James Webb ផ្តិតរូបភាពតំបន់ក្បែរ «ផ្កាយយាមនង្គ័ល» និងរកឃើញភពតែលតោល (មានវីដេអូ)

742

(បរទេស)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA ESA និង CSA ទើបតែបានផ្តិតយក និងបង្កើតរូបផ្គុំដ៏អស្ចារ្យចំនួន ២សន្លឹករបស់ នីប៊ូឡា អូរ៉ាយអិន (Orion Nebula) ឬដែលយើងតែងចាប់អារម្មណ៍ជានិច្ច តាមរយៈវត្តមាននៃក្រុមផ្កាយយាមនង្គ័ល (តារាស្តេចទាំង ៣) ដែលតែងតែបង្ហាញវត្តមាន រៀងរាល់រាត្រីលើផ្ទៃមេឃភពផែនដីត្រង់ តារានិករអូរ៉ាយអិន (Orion Constellation) នោះ។

រូបផ្តុំទាំង សន្លឹកថ្មីនេះ ត្រូវបានបង្កើតឡើងដោយរូបភាពសរុបជាង ៣,០០០សន្លឹកឯណោះ ដើម្បីបង្កើតចេញជារូបភាពគុណភាពខ្ពស់ លម្អិត និងទូលំទូលាយទៅលើ Orion Nebula ដែលមានចម្ងាយ ១,៣៤៤ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងត្រូវបានក្រុមតារាវិទូរកឃើញថា ស្ថិតក្នុងចំណោមតំបន់រោងចក្រផលិតផ្កាយ ដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើងបំផុតនោះ។

James Webb ផ្តិតរូបភាពតំបន់ក្បែរ «ផ្កាយយាមនង្គ័ល» និងរកឃើញភពតែលតោល (មានវីដេអូ)
Orion Nebula ថតក្នុងប្រវែងរលកវែង (long-wavelength) ដោយកាមេរ៉ា NIRCam របស់ Webb (Image credit: NASA, ESA, CSA / Science leads and image processing: M. McCaughrean, S. Pearson, CC BY-SA 3.0 IGO)

ដោយឡែក, ក្រុមការងារ ESA ក៏បានដាក់បញ្ចូលរូបភាពថ្មីៗនេះ ទៅកាន់កម្មវិធី ESASky app របស់ខ្លួនផងដែរ ដើម្បីឲ្យសាធារណជនទាំងឡាយ បានយល់ដឹងបន្ថែមអំពី Orion Nebula ក្រោមស្នាដៃផ្តិតរូបភាពដោយកាមេរ៉ា NIRCam របស់ James WebbESASky app ជាកម្មវិធីដែលពោពេញដោយរូបភាពពិសេសៗនៃកាឡាក់ស៊ី និងចក្រវាលប្រកបដោយភាពលម្អិត ដែលត្រូវបានផ្តិតយកដោយតេឡេស្កូបអវកាស James Webb និង Hubble ដែលមហាជនទូទៅងាយចូលទៅទស្សនាបានដោយសេរី។

សម្រាប់ Orion Nebula ដ៏ល្បីល្បាញខាងលើនេះ គឺជាទីតាំងមួយស្ថិតនៅចំពោះមុខយើង ដែលសម្បូរទៅដោយផ្កាយកំពុងចាប់កំណើត នៅក្នុងបណ្តុំពពកធូលី និងឧស្ម័ន ខណៈក្រុមតារាវិទូបានគណនាថា យ៉ាងហោចណាស់មានផ្កាយក្មេងសរុប ២,៨០០ដួង កំពុងតែរីកលូតលាស់នៅក្នុងនីប៊ូឡាមួយនេះ។ ការប្រើប្រាស់ កាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) របស់ James Webb នឹងអនុញ្ញាតឲ្យក្រុមតារាវិទូ មើលឃើញយ៉ាងច្បាស់នូវបន្ទះឌីសនៃពពកធូលី និងឧស្ម័ន ដែលជាភស្តុតាងជាក់ស្តែងនៃតារាកំពុងចាប់កំណើត (protostars) ព្រមទាំងភពកំពុងប្រមូលផ្តុំរូបរាង (protoplanets) នៅក្នុងពេលជាមួយគ្នា។

Orion Nebula ថតក្នុងប្រវែងរលកខ្លី (short-wavelength) ដោយកាមេរ៉ា NIRCam របស់ Webb (Image credit: NASA, ESA, CSA / Science leads and image processing: M. McCaughrean, S. Pearson, CC BY-SA 3.0 IGO)

សម្រាប់ Orion Nebula នេះស្ទើរតែអាចឲ្យយើងមើលឃើញ ដោយភ្នែកទទេនៅរដូវរំហើយ ពេញរាត្រី ដោយវាស្ថិតនៅពីក្រោមក្រុមតារាយាមនង្គ័លតែបន្តិចប៉ុណ្ណោះ។ Orion Nebula អាចមានពន្លឺទៅបាន គឺដោយសារតែវត្តមានរបស់កញ្ចុំផ្កាយ ត្រាផេសៀម (Trapezium Cluster) ដែលស្ថិតនៅក្បែរវា។ កញ្ចុំផ្កាយ Trapezium ត្រូវបានដាក់ឈ្មោះបែបនេះ គឺដោយសារតែភាពលេចធ្លោជាងគេនៃផ្កាយចំនួន ៤ដួង នៅក្នុងនោះ ដោយផ្កាយនីមួយៗមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើងចាប់ពី ១៥ – ៣០ដងឯណោះ ប៉ុន្តែអាយុរបស់ពួកគេ គឺខ្លីៗណាស់ ដោយក្រុមតារាវិទូបានអះអាងថា ផ្កាយនានានៅក្នុងកញ្ចុំ Trapezium នោះអាចមានវត្តមានតែ ២ ទៅ ៣លានឆ្នាំប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជីវិតពួកវាវិញហើយ តាមរយៈបន្ទុះស៊ូពើណូវ៉ា (Supernova)

Orion Nebula ថតដោយ Hubble (រូបភាពពី NASA/ESA)

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍អំពី Trapezium Cluster នោះគឺភពតែលតោល (rogue planet ឬ free floating planet)។ ផ្កាយមានឥទ្ធិពលខ្សោយយ៉ាងហោចណាស់ជាង ១,០០០ដួង កំពុងមានវត្តមានក្នុងកញ្ចុំផ្កាយ Trapezium ដោយផ្កាយខ្លះមានបន្ទះឌីសធូលី-ឧស្ម័ន កំពុងគោចរជុំវិញពួកវា ហើយទាំងនោះគឺសុទ្ធសឹងជាភពកំពុងចាប់កំណើត (protoplanetary disks)។ ឥលូវនេះឥទ្ធិពលនៃផ្កាយកញ្ច្រោលមួយចំនួន កំពុងតែរុញច្រានធូលី និងឧស្ម័ន ចេញពីបន្ទះឌីសនៃភពកំពុងចាប់កំណើត និងផ្កាយខ្សោយៗទាំងនោះហើយ។

ផ្កាយគោលទាំង ៤ នៃ Trapezium Cluster ដែលបំភ្លឺ Orion Nebula (រូបភាពពី NASA/ESA)

មិនមែនភពទាំងអស់ដែលចាប់កំណើតក្នុង Trapezium Cluster សុទ្ធតែមានឪពុកម្តាយ (ផ្កាយមេ) នោះឡើយ ហើយក្នុងរូបភាពថ្មីៗរបស់ James Webb នេះ ក្រុមតារាវិទូបានរកឃើញភពតែតោលរហូតដល់ទៅ ៤០គូឯណោះ ដែលសុទ្ធសឹងតែជាភពឧស្ម័នយក្សក្មេងៗ ឬយើងអាចឲ្យរហស្សនាមមួយទៀតថា ភពព្រហស្បតិ៍ភ្លោះ (Jupiter Mass Binary Objects ឬ JuMBOs)។ ភាពចម្លែកនេះ កំពុងស្ថិតនៅក្នុងការសិក្សាបន្តទៅមុខទៀត។

រូបតំណាងនៃភពតែលតោល ឬ Rogue Planet (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការរកឃើញភពតែលតោលក្នុង Orion Nebula គឺមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែការរកឃើញភពប្រភេទនេះ ក្នុងលក្ខណៈជាគូៗបែបនេះ គឺជារឿងចម្លែកមិនធ្លាប់មាន។ ក្រុមតារាវិទូបានបញ្ជាឲ្យកាមេរ៉ា NIRCam របស់ James Webb ផ្តិតរូបភាពរាប់ពាន់សន្លឹក និងក្នុងរលកប្រវែងចាប់ពីកម្រិតវែងដល់កម្រិតខ្លី ដើម្បីយល់ដឹងឲ្យបានស៊ីជម្រៅគ្រប់តំបន់របស់ Orion Nebula និង Trapezium Cluster នោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣)

480×240 Banner