), ហុងឌួរ៉ាស (Honduras), នីការ៉ាហ្គ័រ (Nicaragua) និងប៉ាណាម៉ា (Panama) ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល ខណៈប្រទេស កូស្តា រីកា (Costa Rica) ដែលស្ថិតនៅតំបន់នោះដែរ នឹងអាចមើលឃើញស្ទើរតែពេញលេញ។

សម្រាប់ប្រទេសនៅទ្វីបអាមេរិកខាងត្បូងវិញ Annular Solar Eclipse នឹងអូសកាត់ស្ទើរតែចំកណ្តាលប្រទេស កូឡុំប៊ី (Columbia) ខណៈប្រទេសប្រេស៊ីល (Brazil) វិញ សូរ្យគ្រាសនឹងអូសកាត់ចំភាគខាងជើងពេញតែម្តង ហើយបើមើលទៅលើផែនទី គឺចំលើតំបន់ព្រៃអាម៉ាហ្សូន (Amazon)

(Credit: Time and Date)

គួរបញ្ជាក់ថា ខាងលើនេះ គឺជាព្រឹត្តិការណ៍សូរ្យគ្រាសចិញ្ចៀនភ្លើង ដែលនឹងកើតឡើងលើតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ហេតុដូច្នេះប្រទេសកម្ពុជាយើងដែលស្ថិតនៅទ្វីបអាស៊ី អាចទស្សនាបានតាមរយៈការ Live ដែលត្រូវនឹងចាប់ផ្តើមនៅម៉ោង ១១៖១៣នាទីយប់ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅប្រទេសកម្ពុជា)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Time and Date (ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣)

480×240 Banner